អានតួអត្ថបទ
កម្ពុជា-ច្បាប់

​សមត្ថ​កិច្ច​កំពុង​ស្រាវ​ជ្រាវ​ករណី​វាយ​ប្រហារ​លើ​ចៅ​សង្កាត់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​

អតីត​ចៅ​សង្កាត់​នៃ​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ លោក ស៊ិន បូណា ត្រូវ​ជន​មិន​ស្គាល់​មុខ​លួច​វាយ​ប្រហារ​ពី​ក្រោយ បណ្ដា​ឲ្យ​បាក់​ឆ្អឹង​ដៃ​ឆ្វេង​បី​កំណាត់ នៅ​ថ្ងៃ​ទី២៥កញ្ញា​ម្សិល​មិញ​។ ជន​រង​គ្រោះ​បាន​អះអាង​ថា ករណី​វាយ​ប្រហារ​នេះ​ជា​ការ​រៀប​ចំ​ទុក​មុន​របស់​ជន​ល្មើស​។ តែ​ពី​ខាង​សមត្ថកិច្ច​បាន​គូស​បញ្ជាក់​ថា កំពុង​ស្រាវ​ជ្រាវ​។ 

លោក ស៊ិន បូណា ត្រូវជនមិនស្គាល់មុខលួចវាយប្រហារពីក្រោយ បណ្ដាឲ្យបាក់ឆ្អឹងដៃឆ្វេងបីកំណាត់
លោក ស៊ិន បូណា ត្រូវជនមិនស្គាល់មុខលួចវាយប្រហារពីក្រោយ បណ្ដាឲ្យបាក់ឆ្អឹងដៃឆ្វេងបីកំណាត់ @សហការី
ផ្សាយពាណិជ្ជកម្ម

ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នៅ​ថ្ងៃទី​២៦​ខែកញ្ញា​នេះ លោក ស៊ិន បូណា អតីត​ចៅ​សង្កាត់​នៃ​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​រៀប​រាប់​ថា លោក​បាន​បាក់​ឆ្អឹង​ដៃ​ខាង​ឆ្វេង​បី​កំណាត់ បន្ទាប់​ពី​ជន​ល្មើស​២នាក់​ធាក់​លោក​ពី​ក្រោយ​ពេល​កំពុង​ជិះ​ម៉ូតូ​នៅ​លើ​បណ្ដោយ​ផ្លូវ​ជាតិ​៦A។ បន្ទាប់​ពី​ដួល​ជន​ល្មើស​បាន​ប្រើ​ដំបង​ដែក​វាយ​លើ​លោក​បន្ថែម​។ លោក ស៊ិន បូណា បាន​អះអាង​ថា លោក​មិន​ធ្លាប់​មាន​គំនុំ​ជាមួយ​នរណា​ពី​មុន​ឡើយ ដូច្នេះ​ហើយ​លោក​ស្នើ​ឲ្យ​សមត្ថ​កិច្ច​ស្វែង​រក​ចាប់​ខ្លួន​ជន​បង្ក​មក​ផ្ដន្ទា​ទោស​ឲ្យ​បាន​ឆាប់​។

លោក មុត ចន្ថា មន្ត្រី​បក្ស​ប្រឆាំង​ស្និទ្ធិ​នឹង​លោក កឹម សុខា បាន​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​ថា សកម្មភាព​ដេញ​វាយ​ប្រហារ​ពី​សំណាក់​ជន​ល្មើស គឺ​មាន​ចេតនា​និង​ប៉ុន​ប៉ង​ប្រើ​ហិង្សា ព្រោះ​តាម​ការ​វិភាគ​លើ​សកម្មភាព​របស់​ជន​ល្មើស ហាក់​ត្រៀម​លក្ខណៈ​យ៉ាង​ហ្មត់​ចត់ តាម​រយៈ​សម្ភារៈ​មួយ ពាក់​មួក​សុវត្ថិភាព មុខ​រុំ​ក្រមា មាន​ដែក​បំពង់​ទីព និង​អាវុធ​ខ្លី ហើយ​និង​សកម្ម​ភាព​ដេញ​តាម​វាយ​ប្រហារ​ដោយ​ស្វា​ហាប់ ហាក់​គ្មាន​ខ្លាច​ញញើត​អ្វី​ឡើយ​។ នេះ​បើ​តាម​លោក មុត ចន្ថា​។

យ៉ាង​ណា​ក៏​ដោយ លោក ឆាយ គឹមខឿន អ្នក​នាំ​ពាក្យ​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​បាន​គូស​បញ្ជាក់​ថា អាជ្ញាធរ​កំពុង​ធ្វើ​ការ​ស្រាវ​ជ្រាវ ខណៈ​ប៉ូលីស​ក្នុង​ខណ្ឌ​ជ្រោយ​ចង្វារ​បាន​ចុះ​ទៅ​ធ្វើ​របាយ​ការណ៍​ដល់​ផ្ទះ​ជន​រង​គ្រោះ​រួច​ហើយ​។ អ្នក​នាំ​ពាក្យ​ដដែល ស្នើ​ឲ្យ​ជន​រង​គ្រោះ ឬ​មជ្ឈ​ដ្ឋាន​ទូទៅ​កុំ​ប្រញាប់​ធ្វើ​ការ​សន្និ​ដ្ឋាន ដោយ​ទាញ​ភ្ជាប់​សំណុំ​រឿង​ហិង្សា​លើ​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ជា​រឿង​នយោបាយ​មុន​ការ​រក​ឃើញ​របស់​ប៉ូលីស​។

សូម​ជម្រាប​ជូន​ថា មុន​ករណី​នេះ​ជិត​មួយ​សប្ដាហ៍ លោក ពូក ចន្ដា ដែល​គេ​ស្គាល់​ថា ជា​អតីត​ប្រធាន​ក្រុម​អង្គរក្ស​លោក សម រង្ស៊ី ត្រូវ​បាន​ជន​ មិន​ស្គាល់​អត្ត​សញ្ញាណ​ពីរ​នាក់​លួច​វាយ​ពីក្រោយ បណ្តាល​ឲ្យ​បែក​ក្បាល​ហូរ​ឈាម កាល​ពី​ព្រឹក ថ្ងៃទី ២២ ខែកញ្ញា នៅ​ម្តុំ​សង្កាត់​ចាក់​អង្រែ​លើ​រាជ​ធានី​ភ្នំពេញ​។

ការ​កត់​សម្គាល់​ដោយ​ឡែក នៅ​មួយ​រយៈពេល​ចុងក្រោយ​នេះ មានករណី​ជន​មិន​ស្គាល់​មុខ​បានលួច​វាយ​ប្រហារ​ទៅ​លើ​សកម្មជន​អតីត​គណបក្ស​សង្គ្រោះជាតិ​នៅ​រាជធានី​ភ្នំពេញ ប្រមាណ​ជាង​១០​ករណី​មក​ហើយ។ រូប​ភាព​នេះ​ត្រូវ​បាន​ សង្គម​ស៊ីវិល​និង​អ្នក​នយោបាយ ចាត់​ទុក​ថា ជា​ការ​រៀប​ចំ​ទុក​មុន​ដោយ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ស្ថាន​ការណ៍​នយោ​បាយ​បច្ចុប្បន្ន​។ តែ​ទោះ​ជា​បែប​នេះ​ក្ដី​អ្នក​នាំ​ពាក្យ​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​ថ្លែង​ថា គ្មាន​ហេតុ​ផល​ណា​មួយ​ដែល​គេ​ត្រូវ​មក​ទាញ​ភ្ជាប់​ករណី​ហិង្សា​លើ​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជាមួយ​នឹង​រឿង​នយោបាយ​នោះ​ទេ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ