rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

តុលាការ នយោបាយ ច្បាប់

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ព្រះ​សង្ឃ​១​អង្គ ​និង​ប្រធាន​អង្គការ​សង្គម​ស៊ីវិល​២​រូប​ទៀត​ ត្រូវ​ចោទ​​ពី​បទ​រំលោភ​ទំនុក​ចិត្ត​ បន្ទាប់ពី​មរណភាព​​លោក​កែម ឡី

media
ពលរដ្ឋ អ្នកនយោបាយ ចូលរួមខូប១ឆ្នាំលោកបណ្ឌិត កែម ឡី

ព្រះ​តេជគុណ​ប៊ុត ប៊ុនតិញ​លោក​ប៉ា ងួនទៀង ​និង​លោក​មឿ​ន ​តុលា ​ត្រូវ​ស្ថាប័ន​អយ្យការ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ធ្វើការ​ចោទ​ប្រកាន់​ពី​បទ ​រំលោភ​ទំនុក​ចិត្ត ​តាម​មាត្រា​៣៩១ ​និង​៣៩២ ​នៃ​ក្រម​ព្រហ្មទណ្ឌ​។ ​ការ​ចោទ​ប្រកាន់​នេះ ​ធ្វើឡើង​បន្ទាប់​ពី​អតីត​សមាជិក​គណៈកម្មការ​បុណ្យ​សព ​លោក​បណ្ឌិត​កែម ឡី ​ទាំង​៣​រូប​នេះ ​រង​នូវ​ពាក្យ​បណ្តឹង​របស់​ប្រធាន​គណបក្ស​យុវជន​កម្ពុជា ​ពាក់ព័ន្ធ​នឹង​តម្លាភាព​នៃ​ការ​គ្រប់គ្រង​ថវិកា​បុណ្យ​សព​លោក​កែម ឡី​។


ព្រះរាជ​អាជ្ញា​រង​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក​គុជ គឹម​ឡុង បាន​សម្រេច​បើក​ការ​ស៊ើបសួរ​លើ​អង្គ​ហេតុ​និង​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ឃុំខ្លួន​បណ្តោះ​អាសន្ន ​ដល់​បុគ្គល​ទាំងបី​រូប​រួមមាន ​ព្រះ​តេជគុណ ​ប៊ុត ប៊ុន​តិ​ញ ប្រធាន​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ​កម្ពុជា ​លោក​មឿ​ន តុលា នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ ​និង​សិទ្ធិ​មនុស្ស​(​សង់​ត្រា​ល់) ​និង​លោក ប៉ា ​ងួនទៀង នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​។

នៅក្នុង​លិខិត​របស់​ព្រះរាជអាជ្ញា ​ដែល​ចុះ​កាល​បរិច្ឆេទ​កាលពី​ថ្ងៃ​ទី​៤​មករា ​ហើយ​ទើប​ដល់ដៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅថ្ងៃ​នេះ ​លើកឡើង​ថា ​អតីត​សមាជិក​គណៈកម្មការ​បុណ្យសព បណ្ឌិត​កែម ឡី ទាំង៣រូប បាន​ប្រព្រឹត្ត​ពាក់ព័ន្ធ​ទៅនឹង​ការចាត់ចែង​ថវិកា ដែលជា​បច្ច័យ​ចាប់តាំងពី​បុណ្យសព រហូតដល់​បុណ្យ១០០ថ្ងៃ ដែលមាន​ប្រហែល ៣០០ ០០០ដុល្លារ។ អត្ថបទ​របស់​ព្រះរាជអាជ្ញា​បញ្ជាក់ថា ក្រុមគ្រួសារ​លោក​កែម ឡី ទទួល​បច្ច័យ​ពី​ប្រជាពលរដ្ឋ​ចំនួន​តែ ៦ពាន់​ដុល្លារ ថវិកា​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ចំនួន៥ម៉ឺន​ដុល្លារ និង​ថវិកា​ក្រុមការងារ​លោក​ពេជ្រ ស្រស់ ជាង៣លាន​រៀល​ប៉ុណ្ណោះ។

ទោះយ៉ាងណា​ព្រះ​តេជគុណ ប៊ុត ប៊ុន​តិ​ញ លោក​មឿ​ន តុលា និង​លោកប៉ា ងួនទៀង នៅ​មិនមាន​ប្រតិកម្ម​អ្វី​ទេ ប្រឈម​នឹង​ការចោទប្រកាន់​ពេលនេះ ហើយ​អ្នក​ទាំង៣ ក៏​មិនទាន់​ត្រូវបាន​ឃាត់ខ្លួន​នៅឡើយ​ដែរ។ ក៏ប៉ុន្តែ​កាលពី​ខែវិច្ឆិកា​ឆ្នាំ២០១៧ កន្លងទៅនេះ លោក​មឿ​ន តុលា​បាន​ប្រាប់​វិទ្យុ​បារាំង​ថា ការចោទប្រកាន់​ទាំងអស់​មកលើ​រូបលោក​គឺ​មិន​ពិត​ទេ។

សូម​បញ្ជាក់​ថា ការ​ចោទប្រកាន់​របស់​ស្ថាប័ន​អយ្យការ ​ទៅលើ​អតីត​សមាជិក​គណៈកម្មការ​បុណ្យសព​លោក​បណ្ឌិត កែម ឡី បាន​ធ្វើឡើង​បន្ទាប់ពី​មាន​ពាក្យបណ្តឹង​របស់លោក​ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា កាលពី​ថ្ងៃ​ទី​៨​ខែ​កញ្ញា​ឆ្នាំ២០១៧ ​ជុំវិញ​ការបាត់​ថវិកា​បុណ្យសព រហូតដល់​បុណ្យ​១០០​ថ្ងៃ​៕