អានតួអត្ថបទ
កម្ពុជា-នយោបាយ

​មន្រ្តី​រដ្ឋា​ភិបាល​កម្ពុជា​បដិសេធ​ការ​លួច​ដូរ​សំបុត្រ​យន្ត​ហោះ​របស់ លោក សម រង្ស៊ី​

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​អាកាសចរណ៍ស៊ីវិល​បានទាត់​ចោល​ការ​ចោទ​ប្រកាន់​របស់ ​លោក សម រង្ស៊ី ដែលថា​រដ្ឋាភិបាល​កម្ពុជា​ជា​អ្នក​លួច​ចូល​ទៅ​ដូរ​ពេល​វេលា​ហោះហើរ​នៅក្នុង​សំបុត្រ​យន្ត​ហោះ​ដែល​លោក​បាន​ទិញ​ពី​ក្រុម​ហ៊ុន Thai Airways ដើម្បី​ឆ្ពោះ​ទៅ​ទីក្រុង​បាងកក​ ម្សិល​មិញ។ អ្នក​នាំ​ពាក្យ​អាកាស​ចរណ៍​ស៊ីវិល​បាន​ចាត់​ទុក​ការចោទ​ប្រកាន់​របស់ លោក សម រង្ស៊ី ថាជាការ«ភូតភរ បោក​ប្រាស់»។ 

សំបុត្រយន្តហោះរបស់លោក សម រង្ស៊ី ដែលបង្ហោះតាមហ្វេសបុកកាលពីថ្ងៃទី០៦ វិច្ឆិកា
សំបុត្រយន្តហោះរបស់លោក សម រង្ស៊ី ដែលបង្ហោះតាមហ្វេសបុកកាលពីថ្ងៃទី០៦ វិច្ឆិកា @FB
ផ្សាយពាណិជ្ជកម្ម

លោក ជា អូន អ្នក​នាំ​ពាក្យ​រដ្ឋ​លេខា​ធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល​បាន​ឆ្លើយតប​នឹង​វិទ្យុ​បារាំង​អន្តរជាតិRFI​យ៉ាង​ខ្លី​ថា​លោក សម រង្ស៊ី«ដើរ​តែ ចោទ​ប្រកាន់ ភូត​ភរ បោក​ប្រាស់​គេ តែ​ប៉ុណ្ណោះ នេះ​ជា​របរ​រក​ស៊ី​របស់​គាត់​»។

លោក សម រង្ស៊ី ដែល​មិន​អាច​ឡើង​ជិះ​យន្ត​ហោះ Thai Airways ដើម្បី​ចេញ​ពី​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​ទៅ​កាន់​ទីក្រុង​បាង​កក​ប្រទេស​ថៃ កាលពី​ម្សិលមិញ គឺ​ដោយ​សារតែ​សំបុត្រ​យន្តហោះ​របស់លោក​ខុស​ថ្ងៃ​ហោះ​ហើរ ដែល ​លោក សម រង្ស៊ី ចោទ​ថា មក​ពី​ខាង​រដ្ឋាភិបាល​កម្ពុជា​ជា«អ្នក​លួច​ចូល​ទៅ​ដូរ​ថ្ងៃ​ហោះ​ហើរ​របស់​លោក» ព្រោះ​តែ​លោក​បាន​បង្ហោះ​សំបុត្រ​យន្ត​ហោះ​នៅ​តាម​ហ្វេស​ប៊ុក​ដែល​គេ​យក​លេខ​សំងាត់​ទៅ​ដូរ​ជើង​ហោះ​ហើរ​បាន​។

មន្ត្រី​ក្រុម​ហ៊ុន​អាកាស​ចរណ៍ Thai Airways បាន​បញ្ជាក់​ថា «ការ​ដូរ​ថ្ងៃ​ហោះ​ហើរ ឬ​ជើង​ហោះ​ហើរ គឺ​មាន​តែ​អតិថិជន​ផ្ទាល់​ខ្លួន​ឯង​ប៉ុណ្ណោះ មាន​សិទ្ធិ​ប្តូរ​សំបុត្រ​យន្ត​ហោះ ប្រសិន​បើ​ជើង​ហោះ​ហើរ​ផ្សេង​ណា​មួយ​នៅ​ទំនេរ​គឺ​អតិថិនជន​អាច​ដូរ​ដោយ​ខ្លួន​ឯង​តាម​រយៈ (Online Ticketing) ប៉ុន្តែ​សម្រាប់ មន្រ្តី​ក្រុម​ហ៊ុន​គ្មាន​សិទ្ធិ​លួច​ដូរ​ជា​ដាច់​ខាត នេះ​គឺ​ជា​បំរាម​យ៉ាង​ច្បាស់​លាស់​របស់​ក្រុម​ហ៊ុន»។ នេះ​បើ​តាម​បណ្តាញ​ព័ត៌មាន Fresh News ស្និទ​នឹង​រដ្ឋា​ភិបាល​កម្ពុជា​។

បើតាម​បុគ្គលិក​ម្នាក់នៅក្រុម​ហ៊ុនមួយ​ដែល​លក់​សំបុត្រ​យន្តហោះ​នៅទីក្រុង​ភ្នំពេញ​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFI​ថា សំបុត្រ​យន្ត​ហោះ​គេ​អាច​ចូល​ទៅ​ដូរ​ពេល​វា​ហោះ​ហើរ​បាន​តាម​ប្រព័ន្ធ Online តែ​វា​អាស្រ័យ​លើ​ជើង​ហោះ​ហើរ​ផ្សេង​មាន​កៅអី​ទំនេរ​ឬ​អត់​។ ហើយ​ថា​ការ​ដូរ​បាន​ឬ​មិន​បាន គឺ​អាស្រ័យ​លើ​ក្រុម​ហ៊ុន​ជា​អ្នក​សម្រេច​គឺ​មិន​អាច​ឲ្យ​អតិថិជន​ប្តូរ​បាន​ដោយ​ខ្លួន​ឯង​ឡើយ​។

យ៉ាង​ណា​ក៏​ដោយ ក្រៅ​តែ​ពី​បញ្ហា​សំបុត្រ​យន្ត​ហោះ​នេះ លោក សម រង្ស៊ី ក៏​បាន​អះអាង​ថា បញ្ហានយោបាយ​គឺ​ជា​រឿង​មួយ​ទៀត​ដែល​បុគ្គលិក​ក្រុម​ហ៊ុន​ល្បី​ឈ្មោះ Thai Airways មួយ​នេះ បាន​ប្រាប់​លោក​ថា មាន​ថ្នាក់​ដឹកនាំ​កំពូល​ថៃ​បាន​ហាម​ប្រាម​មិន​ឲ្យ​ដឹក​មេដឹកនាំ​បក្ស​ប្រឆាំង​កម្ពុជា​រូបនេះ​ចូល​ប្រ​ទេស​ថៃ​ឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ