អានតួអត្ថបទ
កម្ពុជា-បរិស្ថាន

អង្គការ​មាតា​ធម្មជាតិ ចាត់​ទុក​ការ​ឃុំ​ខ្លួន​សកម្មជន​របស់​ខ្លួន​ថា​ជា​ការ​​បិទ​បាំង​សកម្មភាព​​របស់​ក្រុមហ៊ុន

អង្គការ​មាតា​ធម្មជាតិ ចាត់​ទុក​ការ​ឃុំ​ខ្លួន​សកម្មជន​របស់​ខ្លួន​ពីរ​រូប​ពី​សំណាក់​តុលាការ​ខេត្ត​កោះកុង​ថា​ជា​ការ​សហការ​គ្នា​រវាង​អាជ្ញាធរ​កោះកុង និង​ក្រុមហ៊ុន​ដើម្បី​បិទ​បាំង​សកម្មភាព​បូម​ខ្សាច់​។ សម្រាប់​អង្គការ​នេះ​ ទង្វើ​របស់​សកម្មជន​ខ្លួន​ទាំង​ពីរ​រូប ​មិន​មែន​ជា​បទ​ល្មើស​ជាក់​ស្ដែង​​ ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ខេត្ត​កោះកុង​ឡើយ និង​ស្នើ​ឲ្យ​តុលាការ​ដោះ​លែង​ពួក​គេ​វិញ​ផង​ដែរ។ សូម​ជម្រាប​ថា ការ​ទាម​ទារ​របស់​អង្គការ​មាតា​ធម្មជាតិ​ដូច្នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សកម្មជន​ពីរ​នាក់​នៃ​អង្គការ​នេះ ត្រូវ​បាន​តុលាការ​ខេត្ត​កោះកុង​ឃុំ​ខ្លួន​ពី​បទ​ល្មើស​ប៉ះ​ពាល់​ដល់​​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល និង​​បទ​ញុះញង់​​ឲ្យ​​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​។

សកម្ម​ជន​មាតា​ធម្ម​ជាតិ​
សកម្ម​ជន​មាតា​ធម្ម​ជាតិ​ RFI
ផ្សាយពាណិជ្ជកម្ម

លោក ម៉ូត គឹមរី ស្ថាបនិក​មួយ​រូប​របស់​ចលនា​មាតា​ធម្មជាតិ​ បាន​លើក​ឡើង​ថា ការ​ចោទ​ប្រកាន់​ និង​ឃុំ​ខ្លួន​ពី​តុលាការ​ខេត្ត​កោះ​កុង​ទៅ​លើ​សកម្មជន​មាតា​ធម្មជាតិ​ពីរ​រូប​ គឺ​ជា​ការ​ដាក់​​គំនាប​ទៅ​លើ​សកម្មភាព​ប្រមូល​ភស្ដុតាង​របស់​ខ្លួន។ លោក​បន្ដ​ថា សកម្មភាព​របស់​សកម្មជន​មាតា​ធម្មជាតិ​ទាំង​ពីរ​រូប​​ ពុំ​គួរ​ត្រូវ​បាន​ចោទ​ប្រកាន់​ជា​បទ​ឧក្រិដ្ឋ​នោះ​ទេ និង​គួរ​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ។

សូម​បញ្ជាក់​ថា កាល​ពី​ល្ងាច​ថ្ងៃ​ទី​១២ កញ្ញា សកម្មជន​មាតា​ធម្មជាតិ​ពីរ​រូប​ឈ្មោះ ហ៊ុន វណ្ណៈ និង ឌឹម គុណឌី ​ត្រូវ​បាន ប៉ូលីស​និង​សន្តិសុខ​របស់​ក្រុមហ៊ុន​បូម​ខ្សាច់​ឈ្មោះ ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​កោះកុង អេស.អ៊ី.ហ្សិត (SEZ Koh Kong Co., Ltd.) ឃាត់​ខ្លួន។ ឃាត់​ខ្លួន ដោយ​សារ​​ពួក​គេ​នាំ​គ្នា​​ជិះ​ទូក​ថត​រូប និង​វីដេអូ​កប៉ាល់​ដឹក​ខ្សាច់​​ពីរ​គ្រឿង​ក្នុង​លំហ​សមុទ្រ ក្នុង​ស្រុក​គីរីសាគរ ខេត្ត​កោះកុង ដោយ​គ្មាន​ការ​អនុញ្ញាត។

មួយ​ថ្ងៃ​បន្ទាប់​ពី​នោះ ពោល​គឺ​នៅថ្ងៃទី ១៣ កញ្ញា តុលាការ​ខេត្ត​កោះកុង បាន​ចោទ​អ្នក​ទាំង​ពីរ ពី​បទ ប៉ះ​ពាល់​ដល់​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ។ នៅ​ថ្ងៃ​ទី​១៣ កញ្ញា ដដែល តុលាការ​បាន​សម្រេច​​ឃុំ​ខ្លួន​សកម្មជន​ទាំង​ពីរ​នាក់ ​ដាក់​ពន្ធនាគារ​ខេត្ត​កោះកុង បណ្ដោះ​អាសន្ន។

ចំពោះ​ការ​ចោទ​ប្រកាន់​និង​ឃុំ​ខ្លួន​សកម្មជន​អង្គការ​មាតា​ធម្មជាតិ​នេះ មន្ដ្រី​សម្រប​សម្រួល​អង្គការ​លីកាដូ​ប្រចាំ​ខេត្ត​កោះកុង លោក អ៊ិន គង់ជិត បាន​ចាត់​ទុក​ថា​ជា​ចេតនា​គម្រាម​កំហែង និង​បង្អាក់​ដល់​ចលនា​មាតា​ធម្មជាតិ ដែល​តែង​ធ្វើ​សកម្មភាព​និង​ប្រមូល​ព័ត៌មាន​អំពី​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​ក្នុង​ខេត្ត​កោះកុង។

សូម​ជម្រាប​ជូន​ថា មុន​ពេល​​យុវជន​ទាំង​ពីរ​រូប​នេះត្រូវ​ចាប់​ខ្លួន អង្គការ​មាតា​ធម្មជាតិ ទើប​តែ​លាត​ត្រដាង​អំពី​ភាព​មិន​ប្រក្រតី នៃ​ការ​​នាំ​ចេញ​ខ្សាច់​ស៊ីលីកា ពី​កម្ពុជា​ទៅ​កោះ​តៃវ៉ាន់។ តាម​រយៈ​វីដេអូ​រយៈ​ពេល​ជាង​២​នាទី សមាជិក​អង្គការ​មាតា​ធម្មជាតិ​ដែល​កប់​ខ្លួន​នៅ​ក្នុង​ខ្សាច់​បន្សល់​ទុក​ត្រឹម​ក្បាល បាន​លើក​ឡើង​ពី​ទិន្នន័យ​ខ្សាច់​ដែល​តៃវ៉ាន់​នាំ​ចូល​ពី​កម្ពុជា ចំនួន​១​លាន​៥​សែន​តោន ស្មើ​នឹង​ទឹក​ប្រាក់​៣២​លាន​ដុល្លារ ក្នុង​រយៈ​ពេល​៤​ឆ្នាំ ពី​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៦​។ ប៉ុន្តែ​ទិន្ន័យ​ពី​ភាគី​កម្ពុជា​វិញ​បញ្ជាក់​ថា ក្នុង​រយៈ​ពេល​ដូច​គ្នា កម្ពុជា​នាំ​ចេញ​ខ្សាច់​ទៅ​តៃវ៉ាន់​តែ​២​ម៉ឺន​៨​ពាន់​តោន ស្មើ​នឹង​ទឹក​ប្រាក់​ជាង​២៧​ម៉ឺន​ដុល្លារ​តែ​ប៉ុណ្ណោះ​។ នេះ​ជា​ការ​រកឃើញ​ថ្មី​មួយ​ទៀត បន្ទាប់ពី​ទិន្នន័យ​នាំ​ខ្សាច់​ចេញពី​កម្ពុជា​​ទៅ​ប្រទេស​សិង្ហបុរី​ និង​ប្រទេស​ឥណ្ឌា ដែល​ទទួល​រង​ការ​ចោទ​ប្រកាន់​ថា ​បាត់​ខ្សាច់​ជាង​ ៧០ ​លាន​តោន តម្លៃ​ ៧០០ ​លាន​ដុល្លារ​កាលពី​ខែ​តុលា​ឆ្នាំ​ ២០១៦​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ