អានតួអត្ថបទ
កម្ពុជា

លោក មាស វីរិទ្ធ៖ យុទ្ធនាការ​ពេញ​មួយ​ឆ្នាំ​២០១៧ ធ្វើ​ឲ្យ​បទ​ល្មើស​គ្រឿង​ញៀន​ថយ​ចុះ

យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ខុស​ច្បាប់ ជំហាន​ទី​២ ឆ្នាំ​២០១៧ ត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី​៣១​ខែ​ធ្នូ​នេះ​ហើយ​។ ពេញ​មួយ​ឆ្នាំ​កន្លង​មក​នេះ លោក មាស វីរិទ្ធ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន កត់​សម្គាល់​ឃើញ​ថា យុទ្ធនាការ​ដែល​ស្ថាប័ន​ពាក់ព័ន្ធ​បាន​ចាប់​ដៃ​គ្នា​ធ្វើ​ការ​យ៉ាង​សស្រាក់​សស្រាំ​ដើម្បី​ប្រឆាំង​គ្រឿង​ញៀន​នេះ បាន​ធ្វើ​ឲ្យ​បទ​ល្មើស​គ្រឿង​ញៀនថយ​ចុះ​មួយ​កម្រិត ទាំង​ការ​ប្រើ​ប្រាស់​និង​លក់​ដូរ​។

ពិធី​ដុតបំផ្លាញ​គ្រឿងញៀន នៅ​ក្នុង​ខ័ណ្ឌ​មានជ័យ កាល​ពី​ថ្ងៃ​អង្គារ ២៨ សីហា ២០១២
ពិធី​ដុតបំផ្លាញ​គ្រឿងញៀន នៅ​ក្នុង​ខ័ណ្ឌ​មានជ័យ កាល​ពី​ថ្ងៃ​អង្គារ ២៨ សីហា ២០១២ RFI/Channa Siv
ផ្សាយពាណិជ្ជកម្ម

ចាប់​តាំង​ពី​មាន​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ខុស​ច្បាប់ នៅ​ខែ​មករា ដើម​ឆ្នាំ​២០១៧​នេះ​មក ចំនួន​បទ​ល្មើស​ឬ​ការ​ប្រព្រឹត្ត​បទ​ល្មើស​ពាក់ព័ន្ធ នឹង​គ្រឿង​ញៀន បាន​ថយ​ចុះ​ប្រមាណ​២០​ភាគ​រយ​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក មាស វីរិទ្ធ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន នៅ​ថ្ងៃ​ទី​៣១​ខែ​ធ្នូ​នេះ​។

បើ​តាម​លោក មាស វីរិទ្ធ គិត​ត្រឹម​ថ្ងៃ​ទី​២៧​ខែ​ធ្នូ​ចុង​ឆ្នាំ​២០១៧ សមត្ថកិច្ច​បង្ក្រាប​បាន​បទ​ល្មើស​គ្រឿង​ញៀន​សរុប​ចំនួន​៨០៩៤​ករណី និង​ឃាត់​ខ្លួន​មនុស្ស​ពាក់ព័ន្ធ​បាន​ចំនួន​១​ ៧​​៧៤៧​នាក់ ក្នុង​នោះ​ស្រី​មាន​ចំនួន​១​​៥៦៨​នាក់​។ ចំនួន​នេះ​កើន​ឡើង​ជិត​ពីរ​ដង បើ​ធៀប​នឹង​ឆ្នាំ​២០១៦​កន្លង​ទៅ​។ ឆ្នាំ​២០១៦ ដែល​អាជ្ញាធរ​បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន​បាន​ចំនួន​ជាង​៤​០០០​ករណី និង​ឃាត់​ខ្លួន​មនុស្ស​បាន​ប្រមាណ​៩​៨០០នាក់​។

បើ​ទោះ​បី​ជា​សមត្ថកិច្ច​បង្ក្រាប​បាន​បទ​ល្មើស​គ្រឿង​ញៀន​ច្រើនជាង​មុន​ក៏​ដោយ ប៉ុន្តែ​សម្រាប់​អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំងគ្រឿង​ញៀន លោក​នៅ​មិន​ទាន់​ចាត់​ទុក​ថា​វា​ជា​ជោគជ័យ​នៅ​ឡើយ​ទេ​។ ជោគជ័យ​ចំពោះ​លោក គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​មួយ​ដែល​ប្រាស​ចាក​គ្រឿង​ញៀន​។

គួរ​រំឭក​ជូន​ថា យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ខុស​ច្បាប់​ថ្នាក់​ជាតិ ត្រូវ​បាន​ដាក់​ចេញ​ឲ្យ​អនុវត្ត​ចាប់​ពី​ដើម​ឆ្នាំ​២០១៧ ដោយ​បែង​ចែក​ជា​ពីរ​ដំណាក់​កាល ក្នុង​មួយ​ដំណាក់​កាល​មាន​រយៈ​ពេល​៦​ខែ​។ នៅ​ឆ្នាំ​២០១៨​ខាង​មុខ លោក មាស វីរិទ្ធ នៅ​មិន​ទាន់​ច្បាស់​ថា នឹង​ត្រូវ​​បន្ត​យុទ្ធនាការ​នេះ​ត​ទៅ​ទៀត​ឬ​យ៉ាង​ណា​នៅ​ឡើយ​។ លោក​បញ្ជាក់​ថា អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀនកំពុង​តែ​បូក​​សរុប​លទ្ធផល​ការងារ មុន​នឹង​សុំ​គោលការណ៍​ពី​ថ្នាក់​ដឹក​នាំ​។

យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់ បាន​ទទួល​ការ​ស្វាគមន៍​និង​គាំទ្រ​ពី​សំណាក់​មតិ​ទូទៅ​គួរ​ឲ្យ​កត់​សម្គាល់​នា​ពេល​ដំបូង ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ ក៏​មាន​ការ​រិះគន់​ផង​ដែរ​ថា អាជ្ញាធរ​ចាប់​បាន​តែ​ត្រី​តូច មិន​ឃើញ​ចាប់​បាន​ត្រី​ធំ​។ ក្នុង​បញ្ហា​នេះ លោក មាស វីរិទ្ធ ពន្យល់​ថា ត្រី​ធំ ឬ​ត្រី​តូច មិន​មែន​ជា​កត្តា​សម្រាប់​វាយ​តម្លៃ​ប្រសិទ្ធភាព​នៃ​ការងារ​របស់​អាជ្ញាធរ​ឡើយ​។ មែន​ទែនទៅ សម្រាប់​លោក មាស វីរិទ្ធ ដើម្បី​កាត់​បន្ថយ និង​ឈាន​ទៅ​លុប​បាត់​បទ​ល្មើស​គ្រឿង​ញៀន គេ​ត្រូវ​តែ​បោស​សម្អាត​ពី​ត្រី​តូច​ទៅ​។ ព្រោះ​បើ​កាល​ណា​​ត្រី​តូច ពោល​គឺអ្នក​ប្រើ​ប្រាស់ថយ​ចុះ នោះ​ត្រី​ធំ​ឬអ្នក​ជួញ​ដូរ ក៏​ថយ​ចុះ​ទៅ​តាម​នោះ​ដែរ​។ នេះ​បើ​តាម​លោក មាស វីរិទ្ធិ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ