អានតួអត្ថបទ
កម្ពុជា-សុខាភិបាល

​រដ្ឋា​ភិបាល​កម្ពុជា​៖ ករណី​ស្លាប់​ដោយ​សារ​ជំងឺ​គ្រុន​ចាញ់ ត្រូវ​បាន​កាត់​បន្ថយ​បាន​៩៩%​ដល់​ពេល​បច្ចុប្បន្ន​

ទិវា​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់ និង​ទិវា​គ្រុន​ចាញ់​ពិភពលោក​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៥ ខែមេសា ឆ្នាំ​២០១៩ ខាង​មុខ​នេះ​ក្រោម​ប្រធាន​បទ«គ្មាន​ជំងឺ​គ្រុន​ចាញ់ ផ្ដើម​ចេញ​ពី​ខ្ញុំ»។ ឆ្លៀត​ឱកាស​នេះ រដ្ឋា​ភិបាល​កម្ពុជា បាន​បង្ហាញ​ឱ្យ​ដឹង​ថា មក​ដល់​ពេល​នេះ ករណី​ស្លាប់​ដោយ​សារ​តែ​ជំងឺ​គ្រុន​ចាញ់​ត្រូវ​បាន​កាត់​បន្ថយ​បាន​៩៩%​ហើយ​។ ទោះ​ជា​បែប​នេះ​ក្តី លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន បាន​ក្រើន​រំឮក​ដល់​ភាគី​ពាក់​ព័ន្ធ​កុំ​ឱ្យ​ភ្លេច​ខ្លួន គឺ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លុប​បំបាត់​ជំងឺ​នេះ​នៅ​កម្ពុជា​។ 

សត្វមូសជាភ្នាក់ងារចម្លងជំងឺគ្រុនចាញ់ (រូបតំណាង)
សត្វមូសជាភ្នាក់ងារចម្លងជំងឺគ្រុនចាញ់ (រូបតំណាង) @Internet
ផ្សាយពាណិជ្ជកម្ម

របាយ​ការណ៍​ប្រចាំ​ឆ្នាំ​ក្នុង​សេវា​សុខា​ភិបាល​សាធារណៈ​របស់​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់​បាន​បង្ហាញ​ថា អត្រា​ជំងឺ​គ្រុន​ចាញ់​នៅ​កម្ពុជា​មក​ទល់​ឆ្នាំ​២០១៨ បាន​ថយ​ចុះ៨៥% ហើយ​ករណី​ស្លាប់​បាន​កាត់​បន្ថយ​៩៩% បន្ទាប់​ពី​ដំណើរ​ការ​អនុវត្ត​ផែន​ការ​យុទ្ធ​សាស្រ្ត​ជាតិ​លុប​បំបាត់​ជំងឺ​គ្រុន​ចាញ់​ឆ្នាំ​២០១១-២០២៥​។ តាម​របាយការណ៍​ដដែល នេះ​មាន​ន័យ​ថា ករណី​គ្រុន​ចាញ់​ជាង​១៧​ម៉ឺន​ករណី និង​ស្លាប់​ចំនួន​ពី​៤៤៦​នាក់​ទៅ​៨៩១​នាក់​ក្នុង​មួយ​ឆ្នាំៗ​កាល​ពី​មុន​ឆ្នាំ​២០១១ ត្រូវ​បាន​កាត់​បន្ថយ​មក​ត្រឹម​ជាង​៦ម៉ឺន​ករណី និង មិន​មាន​ស្លាប់​សោះ​នៅ​ក្នុង​ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ​។ សម្រាប់​រដ្ឋា​ភិបាល​កម្ពុជា នេះ​ជា​លទ្ធផល​នៃ​ការ​អនុវត្ត​ការងារ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​របស់​អាជ្ញាធរ​។

បើ​ទោះ​ជា​បែប​នេះ​ក្តី នៅ​ក្នុង​លិខិត​ថ្លែង​ក្នុង​ឱកាស​ទិវា​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់​ដែល​ទើប​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ព្រហស្បត្តិ៍​នេះ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន បាន​ប្រាប់​ទៅ​ភាគី​ពាក់​ព័ន្ធ​កុំ​ឱ្យ​មាន​ការ​ភ្លេច​ខ្លួន​នឹង​លទ្ធផល​នេះ​។ បើ​តាម​លោក​នាយក​រដ្ឋ​មន្រ្តី រដ្ឋា​ភិបាល​កម្ពុជា​តែង​តែ​ផ្តល់​លទ្ធ​ភាព និង លើក​ទឹក​ចិត្ត​ឱ្យ​មាន​ចលនា​គៀរ​គរ​ប្រមូល​ប្រភព​ធន​ធាន ដើម្បី​ជំរុញ​ការ​ងារ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់​ឱ្យ​កាន់​តែ​មាន​សកម្មភាព​ខ្លាំង​ក្លា​បន្ថែម​ទៀត​ឆ្ពោះ​ទៅ​លុប​បំបាត់​ជំងឺ​នេះ​ឱ្យ​បាន​តាម​ផែន​ការ​កំណត់​។

សូម​បញ្ជាក់​ថា ទិវា​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់ និង​ទិវា​គ្រុន​ចាញ់​ពិភព​លោក​នៅ​ឆ្នាំ​នេះ​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៥ ខែ​មេសា ខាង​មុខ​នេះ ក្រោម​ប្រធាន​បទ«គ្មានជំងឺគ្រុនចាញ់ ផ្ដើម​ចេញ​ពី​ខ្ញុំ»។ ចំណែក រដ្ឋា​ភិបាល​កម្ពុជា​នឹង​រៀប​ចំ​ទិវា​នេះ​នៅ​ថ្ងៃ​ទី២២ ខែមេសា ឆ្នាំ២០១៩ នៅ​ក្នុង​ស្រុក​កោះ​ញែក ខេត្ត​មណ្ឌល​គិរី ដោយ​មាន​ការ​ចូល​រួម​ពី​លោក ម៉ម ប៊ុនហេង រដ្ឋ​មន្រ្តី​ក្រសួង​សុខា​ភិបាល​។ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន បាន​គូស​បញ្ជាក់​ថា ទិវា​នេះ​ប្រារព្ធ​ឡើង​ក្នុង​គោល​បំណង​ជំរុញ និង​បំផុស​ការ​យល់​ដឹង និង​យក​ចិត្ត​ទុក​ដាក់​កាន់​តែ​ខ្ពស់​បន្ថែម​ទៀត ក្នុង​ការ​លើក​កម្ពស់​សុខុមាល​ភាព​សង្គម និង​សំដៅ​រួម​ចំណែក​ដល់​ការ​ថែ​រក្សា​សុខាភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ