របាយការណ៍កសិកម្មឆ្នាំ២០១៧៖ បទល្មើសព្រៃឈើ សត្វព្រៃ និងការទន្រ្ទានដីព្រៃថយចុះតិចតួច
របាយការណ៍របស់ក្រសួងកសិកម្មប្រចាំឆ្នាំ២០១៧ បង្ហាញថាបទល្មើសព្រៃឈើ សត្វព្រៃ និងបទល្មើសកាប់រានទន្ទ្រានដីព្រៃមានការថយចុះប្រមាណ៦០ករណីប៉ុណ្ណោះ ធៀបនឹងឆ្នាំ២០១៦ ដែលបានកើតឡើងប្រមាណជិត១.៥ពាន់ករណី។ ផ្ទុយទៅវិញបណ្តាញសហគមន៍ការពារធនធានធម្មជាតិអះអាងថាបទល្មើសព្រៃឈើមានការកើនឡើង ស្របនឹងស្ថានការណ៍នយោបាយនៅកម្ពុជា។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៣៦
ក្នុងរបាយការណ៍របស់ខ្លួនចេញផ្សាយ កាលពីថ្ងៃទី២៥ ខែមករា ក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទឲ្យដឹងថា ក្នុងឆ្នាំ២០១៧ សំណុំរឿងបទល្មើសព្រៃឈើ សត្វព្រៃ និងកាប់រានដីព្រៃមានចំនួនសរុបប្រមាណ១,៤២៨ករណី ដោយពិន័យអន្តរការណ៍ចំនួន ៦៥០ករណី និងបញ្ជូនទៅតុលាការមានចំនួន ៧៧៨ករណី។
ប្រៀបធៀបនឹងឆ្នាំ២០១៦ កន្លងទៅ ករណីបទល្មើសព្រៃឈើ សត្វព្រៃ និងការកាប់រានដីព្រៃ បានថយចុះប្រមាណ៦២ករណី ពោលគឺក្នុងឆ្នាំ២០១៦ ករណីទាំងនេះមានចំនួនសរុបប្រមាណ ១,៤៩០ករណី ដោយបញ្ជូនទៅតុលាការចំនួន ១,១១០ករណី និងពិន័យអន្តរការណ៍ចំនួន៣៨០ករណី។
ផ្ទុយពីរបាយការណ៍របស់ក្រសួងកសិកម្ម លោក សេង សុខហេង អ្នកសម្របសម្រួលលេខាធិការដ្ឋានបណ្តាញកសាងសន្តិភាពសហគមន៍ បានលើកឡើងថាបទល្មើសព្រៃឈើនៅក្នុងប្រទេសកម្ពុជានៅឆ្នាំ២០១៧ ធៀបនឹងឆ្នាំ២០១៦ មានការកើនឡើង។
លោកលើកឡើងថានៅពាក់កណ្តាលឆ្នាំ២០១៧ ករណីបទល្មើសព្រៃឈើមានការថយចុះបន្តិច ប៉ុន្តែចាប់ពីពាក់កណ្តាលឆ្នាំ២០១៧មកដើមឆ្នាំ២០១៨ បទល្មើសព្រៃឈើបានកើនឡើងវិញ។ លោកកត់សម្គាល់ថា ការកើនឡើងនៃបទល្មើសព្រៃឈើ កើតមាននៅក្នុងតំបន់ព្រៃឡង់ និងភូមិភាគឦសាននៃប្រទេសកម្ពុជា បន្ទាប់ពីកម្ពុជាមានវិបត្តិនយោបាយ។
បើតាមលោក សេង សុខហេង បទល្មើសព្រៃឈើក្នុងឆ្នាំ២០១៦មានការថយចុះ បន្ទាប់ពីរដ្ឋាភិបាលចេញបទបញ្ជា រួមទាំងការបង្កើតគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងការផ្ទេរភារកិច្ចរវាងក្រសួងកសិកម្ម និងក្រសួងបរិស្ថានជុំវិញការគ្រប់គ្រងធនធានធម្មជាតិ។
លោក អេង ហ៊ី អ្នកនាំពាក្យគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី២៦ ខែមករាថា គណៈកម្មការបានបង្រ្កាបច្រើនករណីល្មើស ប៉ុន្តែមិនមានការវាយតម្លៃថាកើនឡើង ឬយ៉ាងណានោះទេ។
លោក អេង ហ៊ី បន្ថែមថា ការបង្រ្កាបបទល្មើសធនធម្មជាតិធ្វើឡើងក្នុងដំណាក់កាលទី២ ចាប់ពីខែមេសា ឆ្នាំ២០១៦ រហូតដល់ខែធ្នូឆ្នាំ២០១៧ រឹបអូសឈើបានប្រមាណ ៥,០០០ម៉ែត្រគូប។ លោកបញ្ជាក់ថា បើប្រៀបធៀបការបង្រ្កាបក្នុងដំណាក់កាលទី១ ក្នុងឆ្នាំ២០១៦ និងដំណាក់កាលទី២ នេះ បទល្មើសព្រៃឈើមានការថយចុះ។ លោកបន្តថានៅដើមឆ្នាំ២០១៦ ក្រោយពីបង្កើតគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ គណៈកម្មការនេះបានបង្រ្កាបបទល្មើសព្រៃឈើបានប្រមាណ ៧ម៉ឺនម៉ែត្រគូប៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ