អានតួអត្ថបទ
កម្ពុជា

ក្រោយ​ដោះ​លែង​លោក​ សួន សេរីរដ្ឋា ទំនាស់​ដណ្តើម​គ្រប់​គ្រង​បក្ស​បាន​កើត​ឡើង

អនុប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក ប៉ែន ស៊ាប នៅ​ថ្ងៃ​ទី​២៧​សីហា​ម្សិល​មិញ​បាន​ប្រកាស​គាំទ្រ​បេក្ខភាព លោក សួន សេរីរដ្ឋា មក​ដឹក​នាំ​គណបក្ស​អំណាច​ខ្មែរ​វិញ។ អ្វី​ជា​ការ​កត់​សម្គាល់ ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ផ្ទុយ​ពី​ការ​អះអាង​របស់ ​​លោក សួង សុភ័ណ្ឌ ដែល​បច្ចុប្បន្ន​ជា​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ថា គណបក្ស​គ្មាន​ផែនការ​ធ្វើ​សមាជ​ដើម្បី​ផ្លាស់​ប្ដូរ​មេ​ដឹក​នាំ​កំពូល ឬ​និយាយ​ឲ្យ​សាមញ្ញ​ថា គ្មាន​ផែនការ​ធ្វើ​សមាជ​ទទួល​យក​លោក សួន សេរីរដ្ឋា មក​ដឹក​នាំ​បក្ស​វិញ​ឡើយ។

លោក សួន សេរីរដ្ឋា ស្ថាបនិក​គណបក្ស​អំណាច​ខ្មែរ
លោក សួន សេរីរដ្ឋា ស្ថាបនិក​គណបក្ស​អំណាច​ខ្មែរ
ផ្សាយពាណិជ្ជកម្ម

«ការ​បង្ហាញ​ជំហរ​មិន​ទទួល​យក លោក សួន សេរីរដ្ឋា មក​ដឹក​នាំ​គណបក្ស​វិញ​ពី​សំណាក់​លោក សួង សុភ័ណ្ឌ គឺ​មិន​មែន​ជា​តំណាង​ឲ្យ​ឆន្ទៈ​របស់​គណបក្ស ឬ​ឆន្ទៈ​របស់​សមាជិក​គណបក្ស​នោះ​ទេ»។ នេះ​គឺ​ជា​ការ​អះអាង​របស់ លោក ប៉ែន ស៊ាប អនុប្រធាន​គណបក្ស​អំណាច​ខ្មែរ តាម​រយៈ​សេចក្ដី​ជូន​ដំណឹង​ចុះ​ថ្ងៃ​ទី​២៧​សីហា​ម្សិល​មិញ។

បើ​តាម​លោក​អនុប្រធាន​បក្ស​រូប​នេះ សម្ដី​លោក សួង សុភ័ណ្ឌ ធ្វើ​ឡើង​តែ​ម្នាក់​ឯង​គត់​ដោយ​មិន​មាន​ការ​ប្រជុំ​ពិភាក្សា​ពី​តំណាង សមាជិក​សមាជិកា ក្រុម​ប្រឹក្សា​នយោបាយ​និង​អនុប្រធាន​ណា​មួយ​របស់​បក្ស​ឡើយ។ ហើយ​សមាជិក​នៃ​សមាសភាព​ទាំង​នេះ នឹង​ស្នើ​ទៅ​ក្រសួង​មហា​ផ្ទៃ ដើម្បី​ពិនិត្យ​មើល​ភាព​ស្រប​ច្បាប់​នៃ​សមាជ​របស់​គណបក្ស​ក្រោយ​ការ​ចាប់​ខ្លួន​លោក សួន សេរីរដ្ឋា តើ​ស្រប​តាម​លក្ខន្តិកៈ​បក្ស និង​ស្រប​ច្បាប់​ឬ​អត់។

នៅ​ក្នុង​បទ​សម្ភាស​ជាមួយ​វិទ្យុ​បារាំង​អន្តរជាតិ នៅ​ថ្ងៃ​ទី​២៦​សីហា លោក សួង សុភ័ណ្ឌ កំពុង​កាន់​តំណែង​ជា​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​បាន​គូស​បញ្ជាក់​ថា ការណ៍​ដែល​គណបក្ស​មិន​ធ្វើ​សមាជ​ទទួល​យក លោក សួន សេរីរដ្ឋា មក​ដឹក​នាំ​បក្ស​វិញ ព្រោះ លោក សួន សេរីរដ្ឋា សរសេរ​លិខិត​សុំទោស លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​ពុំ​បាន​ឆ្លង​យោបល់​បក្ស។ ចំណុច​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តយស​បក្ស​អំណាច​ខ្មែរ ដែល​ជា​បក្ស​ប្រឆាំង​ដាច់​ខាត​ជាមួយ​គណបក្ស​ដឹក​នាំ​រដ្ឋាភិបាល។ នេះ​បើ​តាម លោក សួង សុភ័ណ្ឌ។

ប៉ុន្តែ​យ៉ាង​ណា​មិញ​សម្រាប់ លោក សួន សេរីរដ្ឋា ថា ការ​សរសេរ​លិខិត​សុំ​ទោស​របស់​លោក ជូន​ចំពោះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ដូច​ជា​មន្ត្រី​ក្នុង​ជួរ​កង​ទ័ព ព្រោះ​លោក​ដឹង​ពី​កំហុស​នៃ​ការ​បញ្ចេញ​មតិ​ថា បាន​ប៉ះ​ពាល់​ដល់​កិត្តយស​កង​ទ័ព​មួយ​ចំនួន។

ចំពោះ​លោក សួន សុភ័ណ្ឌ ទង្វើ​លោក សួន សេរីរដ្ឋា សរសេរ​លិខិត​សុំ​ទោស លោក ហ៊ុន សែន បែប​នេះ នាំ​ឲ្យ​ពលរដ្ឋ​យល់​ថា បក្ស​អំណាច​ខ្មែរ​មិន​ខុស​ពី​បក្ស​ផ្សេង ដែល​រណប​រដ្ឋាភិបាល​ឡើយ។

សូម​បញ្ជាក់​ថា លោក​សួន សេរីរដ្ឋា គឺ​ជា​ស្ថាបនិក​គណបក្ស​អំណាច​ខ្មែរ។ ក្រោយ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន​ក្នុង​សំណុំ​ប្រមាថ​កង​ទ័ព លោក​ក៏​សម្រេច​ផ្ទេរ​តំណែង​គ្រប់​គ្រង​បក្ស​ទៅ​ឲ្យ លោក សួង សុភ័ណ្ឌ​ ដឹក​នាំ​ជំនួស។ ក្រោម​ការ​ដឹក​នាំ​របស់​លោក សួង សុភ័ណ្ឌ គណបក្ស​អំណាច​ខ្មែរ មិន​បាន​ចូល​រួម​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ