អានតួអត្ថបទ
កម្ពុជា-សង្គម

​អាជ្ញាធរ​ជាតិ​អប្សរា សហការ​ជាមួយ​កូរ៉េ​ខាង​ត្បូង សិក្សា​ពី​លំហូរ​ចរាចរ​ក្នុង​រមណីយដ្ឋាន​អង្គរ​

អាជ្ញាធរជាតិអប្សរា នៅរសៀល​ថ្ងៃទី ២ខែវិច្ឆិកានេះ បាន​ចុះអនុស្សរណៈជាមួយ​វិទ្យាស្ថានមួយ​របស់កូរ៉េខាងត្បូង ដើម្បី​សិក្សា​លើ​ការ​រៀបចំលំហូរ​ចរាចរ ក្នុង​រមណីយដ្ឋាន​អង្គរ។ ការសិក្សា​ពីគម្រោងនេះ ធ្វើ​ឡើង​ដោយ​សារ​តែ​កំណើន​ភ្ញៀវទេសចរ​ចូល​មក​ទស្សនារមណីយដ្ឋានអង្គរ។ ភ្ញៀវទេសចរច្រើន ដែល​អាចធ្វើឲ្យ​មានការ​កកស្ទះ និងផល​ប៉ះពាល់នានា ដែល​ត្រូវ​ដោះស្រាយ។ 

ប្រាសាទអង្គរវត្ត ដែល​ជា​កេរមរតក​នៃ​អាណាចក្រ​ខ្មែរ ក្នុង​យុគសម័យរុងរឿង
ប្រាសាទអង្គរវត្ត ដែល​ជា​កេរមរតក​នៃ​អាណាចក្រ​ខ្មែរ ក្នុង​យុគសម័យរុងរឿង
ផ្សាយពាណិជ្ជកម្ម

អាជ្ញាធរ​ជាតិ​អប្សរា រួមជាមួយ​នឹង​វិទ្យាស្ថានកូរ៉េសម្រាប់​វិស្វកម្ម​សំណង់ និង​បច្ចេកវិទ្យា KICT (Korea Institute of Civil Engineering and Building Technology) ​រំពឹង​ថា ការសិក្សាពី​ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងគ្រប់គ្រងលំហូរចរាចរឲ្យ​បាន​ប្រសើរ នឹងអាចលើកកម្ពស់បទពិសោធការ​ទស្សនា​របស់​ភ្ញៀវទេសចរ ការពារ​បាន​នូវតម្លៃ​របស់​រមណីយដ្ឋាន​អង្គរ និង​ជួយ​សម្រួល​ដល់ជីវភាព​រស់នៅរបស់​ប្រជាពលរដ្ឋ ក្នុងតំបន់អង្គរ។

លោក​ឡុង កុសល អ្នក​នាំពាក្យ​អាជ្ញាធរជាតិ​អប្សរា បាន​ឲ្យ​ដឹងថា កំណើន​ភ្ញៀវទេសចរមក​ទស្សនា​រមណីយដ្ឋាន​អង្គរ ទាម​ទារឲ្យ​មានការ​គិត​គូរពី​បញ្ហា​ចរាចរណ៍ ទាំងនៅលើដងផ្លូវធ្វើដំណើរ និង​ផ្លូវចូលទស្សនាតាម​ប្រាសាទនីមួយៗ។ តាមលោក​ឡុង កុសល ប្រសិនបើ​មិន​មានការសិក្សា​ និងកែលម្អទេ ចំនួនភ្ញៀវ​​ទេសចរដ៏ច្រើននេះ អាចប្រឈមនឹងការកកស្ទះ និង​មាន​បញ្ហាបំពុល​បរិស្ថាន​នានា។

សូម​បញ្ជាក់ថា នេះគឺជាការចុះអនុស្សារណៈលើកទី១ រវាងរដ្ឋាភិបាលខ្មែរ និង​វិទ្យាស្ថានកូរ៉េខាងត្បូង ដើម្បីសិក្សាពីការរៀបចំលំហូរទេសចរក្នុងរមណីយដ្ឋានអង្គរ។ យ៉ាង​ណា​ក៏​ដោយ កន្លងមក កូរ៉េខាងត្បូង បាន​ចូលរួមជាមួយ​អាជ្ញាធរជាតិអប្សរា ក្នុង​ការជួយ​ដល់​គម្រោង​ធំៗ ចំនួន ២ គឺការកសាងផ្លូវ​វាងរមណីយដ្ឋានអង្គរ ដើម្បីបញ្ចៀស​ចរាចរណ៍នៃរថយន្តធុនធ្ងន់ ដែល​អាចធ្វើឲ្យ​ប៉ះពាល់​ដល់​លំនឹងនៃរមណីយដ្ឋានអង្គរ។ និងគម្រោងទី ២ គឺការជួសជុល​ប្រាសាទព្រះពិធូរ ដែល​ជា​ចំនុចកណ្តាល​នៃរាជធានីអង្គរ។

ជា​ការ​កត់​សម្គាល់ ក្នុងរយៈពេល ១០ខែនៃឆ្នាំ ២០១៨នេះ មាន​ភ្ញៀវទេសចរអន្តរជាតិ ប្រមាណ ២លាននាក់ បាន​មក​ទស្សនារមណីយដ្ឋាន​អង្គរ ដែលចំនួន​នេះ មានការ​កើនឡើង​ប្រមាណជិត ៨ភាគរយ បើធៀប​ទៅនឹង​រយៈពេល​ដូចគ្នា កាលពីឆ្នាំ ២០១៧។ រីឯ​ចំណូល​វិញ ក្នុង​រយៈ​ពេល ១០​ខែ​ឆ្នាំ ២០១៨នេះ កម្ពុជា​រក​ចំណូល​បានពី​ការ​លក់​បណ្ណ​ចូល​ទស្សនា​រមណីយ​ដ្ឋាន​អង្គរ បាន​ប្រមាណ ៩៤លានដុល្លារអាមេរិក ដែល​មានការ​កើនឡើង ១២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០១៧៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ