rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា ច្បាប់

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

​មេធាវី៖ ​លោក ​អាឡិច ​ត្រូវ​បាន​តុលាការ​ខេត្ត​កោះ​កុង​ទម្លាក់​បទ​ចោទ​ប្រកាន់​ហើយ​

media
លោក អេឡិច អតីតប្រធានអង្គការមាតាធម្មជាតិ @RFI

នៅ​ទីបំផុត តុលាការ​ខេត្ត​កោះ​កុង បាន​សម្រេច​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទៅ​លើ​សកម្ម​ជន​បរិស្ថាន​ល្បី​ឈ្មោះ​ម្នាក់​គឺ​ លោក អាឡិច ហ្គូនសាឡេស ដាវិដសុន បន្ទាប់​ពី​បុរស​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​ត្រូវ​បាន​រដ្ឋា​ភិបាល​បណ្តេញ​ចេញ​ពី​កម្ពុជា​កាល​ពី​ឆ្នាំ​២០១៥​។ អតីត​ប្រធាន​អង្គការ​មាតា​ធម្មជាតិ​រូប​នេះ និង​សហការី​៣នាក់​ទៀត​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់ ពី​បទ​ផ្តើម​គំនិត​គំរាម​កំហែង​ធ្វើ​ឱ្យ​ខូច​ខាត​ដោយ​ភ្ជាប់​នូវ​បញ្ជា​អ្វី​មួយ បន្ទាប់​ពី​ពួក​គេ​តវ៉ា​ប្រឆាំង​នឹងការបូប​ខ្សាច់​នៅ​ខេត្ត​កោះ​កុង​។ 


ការ​ទម្លាក់​បទ​ចោទ​ប្រកាន់​ទៅ​លើ​អតីត​ប្រធាន​អង្គការ​មាតា​ធម្មជាតិ​ ដែលជាសកម្មជន​ការពារ​បរិស្ថាន​ល្បី​ឈ្មោះ​កាលពីប៉ុន្មានឆ្នាំមុននេះ គឺតាម​រយៈ​ការ​ប្រកាស​សាល​ក្រម​របស់​តុលាការ​ខេត្ត​កោះកុង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ តុលាការ​ខេត្តនេះ​ បាន​បើក​សវនាការកាល​ពី​ថ្ងៃ​ទី​៣០ ខែ​កក្កដា ​ដោយ​កំបាំងមុខ ចំពោះ​លោក អាឡិច ហ្គូនសាឡេស ដាវិដសុន បន្ទាប់​ពី​បុរស​សញ្ជាតិ​អេស្ប៉ាញ​រូបនេះ ​ត្រូវ​បាន​រដ្ឋា​ភិបាល​បណ្តេញ​ចេញ​ពី​កម្ពុជា​។

គ្មាន​ការ​បញ្ជាក់​ពី​មូល​ហេតុ​ ដែល​ឲ្យ​សកម្មជន​បរិស្ថាន​រូបនេះ​រួចផុត​ពីការ​ចោទ​ប្រកាន់​ឡើយ ដោយ​ចៅ​ក្រម​គ្រាន់តែ​អាន​សាល​ក្រម​ថា «សម្រេច​ឱ្យ​លោក អាឡិច រួច​ផុត​បទ​ចោទ​ប្រកាន់ ហើយ​សាល​ក្រម​នេះ​ប្រកាស​ជា​សាធារណៈ​»។ នេះ​បើ​តាម​ លោក សំ ចំរើន ជា​មេធាវី​ការពារ​ក្តី ឲ្យ​លោក​អាឡិច។​

សូម​បញ្ជាក់​ថា អតីត​ប្រធាន​អង្គការ​មាតា​ធម្មជាតិ​រូប​នេះ ត្រូវ​បាន​តុលាការ​ចោទ​ពី​បទ​ផ្តើម​គំនិត​គំរាម​កំហែង​ធ្វើ​ឱ្យ​ខូច​ខាត​ដោយ​ភ្ជាប់​នូវ​បញ្ជា​អ្វី​មួយ ខណៈ​សហការី​៣នាក់​ទៀត​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់ ពី​បទ​គំរាម​កំហែង​ធ្វើ​ឱ្យ​ខូច​ខាត​ដោយ​ភ្ជាប់​នូវ​បញ្ជា​អ្វី​មួយ បន្ទាប់​ពី​ពួក​គេ​តវ៉ា​ប្រឆាំង​នឹង​ការ​បូម​ខ្សាច់​នៅ​ខេត្ត​កោះ​កុង កាល​ពី​អំឡុង​ខែ​កក្កដា និង​សីហា ឆ្នាំ​២០១៥​។

យ៉ាង​ណា​ក៏​ដោយ សកម្មជន​អង្គការ​មាតា​ធម្មជាតិ ៣នាក់ មាន​លោក សាន់ ម៉ាឡា លោក ទ្រី សុវិគា និង​លោក ស៊ីម សំណាង ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន តាំង​ពី​ពេល​នោះ​មក ហើយ​ត្រូវ​បាន​ដោះ​លែង​វិញ​កាល​ពី​ឆ្នាំ​២០១៨ បន្ទាប់​ពី​អនុវត្តន៍​ទោស​បាន​មួយ​ចំនួន ប៉ុន្តែ​នៅ​ជាប់​ពិន័យ​ជា​ទឹក​ប្រាក់​នៅ​ឡើយ​។

លោក សំ ចំរើន ជា​មេធាវី​ការពារ​ក្តី​ឲ្យ​លោក​អាឡិច បាន​សារទ​ចំពោះ​ការ​សម្រេច​នេះ ប៉ុន្តែ​លោក​មិន​ដឹង​ថា​កូន​ក្តី​របស់ខ្លួន​ដែល​តែងតែ​ទទូច​ចង់​វិលមកម្ពុជាវិញ ដើម្បី​ត​តាំងក្តី​ដោយ​ផ្ទាល់​ជាមួយ​តុលាការ​តាំង​ពី​ដំបូង​នោះ អាចមាន​លទ្ធភាព​ចូល​កម្ពុជា​បាន​ដោយ​របៀប​ណា​ទេ ខណៈ​រដ្ឋា​ភិបាល​កម្ពុជា​ដាក់​ឈ្មោះ​បុរស​ជនជាតិ​អេស្ប៉ាញ ​ដែល​និយាយ​ភាសាខ្មែរ​យ៉ាង​ច្បាស់​លាស់​រូប​នេះ​ ចូល​ក្នុង​បញ្ចីខ្មៅ​ដែល​ហាម​ឃាត់​ជាន់​ទឹកដី​កម្ពុជា​ ក្រោយ​ពី​ត្រូវ​បាន​ចាប់​បញ្ជូន​ចេញ​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៥៕