អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

ADB ​នឹង​ផ្តល់​កម្ចី​ជាង​៣០​លាន​ដុល្លារ ដល់​រោង​ម៉ាស៊ីន​កិន​ស្រូវ​នៅ​កម្ពុជា​

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ហៅ​កាត់​ថា ADB គ្រោង​ផ្តល់​កម្ចី​រហូត​ដល់​ជាង​៣០​លាន​ដុល្លារ​ទៅ​កាន់​រោង​ម៉ាស៊ីន​កិន​ស្រូវ​ចំនួន​១០ នៅ​កម្ពុជា ។ បើ​តាម ADB ការផ្តល់​កម្ចី​នេះជា​ការ​រួម​ចំណែក​ជួយ​វិស័យ​ស្រូវ​-​អង្ករ​កម្ពុជា។​ លោក ហ៊ុន ឡាក់ អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​នៅ​កម្ពុជា រំពឹង​ថា តាម​រយៈ​​ប្រាក់​កម្ចី​ពី ADB កម្ពុជា​នឹង​អាច​នាំ​ចេញ​អង្ករ​​ទៅ​ក្រៅ​ប្រទេស​កាន់​តែ​ច្រើន ទៅ​តាម​ផែនការ​ដែល​បាន​កំណត់។

​រោង​ម៉ាស៊ីន​កិន​ស្រូវ​នៅ​កម្ពុជា​
​រោង​ម៉ាស៊ីន​កិន​ស្រូវ​នៅ​កម្ពុជា​ @សហការី
ផ្សាយពាណិជ្ជកម្ម

ADB គ្រោង​នឹង​ផ្តល់​កម្ចី​រហូត​ដល់​ជាង​៣​លាន​ដុល្លារ​ទៅ​កាន់​រោង​ម៉ាស៊ីន​នីមួយៗ ក្នុង​ចំណោម​រោង​ម៉ាស៊ីន​ទាំង​១០ ដែល​បាន​សិក្សា​កន្លង​មក។ បើ​តាម​មន្រ្តី​ជំនាញ​នៃ​ស្ថាប័ន​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍ SBK កន្លង​មក​គម្រោង​អភិវឌ្ឍន៍​វិស័យ​ស្រូវ​អង្ករ របស់ ADB បាន​សិក្សា​នៅ​លើ​ខេត្ត​ចំនួន​៣ គឺ ខេត្ត​ព្រៃវែង កំពង់ធំ និង​បាត់ដំបង និង​មាន​ប្រព័ន្ធ​ស្រោច​ស្រព​ដែល​អាច​គ្រប​ដណ្តប់​លើ​ផ្ទៃ​ដី​បាន​រហូត​ដល់​ជាង ១​ម៉ឺន ហិចតា។

ការ​លើក​ឡើង​យ៉ាង​ដូច្នេះ ធ្វើ​ឡើង​នៅ​ក្នុង​ជួប​ពិភាក្សា ស្តីពី គម្រោង​អភិវឌ្ឍន៍​វិស័យ​ស្រូវ​អង្ករ កាល​ពី​ថ្ងៃ​ទី​៩​​ សីហា រវាង មន្រ្តី​ជំនាញ​នៃ​ស្ថាប័ន​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍ SBK និង​អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា។

លោក មូល សា​រិទ្ធី អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ក៏​បាន​ទាមទារ​ឲ្យ​គ្រប់​ភាគី​ពាក់​ព័ន្ធ បន្ត​ចូល​រួម​កាន់​តែ​ច្រើន ដើម្បី​ជួយ​ពិនិត្យ​លទ្ធភាព ក្នុង​ការ​ផ្តល់​កម្ចី​ដែល​មាន​អត្រា​ការ​ប្រាក់​ទាប ​ដល់​រោង​ម៉ាស៊ីន និង​ដល់​សហគមន៍​កសិកម្ម​។ កន្លង​មក សហគមន៍​កសិកម្ម​នៅ​មាន​ការ​ខ្វះ​ខាត​ដើម​ទុន​ច្រើន ពិសេស​ដើម​ទុន​សម្រាប់​ធ្វើ​ទំនើប​កម្ម​​កសិកម្ម​បាន​ដោយ​ខ្លួន​ឯង។

គួរ​ជម្រាប​ជូន​ថា ក្រៅ​ពី​ធនាគារ ADB រដ្ឋាភិបាល​កម្ពុជា​ទើបបាន​បង្កើន​ឥណទាន​ជា​ទុន​បង្វិល ដល់​៥០​លាន​ដុល្លារ ដែល​ជា​កញ្ចប់​ថវិកា ពិសេស​របស់​រដ្ឋ​ចំនួន ៤៣​លាន​ដុល្លារ និង​មូលនិធិ​ផ្ទាល់​របស់​ធនាគារ​អភិវឌ្ឍន៍​ជន​បទ​ចំនួន​៧​លាន​ដុល្លារ ដើម្បី​ទ្រទ្រង់​វិស័យ​ស្រូវ​-​អង្ករ​នៅ​កម្ពុជា​។ ​

​ការ​នាំ​ចេញ​អង្គរ​នៅ​ឆ្នាំ​២០១៨​នេះ ត្រូវ​បាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ព្យាករណ៍​ថា អាច​នឹង​មាន​ការ​ថយ​ចុះ​តិច​ជាង​ឆ្នាំ​មុន។ ថយ​ចុះ​ដោយ​សារ​តែ កម្ពុជា មិន​ទាន់​មាន​រោង​ឃ្លាំង​ស្តុក​ស្រូវ​គ្រប់​គ្រាន់ រោង​ម៉ាស៊ីន​កិន​ស្រូវ​ភាគច្រើន​មិន​មាន​ស្រូវ​នៅ​ក្នុង​ស្ដុក ខណៈ​សមត្ថភាព​ឃ្លាំង​ស្ដុក​នៅ​មាន​កម្រិត​ គួប​ផ្សំ​នឹង​ការ​ប្រកួត​ប្រជែង​ទីផ្សារ​នៃ​ប្រទេស​ក្បែរ​ខាង​ផង។

យ៉ាង​ណា​ក៏​ដោយ លោក ហ៊ុន ឡាក់ អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា រំពឹង​ទុក​ថា តាម​រយៈ​ការ​ផ្តល់​ប្រាក់​កម្ចី​នេះ នឹង​អាច​ជួយ​ជម្រុញ​ឱ្យ​កម្ពុជា អាច​នាំ​ចេញ​អង្ករ ​ទៅ​ក្រៅ​ប្រទេស​កាន់​តែ​ច្រើន។ ខណៈ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា មាន​គម្រោង​ជម្រុញ​ការ​នាំ​អង្ករ​ចេញ​ឱ្យ​បាន​១​លាន​៥​សែន​តោន​ក្នុង​១​ឆ្នាំ នៅ​ឆ្នាំ ២០២១ ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ