អានតួអត្ថបទ
កម្ពុជា

ស្ពាន​ជ័រ​អណ្តែត​ទឹក នឹង​ត្រូវ​ប្រើ​ជំនួស ស្ពាន​ថ្ម​បាយ​ក្រៀម​ចំណាស់​រាប់​សតវត្ស​នៅ​មុខ​អង្គរវត្ត រហូត​ដល់​ឆ្នាំ​២០២០

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ស្ពាន​អណ្តែត​ទឹក ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ហើយ ដើម្បី​ជំនួស ស្ពាន​ហាល ដែល​សង់​ពី​ថ្ម​បាយ​ក្រៀម សម្រាប់​ឆ្លង​កសិណ(ទឹក) នៅ​មុខ​អង្គរវត្ត។ បើ​តាម អាជ្ញាធរ​ជាតិ​អប្សរា ស្ពាន​ជ័រ​អណ្តែត​ទឹក​នេះ នឹង​ត្រូវ​ប្រើ​ប្រាស់​ជា​ច្រក​ចូល​ប្រាសាទ​អង្គរវត្ត​ពី​ទិស​ខាង​លិច រហូត​ដល់​ឆ្នាំ​២០២០ ឬ​រហូត​ទាល់​តែ ស្ពាន​ហាល បញ្ចប់​ការ​ជួស​ជុល។

ស្ពាន​ជ័រ​អណ្តែត​ទឹក នៅ​មុខ​អង្គរវត្ត
ស្ពាន​ជ័រ​អណ្តែត​ទឹក នៅ​មុខ​អង្គរវត្ត @APSARA
ផ្សាយពាណិជ្ជកម្ម

ស្ពាន​អណ្តែត​ទឹក ដែល អាជ្ញាធរ​ជាតិ​អប្សរា បាន​ដាក់​សម្ពោធ​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ សម្រាប់ ឆ្លង​កសិណ(ទឹក) នៅ​មុខ​អង្គរវត្ត នៅ​ថ្ងៃ​ទី​២៥ ខែ​ឧសភា នេះ គឺ​ជា ស្ពាន​ជ័រ ស្វិត ធន់ រឹងមាំ នៅ​ផ្ទៃ​ខាង​លើ​មាន​សភាព​គ្រើម ដើរ​មិន​រអិល អាច​ទ្រ​ទម្ងន់​សរុប​បាន ៤៥៧​តោន ឬ អាច​ផ្ទុក​ចំនួន​មនុស្ស​ឈរ​លើ​ស្ពាន ក្នុង​ពេល​តែ​មួយ​បាន​ជាង ១៣៦០​នាក់។ ស្ពាន​ជ័រ​នេះ មាន​បណ្តោយ​ប្រវែង ១៧០​ម៉ែត្រ ទទឹង ៨​ម៉ែត្រ ឬ​ស្មើ​នឹង ១៣៦០​ម៉ែត្រ​ការ៉េ ដោយ​ប្រើ​ប្រាស់​ពោង​ជ័រ​អណ្តែត​ទឹក​សរុប ៦៧២០​ដុំ និង​អាច​ប្រើ​ប្រាស់​បាន​រហូត​ដល់​ទៅ ២០​ឆ្នាំ។

អ្នក​នាំ​ពាក្យ អាជ្ញាធរ​ជាតិ​អប្សរា លោក ឡុង កុសល បាន​បញ្ជាក់​ថា ការ​ប្រើ​ស្ពាន​ជ័រ​អណ្តែត​ទឹក គឺ​ជា​ជម្រើស​មួយ​ប្រសើរ​ជាង ស្ពាន​ឈឺ ឬ​ស្ពាន​ដែក ព្រោះ ស្ពាន​អណ្តែត​ទឹក មិន​ចាំ​បាច់​ប្រើ​សសរ​គ្រឹះ​ស្ពាន​ដែល​អាច​ប៉ះ​ពាល់​ដល់​បុរាណ​ដ្ឋា​ន​ក្រោម​ទឹក ហើយ​ស្ពាន​ជ័រ​នេះ អាច​មាន​ផល​ប៉ះ​ពាល់​តិច​តួច​ទៅ​លើ​ទេសភាព​វប្បធម៌ តម្លៃ​បេតិកភណ្ឌ និង​រូបភាព​ដើម​នៃ​តម្លៃ​ប្រាង្គ​អង្គរវត្ត។
បើ​តាម អាជ្ញាធរ​ជាតិ​អប្សរា ស្ពាន​អណ្តែត​ទឹក នេះ នឹង​ត្រូវ​ប្រើ​ជំនួស ស្ពាន​ហាល មុខ​ប្រាសាទអង្គរវត្ត ដែល​នឹង​បើក​ការដ្ឋាន​ជួសជុល នា​ពេល​ខាង​មុខ​ឆាប់ៗ​នេះ។ ស្ពាន​ហាល ក៏​នឹង​ត្រូវ​បិទ​ដំណើរការ​ឆ្លង​កាត់ រហូត​ដល់ ឆ្នាំ ២០២០ ដើម្បី បញ្ជៀស​គ្រោះ​ថ្នាក់​ជាយថាហេតុ​ណាមួយ ដល់​ភ្ញៀវ​ទេសចរ និង​ដើម្បី​បង្ក​លទ្ធភាព​ងាយ​ស្រួល​ដល់​ក្រុម​ការងារ​ជួសជុល ដែល​ជា​កិច្ច​សហការ រវាង​អាជ្ញាធរ​ជាតិ​អប្សរា និង​សាកលវិទ្យាល័យ​សូហ្វីយ៉ា​នៃ​ប្រទេស​ជប៉ុន។

គួរ​ជម្រាប​ថា មុន​ពេល​ប្រើ​ស្ពាន​ជ័រ​អណ្តែត​ទឹក ស្ពាន​ហាល ជា​ស្ពាន​តែ​មួយ​គត់ សម្រាប់​អ្នក​ទេសចរណ៍ ឆ្លង​កសិណ(ទឹក)ពី​ទិស​ខាង​លិច ចូល​ទៅ ទស្សនា​ប្រាសាទ​អង្គរវត្ត។ ស្ពាន​ហាល សង់​ឡើង​ពី​ថ្ម​បាយ​ក្រៀម ក្រាល​ដោយ​កម្រាល​ថ្មភក់ លម្អ​ដោយ​បង្កាន់​ដៃ​នាគ​ទាំង​សង្ខាង មាន​ប្រវែង ១៩០ម៉ែត្រ ទទឹង​ជាង ១១ម៉ែត្រ និង​កម្ពស់​ជាង ៤ម៉ែត្រ។ គិត​ចាប់​ពី​ទសវត្ស ឆ្នាំ​១៩៥០មក ស្ពាន​ហាល មុខ​ប្រាសាទ​អង្គរវត្ត ត្រូវបាន​ជួសជុល​ឡើង​វិញ ៣​ដំណាក់​កាល។ ដំណាក់​កាល​ទី១ គឺ​នៅ​ឆ្នាំ ១៩៥៣ ជួសជុល​ដោយ ប្រទេស​បារាំង តាម​រយៈ សាលា​បារាំង​ចុង​បូព៌ា EFEO ។ ដំណាក់​កាល​ទី២ ពី​ឆ្នាំ១៩៩៦-២០០៧ ជួសជុល​ដោយ​សាកលវិទ្យាល័យ​សូហ្វីយ៉ា​នៃ​ប្រទេស​ជប៉ុន។ និង​ដំណាក់កាល​ទី៣ អាច​ចាប់​រាប់​ពី​ខែឧសភា ឆ្នាំ ២០១៦ ដោយ​គ្រោង​នឹង​បញ្ចប់ នៅ​ឆ្នាំ ២០២០ ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ