អានតួអត្ថបទ
កម្ពុជា

សេច​ក្តី​ស្នើ​ច្បាប់​ចំនួន​៤​នឹង​ត្រូវ​ដាក់​ប្រជុំ​ជា​ការ​ប្រញាប់​ពេល​សភា​ចូល​កង​ក្នុង​សប្តាហ៍​នេះ

សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ចំនួន​៤ ​ ត្រូវបាន​ក្រុម​អ្នក​ធ្វើច្បាប់​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ បញ្ជូន​ទៅ​ដល់​រដ្ឋសភា​ហើយ ​នៅពេលនេះ ​ហើយ​នឹង​ត្រៀម​ដាក់​ឲ្យ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ប្រជុំ​សម្រេច ​នៅ​ថ្ងៃ​ទី​១២​ខែ​តុលា​ខាងមុខ​។ ​សេចក្តី​ស្នើ​ច្បាប់​ទាំងនេះ ​ធ្វើ​ឡើង​ខណៈ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​រង​បណ្តឹង​ស្នើ​សុំ​រំលាយ​ចោល​នៅ​តុលាការ​កំពូល​។

រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា
រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា REUTERS
ផ្សាយពាណិជ្ជកម្ម

សេចក្តី​ស្នើ​ច្បាប់​ទាំង​៤ ​ដែល​នឹង​សុំ​ធ្វើ​វិសោធនកម្ម ​នៅពេល​រដ្ឋសភា​ចូល​កង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាងមុខ​នេះ ​គឺ ​ច្បាប់​ស្តីពី​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​ព្រឹទ្ធសភា ​ច្បាប់​ស្តីពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​រាជធានី ​ខេត្ត ​ក្រុង ​ស្រុក ​ខណ្ឌ ​និង ​ច្បាប់​ស្តីពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​។

លោក​ឡេង ប៉េងឡុង ​អគ្គ​លេខាធិការ​រដ្ឋសភា​បញ្ជាក់​ថា​លោក​ទើបតែ​បាន​ទទួល​សេចក្តី​ស្នើច្បាប់​ចំនួន​៤​នេះ ​ពី​តំណាងរាស្ត្រ​ហត្ថលេខី​ចំនួន​៤៧​រូប ​ហើយ​កំពុង​រៀបចំ​ដាក់​ជូន​ទៅ​គណៈកម្មការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ថ្ងៃ​ទី​១២​តុលា​ខាងមុខ​ដែរ​។

លោក​អេង ឆៃអ៊ាង ​អនុ​ប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ ​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​លោក​នៅ​ថ្ងៃ​នេះ​ថា ​ខ្លឹមសារ​នៃ​ការ​សុំ​ធ្វើ​វិសោធនកម្ម ​ច្បាប់​ទាំង​បួន​នេះ ​គឺ​យក​អាសនៈ​បស់​គណបក្ស​ដែល​ត្រូវ​រំលាយ ​ដោយ​តុលាការ ​ទៅ​ចែក​ឲ្យ​គណបក្ស​ផ្សេង​ៗ ​តាម​រូបមន្ត​សមាមាត្រ ​ដែល​ចែង​ក្នុង​ច្បាប់​ទាំង​បួន ​ខាងលើ​។ ​ការ​លើកឡើង​នេះ ​ស្រប​ពេល​ដែល​តុលាការ​កំពូល​កំពុង​ដំណើរកា​រ​នីតិវិធី​ទៅលើ​បណ្តឹង​របស់​ក្រសួង​មហាផ្ទៃ ​ដែល​បាន​ស្នើសុំ​ឲ្យ​តុលាការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ​តាម​សំណើរ​របស់​គណ​បក្ស​ហ្វុ​ន​ស៊ីន​ប៉ិច ​និង​គណបក្ស​យុវជន​កម្ពុជា​។

នៅក្នុង​សេចក្តី​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ត្រូវ​បាន​បង្ហាញ​ពី​គោល​បំណង​នៃ​ការធ្វើ​វិសោធនកម្ម​នេះ​ថា ​គឺ​សំដៅ​សម្រួល​ច្បាប់​ស្តីពី​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ​ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជ​ក្រម​កាល​ពី​ថ្ងៃ​ទី​២៦​ខែ​មីនា​ឆ្នាំ២០១៥ ​ឲ្យ​មាន​មាន​សង្គតិ​ភាព​ជា​មួយ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​និង​វិសោធនកម្ម​ជា​បន្តបន្ទាប់​ដែល​នៅ​ជា​ធរមាន​។ ​ម្យ៉ាងទៀត ​ធានា​ស្ថិរភាព​នយោបាយ​ឲ្យ​នៅ​ស្ថិតស្ថេរ​យូរអង្វែង​នៅ​ប្រទេស​កម្ពុជា​។

ជាមួយ​គ្នានេះ ​សេចក្តី​ស្នើ​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ បាន​ផ្តោតទៅលើ​មាត្រា​ចំនួន​១​ គឺ​មាត្រា​១៣៨ ​ដែល​នៅក្នុង​សេចក្តី​ស្នើច្បាប់​នេះ​ដាក់ថា​ មាត្រា​១៣៨​ស្ទួន​។ ​ខ្លឹមសារ​នៃ​មាត្រា​១៣៨​ស្ទួ​ន​នេះ ​ឲ្យ​ដឹងថា​ក្នុង​នីតិកាល​នៃ​រដ្ឋសភា ​ប្រសិន​បើ​មាន​គណបក្ស​នយោបាយ​ណាមួយ​ប្រកាស​បោះបង់​ចោល​អាសនៈ ​ឬ​ត្រូវ​លុប​ឈ្មោះ ​ចេញពី​បញ្ជី​គណបក្ស​នយោបាយ ​ឬ​ត្រូវ​រំលាយ ​ស្របតាម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ ​បញ្ជី​បេក្ខជន​និង​តំណាង​រាស្ត្រ​ទាំង​អស់នៃ​គណបក្ស​នយោបាយ​នោះ ​លែងមាន​សុពលភាព ​និង​លែងមាន​គុណសម្បត្តិ​តទៅ​ទៀត​ហើយ​។

ខ្លឹមសារ​នៃ​មាត្រា​នេះ​បន្ត​ថា ​ក្នុង​ករណី​ខាងលើ​នេះ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ត្រូវធ្វើ​ការ​បែងចែក​អាសនៈ​ដែល​នៅ​ទំនេរ​នោះ ​ក្នុង​រយៈពេល​យ៉ាងយូរ​០៧​ថ្ងៃ ​ទៅ​ឲ្យ​គណបក្ស​នយោបាយ​នានា ​ដែល​បាន​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ក្នុង​រាជធានី ​ខេត្ត​ជាមួយ ​ដោយ​មិន​គិត​បញ្ចូល​គណបក្ស​នយោបាយ​ដែល​បោះបង់​ចោល​អាសនៈ​ ឬ​ដែល​ត្រូវ​លុប​ឈ្មោះ​ចេញពី​បញ្ជី​គណបក្ស​នយោបាយ​ឬ​ដែល​ត្រូវ​រំលាយ ​ស្របតាម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ និង​គណបក្ស​នយោបាយ​មាន​អាសនៈ​ក្នុង​រដ្ឋសភា​ដែល​ដឹកនាំ​ដោយ​រដ្ឋាភិបាល​តាម​ជំហាន​ចំនួន​២ ​ដែល​ជំហាន​២​នោះ​គឺ​ជា​រូបមន្ត​នៃ​ការ​បែងចែក​អាសនៈ​ដល់​គណបក្ស​ដទៃ​ទៀត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ