rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា ព្រៃឈើ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

លោក​អាឡិច ថារដ្ឋាភិបាល​ធ្វើការ​រញ៉េរញ៉ៃ មិន​គោរព​ច្បាប់​

media
លោកAlejandro Gonzalez Davidson @Alejandro Gonzalez Davidson

ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ថ្ងៃ​សោះ ការ​សម្រេច​ឲ្យ​លោក Alejandro Gonzalez Davidson ជន​ជាតិ​អេស្បាញ ដែល​ជា​ប្រធាន​អង្គការ​ចលនា​មាតា​ធម្មជាតិ អាច​ចូល​មក​កម្ពុជា ​តាម​ដីកា​កោះ​ហៅ​របស់​តុលាការ​ខេត្ត​កោះកុង​ ត្រូវ​បាន​ក្រឡាប់​ចាក់​។ កាល​ពី​ថ្ងៃ​ទី ៦​មេសា​​ លោក​អាឡិច បាន​ទទួល​ទិដ្ឋការ​អេឡិច​ត្រូនិច (e-Visa) ដែល​មាន​សុពលភាព​ចូល​កម្ពុជា ៣​ខែ ក្នុង​នាម​ជា​ភ្ញៀវ​ទេសចរ​ហើយ​ ប៉ុន្តែ​ស្រាប់​តែ​នៅ​ថ្ងៃ​ទី ៨​មេសា ក្រសួង​ការ​បទេស​កម្ពុជា​ បែរ​ជា​ចេញ​លិខិត​បញ្ជាក់​ថា e-Visa របស់​អាឡិច ត្រូវ​លុប​ចោល​វិញ​។ លោក​អាឡិច ប្រាប់​ថា​លោក​មិន​បាន​ភ្ញាក់​ផ្អើល​ពី​ភាព​រញ៉េ​រញ៉ៃ​នៃ​របៀប​ធ្វើ​ការ​របស់​រដ្ឋាភិបាល​ខ្មែរ​ឡើយ ហើយ​លោក​នឹង​បន្ត​ស្វែងរក​អន្តរាគម​ពី​លោក​ស ខេង ដើម្បី​ផ្តល់ Visa ឲ្យ​លោក​ចូល​ក្នុង​ប្រទេស​កម្ពុជា​ម្តង​ទៀត​។


តាម​លិខិត​របស់​រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​កម្ពុជា លោក​ឡុង វិសាលោ ​ដែល​ផ្ញើរ​ទៅ​កាន់​លោក​សុខ ផល ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​បញ្ជាក់​ថា ដើម​ហេតុ​ដំបូង​ដែល​ក្រសួង​បាន​ចេញ​ e-Visa ឲ្យ​ជនជាតិ​អេស្បាញ ឈ្មោះ​អាឡិច គឺ​ដោយ​សារ​តែ​ប្រព័ន្ធ​ត្រួត​ពិនិត្យ​បញ្ជី​ខ្មៅ ឬ​ហៅ​ថា Blacklist របស់​ប្រព័ន្ធ e-Visa មាន​ភាព​រអាក់​រអួល ដោយ​មិន​ផ្តល់​សញ្ញា​ឲ្យ​ដឹង​ ទើប​បណ្តាល​ឲ្យ​ការិយាល័យ​ e-Visa បាន​ចេញ e-Visa ឲ្យ​ឈ្មោះ​អាឡិច កាល​ពី​ថ្ងៃ​ទី ០៦​មេសា​។ ប៉ុន្តែ​ក្រោយ​មក​ ក្រសួង​ បាន​ជូន​ដំណឹង​ទៅ​សាមី​ខ្លួន ពី​ការ​លុប​ e-Visa នេះ​រួច​ហើយ​។

ក្រៅ​ពី​ជូន​ដំណឹង​ហើយ រដ្ឋ​លេខាធិការ​រូប​នេះ ថែម​ទាំង​ស្នើ​ដល់​មន្ត្រី​អន្តោប្រវេសន៍​តាម​ច្រក​ទ្វារ​អន្តរជាតិ​កម្ពុជា​ទាំងអស់ មិន​អនុញ្ញាត​ឲ្យ​ឈ្មោះ Alejandro Gonzalez Davidson ចូល​ក្នុង​ទឹក​ដី​កម្ពុជា​នោះ​ទេ​។
 
ជុំវិញ​បញ្ហា​នេះ លោក​អាឡិច បាន​ប្រាប់​វិទ្យុ​បារាំង​តាម​សារ​អេឡិច​ត្រូនិច​ថា លោក​មិន​បាន​ភ្ញាក់​ផ្អើល​ពី​ភាព​រញ៉េរញ៉ៃ​នៃ​របៀប​ធ្វើ​ការ​របស់​រដ្ឋាភិបាល​ខ្មែរ ដែល​មិន​បាន​គោរព​ច្បាប់​នោះ​ឡើយ​។ ជា​ជំហាន​បន្ទាប់ លោក​នឹង​ផ្ញើ​លិខិត​ទៅ​លោក​ឧបនាយក​រដ្ឋ​មន្ត្រី​ស ខេង ផ្ទាល់ ដើម្បី​ជម្រាប​ពី​ការ​ចោទ​ប្រកាន់​ទៅ​លើ​រូប​លោក និង​ស្នើ​សុំ​ឲ្យ​លោកស ខេង អនុញ្ញាត​ផ្ដល់​វីស្សា​ ដល់​លោក ដើម្បី​ចូលរួម​ក្នុង​សវនាការ​នា​ពេល​ខាង​មុខ​។ តែ​ប្រសិន​បើ​ការ​ស្នើ​សុំ​ទាំង​នោះ​ ត្រូវ​បរាជ័យ លោក​នឹង​ចាំ​រហូត​ដល់​ការ​បើក​សវនាការ​ទៅ​លើ​រូបលោក​ និង​សកម្មជន​បី​រូប​ទៀត នៅ​ខេត្ត​កោះកុង ដោយ​លោក​ នឹង​ធ្វើ​ដំណើរ​តាម​យន្តហោះ​មក​រាជធានី​ភ្នំពេញ​តែ​ម្ដង។
 
តាម​លោក​អាឡិច ប្រសិន​បើ​រដ្ឋាភិបាល នៅ​តែ​មិន​អនុញ្ញាត​ឲ្យ​លោក ចូល​ការពារ​ខ្លូន​ពី​ការ​ចោទ​ប្រកាន់​ក្នុង​តុលាការ​នោះ​ទេ វា​នឹង​ស​បញ្ជាក់​ថា​រដ្ឋាភិបាល​កម្ពុជា កំពុង​តែ​រំលោភ​ច្បាប់​ខ្លួន​ឯង ហើយ​បង្ហាញ​ថា​ការ​ចោទ​ប្រកាន់​ទៅ​សកម្មជន​ទាំង​បួន​នាក់ គឺ​ជា​រឿង​ដែល​គ្មាន​មូលដ្ឋាន​ពិត​ប្រាកដ​ទាល់​តែ​សោះ។ ហើយ​ទង្វើ​នេះ គ្រាន់​​តែ​ជា​គំរាម​គំហែង និង​បំបាក់​ស្មារតី​ដល់​សកម្មជន​ផ្សេង​ទៀត​តែ​ប៉ុណ្ណោះ។
 
សូម​បញ្ជាក់​ថា លោក​អាឡិច ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ខ្មែរ​បណ្តេញ​ចេញ​ពី​ប្រទេស​កម្ពុជា តាំង​ពី​ខែ​កុម្ភៈ​ឆ្នាំ ២០១៥​នោះ បាន​ព្យាយាម​ចូល​ក្នុង​ប្រទេស​កម្ពុជា​វិញ ដើម្បី​ប្រឈម​ទៅនឹង​ដីកា​កោះហៅ​របស់​តុលាការខេត្ត​កោះកុង។ តុលាការ​សាលា​ឧទ្ធរណ៍​ខេត្ត​កោះកុង ដែល​កោះហៅ​លោក​អាឡិច​ ឲ្យ​ចូល​ខ្លួន​មក​កាន់​តុលាការ​ នៅ​ព្រឹក​ថ្ងៃ​ទី ​៥ ខែ​មេសា ​ដើម្បី​ជំនុំ​ជម្រះ​ពី “បទ​សម​គំនិត​គម្រាម​កំហែង​ថា​នឹង​ធ្វើ​ឲ្យ​ខូចខាត​ដែល​ភ្ជាប់​នូវ​បញ្ជា​អ្វីមួយ​” ​ប្រព្រឹត្ត​ទៅ​នៅ​ស្រុក​បទុមសាគរ ខេត្ត​កោះកុង៕