rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា គណបក្សនយោបាយ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ស្រ្តី​ជា​អតីត​ប្រធាន​គណ​បក្ស​មួយ​ត្រូវ​បាន​ចាប់​ខ្លួន​ក្រោម​ការ​ចោទ​ប្រកាន់​រំ​ដោះ​អ្នក​ទោស​នៅ​ខេត្ត​ព្រះ​វិហារ​

media
លោកស្រី សុខរ័ត្ន សុវណ្ណបញ្ចៈសីលា និងសហការី @ Soung Sophorn

លោក​ស្រី ​សុខរ័ត្ន​ សុវណ្ណ​បញ្ចៈ​សីលា ​អតីត​​ប្រធាន​​គណ​​បក្ស​​សាធា​រណ​រដ្ឋ​ប្រ​ជា​ធិប​តេយ្យ ​ដែល​ជា​សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់​ ត្រូវ​បាន​សមត្ថ​កិច្ច​ខេត្ត​ព្រះ​​វិហារ​ចាប់​វាយ​ខ្នោះ ​ជាមួយ​នឹង​​សហកា​រី​របស់​​លោក​ស្រី ​ម្នាក់​ទៀត​។​ ការ​ចាប់​ខ្លួន​អតីត​ប្រធាន​គណបក្ស​ដែល​មិនជា​ប់​ឆ្នោត​រូប​នេះ ​ដោយ​អាជ្ញាធរ​ខេត្ត​ព្រះ​វិហារ​ចោទ​ប្រកាន់​ថា ​ប៉ុនប៉ង​រំដោះ​អ្នក​ជាប់​ឃុំ​ចំនួន​១៤​នាក់​ចេញ​ពី​ពន្ធនា​គារ​ ដែល​អ្នក​ទាំង​នោះ​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​កាន់​កាប់​ទន្ទ្រាន​យក​ដី​របស់​រដ្ឋ​ នៅ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​គូលែន​ព្រហ្ម​ទេព​។​


ការចាប់ខ្លួនលោកស្រី សុខរ័ត្ន សុវណ្ណបញ្ចៈសីលា អតីតប្រធាន​គណបក្ស​សាធារ​ណ​រដ្ឋ​ប្រជា​ធិបតេយ្យ នេះបានធ្វើឡើងកាលពីថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០១៩ ពោលគឺ​មុន​ពេល​បុណ្យ​ចូលឆ្នាំខ្មែរ ​តែព័ត៌មាននេះ​ទើប​ត្រូវបាន​ផ្សាយជាសាធារណៈម្សិលមិញ។ មុនពេលចាប់​ខ្លួនលោកស្រី និងសហការីម្នាក់ទៀត គឺសមត្ថកិច្ច​បាន​ពង្រាយ​រថយន្ត​បាញ់ទឹកជាច្រើនគ្រឿង និងដាក់កំណាត់ឈើនៅលើដងផ្លូវ​ដើម្បី​រារាំង​ពលរដ្ឋ​រាប់សិប​នាក់ ដែលបើក​គោយន្ត​សំដៅទៅកាន់ពន្ធនាគារខេត្តព្រះវិហារ​។​នៅទីនោះ​ដែលមាន​ពលរដ្ឋ​ចំនួន​១៤ ត្រូវបានចាប់ឃុំខ្លួនកាលពីពេលកន្លងទៅ ពាក់ព័ន្ធនឹងការ​កាន់​កាប់​ទន្ទ្រានយកដីរបស់រដ្ឋ នៅក្នុងតំបន់ដែន​ជម្រក​សត្វព្រៃ​គូលែន​ព្រហ្ម​ទេព។

ចំណែក លោកស្រី សុខរ័ត្ន សុវណ្ណបញ្ចៈសីលា ជាអតីតប្រធានគណបក្សមិនជាប់ឆ្នោត និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ត្រូវបានសមត្ថកិច្ច​ចោទ​ថាជាអ្នកនៅក្រោយនៃការ​ដែលពលរដ្ឋ​រាប់​សិប​នាក់​នាំគ្នាទៅតវ៉ាប៉ុនប៉ងរំដោះ​អ្នក​ជាប់​ឃុំ។ នេះបើតាមការអះអាងរបស់​អតីត​សហការ​របស់​លោកស្រី។ មកទល់ពេលនេះគេនៅមិនទាន់ដឹងថា​តើ​តុលាការសម្រេចចោទ​ប្រកាន់​អតីត​ប្រធាន​គណបក្សរូបនេះពីបទល្មើសអ្វីនៅឡើយ ខណៈមន្រ្តីមួយចំនួន​អះអាងថា​ពួកគេ​កំពុង​សម្រាក​ថ្ងៃបុណ្យ។

សូមបញ្ជាក់ថា គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ដែលហៅកាត់ថា(RDP) របស់​លោកស្រី សុខរ័ត្ន សុវណ្ណបញ្ចៈសីលា ជា​ស្ត្រី​ខ្មែរ​-​អាមេរិកាំង គឺ​បង្កើតឡើង​កាលពី​ឆ្នាំ​២០១២។ ប៉ុន្តែគណបក្សនេះមិនធ្លាប់ទទួលបានកៅអីជាតំណាងរាស្ត្រម្តងណាឡើយ។​ បច្ចុប្បន្ន គណបក្សនេះទើបត្រូវបានប្តូរឈ្មោះ​ទៅជាគណបក្សនគរធិបតេយ្យ​វិញទៅ​តាមការ​តម្រូវរបស់ក្រសួង​មហាផ្ទៃ៕