rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា ច្បាប់

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

​សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់​យោបល់​ជំរុញ​ACU​ដោះ​ស្រាយ​ពុក​រលួយ​ក្នុង​ប្រព័ន្ធ​តុលា​ការ​

media
ជញ្ជីង​ (រូបតំណាង) @ google

រឿង​រ៉ាវ​ពុក​រលួយ​ក្នុង​ប្រព័ន្ធ​តុលា​ការ បាន​ក្លាយ​ជា​ប្រធាន​បទ​ចោទ​សួរ​ទៅ​កាន់​ការ​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង ពី​សំណាក់​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​នៅ​ថ្ងៃ​អង្គារ៍​នេះ​។ បើ​តាម​ប្រតិភូ​មក​ពី​គណបក្ស​យុវជន​កម្ពុជា ប្រធាន​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​អះ​អាង​ថា ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ក្នុង​ប្រព័ន្ធ​តុលាការ​ស្ថាប័ន​លោក​កំពុង​ធ្វើ​ជា​បន្ត​បន្ទាប់​។ 


ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​RFI ក្រោយ​ចប់​កិច្ច​ប្រជុំ លោក ពេជ្រ ស្រស់ សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ មក​ពី​ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ទទួល​ស្គាល់​ថា អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ពិត​ជា​បាន​ធ្វើ​សកម្ម​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ក្នុង​ប្រព័ន្ធ​តុលា​ការ ក៏ ប៉ុន្តែ​ការ​ចាប់​ចង​មន្ត្រី​ធ្វើ​ខុស តែ​ម្នាក់​ឬ​ពីរ​នាក់​មក​ធ្វើ​ជា​សមិទ្ធ​ផល​សម្រាប់​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​មិន​ទាន់​ឆ្លើយ​តប​បញ្ហា​ពុក​រលួយ​ទាំង​ស្រុង​ឡើយ​។

សម្រាប់​លោក​ពេជ្រ ស្រស់ មើល​ឃើញ​ថា អំពើ​ពុក​រលួយ​ក្នុង​ប្រព័ន្ធ​តុលា​ការ​បច្ចុប្បន្ន​កើត​ចេញ​ពី​ទង្វើ​របស់ ក្រឡា​បញ្ជី ព្រះ​រាជ​អាជ្ញា ចៅ​ក្រម​ ដែល​តួអង្គ​ទាំង​នេះ ត្រូវ​បាន​មេធាវី​ដើរ​តួ​ជំនួស​យក​លុយ​ពី​កូន​ក្ដី​ទៅ​ឲ្យ​ពួក​គេ​។ ដំណាល​គ្នា​នេះ លោក គង់ មុនីកា ប្រតិភូ​មក​ពី​គណបក្ស​ឆន្ទៈ​ខ្មែរ អះអាងថា រូប​លោក​បាន​លើក​ឡើង​អំពី​ការ​កកើត​នៃ​អំពើ​ពុក​រលួយ​ក្នុង​ប្រព័ន្ធ​រដ្ឋ​បាល​កម្ពុជា​សព្វ​ថ្ងៃ​។

ចំណែក ប្រតិភូ​មក​ពី​គណ​បក្ស​ខ្មែរ​ក្រោក​វិញ លោក សុខ សុវណ្ណវឌ្ឍនាសាបុង បាន​ស្នើ​នៅ​ចំពោះ​មុខ​ប្រធាន​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ សម្រាប់​កិច្ច​សហការ​រវាង​សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់​យោបល់​ជាមួយ​ACU​។ ការ​ស្នើ​សុំ​កិច្ច​សហការ​នេះ​សម្រាប់​គណបក្ស​ខ្មែរ​ក្រោក​មើល​ឃើញ​ថា បុគ្គល​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​មាន​ឥទ្ធិ​ពល ដែល​ត្រូវ​ការ​កម្លាំង​ខ្លាំង​មក​ទប់​ស្កាត់​។ បើ​តាម​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់​យោបល់​ប្រធាន​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ប្រកាស​ធ្វើ​ការ​រួម​គ្នា​ជាមួយ​ពួក​គេ​គ្រប់​កិច្ច​ការ​។

ក្រៅ​ពី​ជជែក​លើ​ប្រធាន​បទ​ដោយ​ឡែក ភាគី​ទាំង​ពីរ​បាន​ជជែក​ទៅ​លើ​ប្រធាន​បទ​រួម​មួយ​គឺ សេច​ក្តី​ព្រាង​របាយ​ការណ៍​វាយ​តម្លៃ​ស្តី​ពី​ការ​ត្រួត​ពិនិត្យ​ឡើង​វិញ​នៃ​ការ​អនុវត្ត អនុ​សញ្ញា​អង្គការ​សហ​ប្រជាជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​។ កិច្ច​ពិភាក្សា​នេះ​បាន​ក្លាយ​ជា​ធាតុ​ផ្សំ ដាក់​បញ្ចូល​នៅ​ក្នុង​ខ្លឹម​សារ​រួម​នៃ​អនុ​សញ្ញា​អង្គការ​សហ​ប្រជា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ ដែល​នឹង​ដាក់​បញ្ជូល​ក្នុង​កិច្ច​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រី​នៅ​ថ្ងៃ​សុក្រ​ទី២៩​ខែ​សីហា​៕