អានតួអត្ថបទ
កម្ពុជា

ACU៖ ខ្លួន​មិន​មាន​សមត្ថកិច្ច​ស៊ើប​អង្កេត​លើ​ពាក្យ​បណ្តឹង​ថា ប្រធាន​អង្គការ​អាដហុក​គេច​វេស​មិន​បង់​ពន្ធ​ជូន​រដ្ឋ​

ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​អះអាង​ថា អង្គភាព​របស់​ខ្លួន​មិន​មាន​សមត្ថកិច្ច​ដើម្បី​ស៊ើប​អង្កេត​លើ​ពាក្យ​បណ្តឹង ដែល​ថា​ប្រធាន​អង្គការ​អាដហុក​និង​ភរិយា គេច​វេស​ពី​ការ​បង់​ពន្ធ​លើ​ថ្លៃ​ជួល​ផ្ទះ​នោះ​ទេ។ ពាក្យ​បណ្តឹង​ដែល​ធ្វើ​ឡើង​ដោយ​ជន​អនាមិក ខណៈ​ដែល​អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក (Adhoc) បាន​បង្ហាញ​ពី​ចម្ងល់​លើ​ករណី​ចុង​ក្រោយ​នេះ។

លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ
លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ @សហការី
ផ្សាយពាណិជ្ជកម្ម

ការ​ច្រាន​ចោល​របស់​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ គឺ​បន្ទាប់​ពី​ការ​ស៊ើប​អង្កេត​មួយ​បង្ហាញ​ថា សមាគម​សិទ្ធិ​មនុស្ស​អាដហុក មិន​មាន​បញ្ហា​រឿង​មិន​បង់​ពន្ធ​ជួល​ផ្ទះ​ជូន​រដ្ឋ​នោះ​ទេ។ ឆ្លើយ​តប​តាម​រយៈ​សារ​អេឡិច​ត្រូនិច មក​កាន់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​ព្រឹក​ថ្ងៃ​ទី ២ សីហា​នេះ លោក ឱម យ៉ិនទៀង បាន​លើក​ឡើង​ថា ពីរ​នាក់​ប្តី​ប្រពន្ធ គឺ​លោក ធន សារ៉ាយ និង​ភរិយា​លោក​ស្រី ឆាយ សុវណ្ណ ពិត​ជា​បាន​ជួល​ផ្ទះ​របស់​ខ្លួន ឲ្យ​ទៅ​អង្គការ​របស់​ខ្លួន​មែន ហើយ​បាន​បង់​ពន្ធ​កាត់​ទុក​គ្រប់​ចំនួន។ តែ​ប្រសិន​បើ​អ្នក​ទាំង​ពីរ មិន​បាន​បង់​ពន្ធ​ទេ នោះ​វា​ជា​បទ​ល្មើស ស្ថិត​ក្នុង​សមត្ថកិច្ច​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ មិន​ស្ថិត​ក្នុង​សមត្ថកិច្ច​របស់ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ទេ។

គួរ​ជំរាប​ជូន​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) បាន​ទទួល​ពាក្យ​បណ្តឹង​មួយ​ចុះ​ថ្ងៃ​ទី ១៩ ខែ​មិថុនា ឆ្នាំ​២០១៨​ថា ប្តី​ប្រពន្ធ​លោក ធន សារ៉ាយ ប្រធាន​សមាគម​សិទ្ធិ​មនុស្ស​អាដហុក បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ដោយ​មិន​បង់​ប្រាក់​ពន្ធ​ថ្លៃ​ជួល​ផ្ទះ ឬ​ពន្ធ​កាត់​ទុក ជូន​រដ្ឋ​នៅ​ឆ្នាំ​២០១៥ និង​ឆ្នាំ​២០១៦។ ប៉ុន្តែ​ផ្អែក​តាម​ការ​ប្រមូល​ព័ត៌មាន​នៃ​ការ​គ្រប់​គ្រង​អចលនទ្រព្យ និង​ការ​បំពេញ​កាតព្វកិច្ច​សារពើពន្ធ​លើ​ឈ្នួល​ផ្ទះ និង​ដី​ខាង​លើ​នេះ​បង្ហាញ​ថា ម្ចាស់​ផ្ទះ​បាន​បំពេញ​កាតព្វកិច្ច​សារពើពន្ធ​ដោយ​បាន​បង់​ប្រាក់​ពន្ធ​កាត់​ទុក​លើ​ឈ្នួល​ផ្ទះ និង​ដី​ចំនួន​១០% ជាង​៩២០០០០​រៀល ឬ​ស្មើ​នឹង​២៣០​ដុល្លារ​អាមេរិក​សម្រាប់​ឆ្នាំ​២០១៦។ ដោយ​ឡែក ចំពោះ​ទិន្នន័យ​ក្នុង​ឆ្នាំ​២០១៥​វិញ អគ្គនាយកដ្ឋាន​ពន្ធដារ​មិន​មាន​ទេ ព្រោះ​មិន​ទាន់​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​ប្រពន្ធ Single Invoices នៅ​ឡើយ។

យ៉ាង​ណា​ក៏​ដោយ លោក សឹង សែនករុណា អ្នក​នាំ​ពាក្យ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក បាន​អះអាង​ថា សមគម​របស់​លោក​បាន​បំពេញ​កាតព្វកិច្ច​ត្រឹម​ត្រូវ​ដែល​ច្បាប់​បាន​កំណត់។ ប៉ុន្តែ​លោក​បាន​ចោទ​ជា​សំណួរ​ថា ពាក្យ​បណ្តឹង​នេះ គួរ​ធ្វើ​ឡើង​ដោយ​អគ្គនាយកដ្ឋាន​ពន្ធដារ មិន​មែន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នោះ​ទេ។ យ៉ាង​ណា​ក៏​ដោយ លោក​បាន​លើក​ឡើង​ថា ករណី​នេះ គួរ​ត្រូវ​បាន​បញ្ចប់​នៅ​ត្រឹម​នេះ។

សូម​បញ្ជាក់​ថា នេះ​គឺ​ជា​ករណី​ចុង​ក្រោយ​មួយ​បំផុត ដែល​បាន​កើត​ឡើង​ទៅ​លើ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​ដ៏​ល្បី​ល្បាញ​នៅ​កម្ពុជា​មួយ​នេះ បន្ទាប់​ពី​ករណី​ចាប់​ខ្លួន​មន្រ្តី​អាដហុក​៤​នាក់ និង​អតីត​បុគ្គលិក​របស់​ខ្លួន​ម្នាក់ ក្នុង​សំណុំ​រឿង​សូក​ប៉ាន់​សាក្សី គឺ​កញ្ញា ខុមចាន់តារាទី ហៅ ស្រីមុំ កាល​ពី​ខែ​មេសា ឆ្នាំ ២០១៦។ លោក ធន សារ៉ាយ ដែល​ជា​ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ដែល​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា តាំង​ពី​ពេល​នោះ​មក នៅ​មិន​ទាន់​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​នៅ​ឡើយ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ