rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កាត់ដេរ សេដ្ឋកិច្ច ឧស្សាហកម្ម

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អ្នក​​បញ្ជា​​ទិញ​​នឹង​​បន្ត​​បញ្ជា​​ទិញ​​ទំនិញ​​កាត់ដេរ​​ពី​​កម្ពុជា ​​ភ្ជាប់​​នឹង​​បទដ្ឋាន​​ការងារ​​និង​​សីលធម៌​​ជា​គោល

media
កម្មការិនីកាត់ដេរ​កំពុងតែ​ធ្វើ​ការ​នៅក្នុង​រោងចក្រ។​ HRW

ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​អះអាង​ថា​តំណាង​អ្នក​បញ្ជា​ទិញ​ផលិតផល​វាយនភណ្ឌ​កាត់ដេរ​និង​ដេរ​ស្បែកជើង ​សន្យាថា​នឹង​បន្ត​បញ្ជា​ទិញ​ទំនិញ​ពី​កម្ពុជា ​បន្ទាប់ពី​កម្ពុជា​បាន​ប្តេជ្ញា​ធ្វើ​កំណែទម្រង់​លើ​វិស័យ​នេះ​ជាច្រើន​ចំណុច​។ ​ការ​ប្រកាស​របស់​ក្រសួង​ការងារ​ដូច្នេះ​ បាន​ធ្វើឡើង​ខណៈ​ដែល​តំណាង​អ្នក​បញ្ជា​ទិញ​ផលិតផល​សម្លៀក​បំពាក់​បាន​ជួប​ជាមួយ​លោក​ អ៊ិត​ សំហេង ​រដ្ឋមន្ត្រី​ក្រសួង​ការងារ​នៅ​ថ្ងៃ​ទី​១៦​ខែ​តុលា​នេះ ​នៅ​​ប្រទេស​​កម្ពុជា​។


តំណាង​អ្នក​បញ្ជា​ទិញ​លោក​ Peter McAllister នាយក​ប្រតិបត្តិ​នៃ​គំនិត​ផ្តួចផ្តើម​សីលធម៌​ពាណិជ្ជកម្ម ​ហៅ​កាត់​ថា​(​ETI) បាន​ឲ្យ​ដឹងថា​លោក​នឹង​ធ្វើ​ការ​ផ្សព្វផ្សាយ​បន្ត​ដល់​សមាជិក​របស់ខ្លួន​អំពី​ការ​រីកចម្រើន​នៃ​លក្ខខណ្ឌ​ការងារ ​និង​ការ​ដោះស្រាយ​កង្វល់​ពាក់ព័ន្ធ​នឹង​សេចក្តី​ព្រាងច្បាប់​ដែល​មាន​កន្លង​មក​។ ​នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ​។

តាម​សេចក្តីប្រកាស​ដដែល ​ការ​លើកឡើង​របស់​លោក ​Peter McAllister ​បាន​ធ្វើឡើង​ខណៈដែល​លោក​ មាន​ជំនួប​ជាមួយ ​លោក ​អ៊ិត សំហេង ​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ ​ហើយ​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ប្រាប់​តំណាង​អ្នក​បញ្ជា​ទិញ​នូវ​ចំណុច​ចំនួន​៥ ​ដែល​ទាក់ទង​ទៅ​នឹង ​ការ​យកចិត្តទុកដាក់​ដោះស្រាយ​រាល់​បញ្ហា​ដែល​ជា​ប់​ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ​និង​កម្មករ ​ជាពិសេស​ផ្នែក​វាយនភ័ណ្ឌ​។

ចំណុច​ទាំង​៥​នោះ​គឺ ​ការ​បញ្ឈប់​ការ​រៀបចំ​សេចក្តី​ព្រាងច្បាប់​ស្តីពី​នីតិវិធី​ជម្រះ​ក្តី​វិវាទ​ការងារ​ ការ​កែ​សម្រួល​មាត្រា​១៦​ នៃ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា ​ដោយ​អនុញ្ញាត​ឲ្យ​មាន​ការ​សិក្សា​ស្រាវជ្រាវ​ឯករាជ្យ​អំពី​ប្រាក់​ឈ្នួល​អប្បបរមា ​ការ​រៀបចំ​ប្រកាស​ដើម្បី​ដាក់ជូន​សិក្ខា​សាលា​ត្រី​ភាគី​ពិនិត្យ​ផ្តល់​យោបល់ ​ការ​កែ​សម្រួល​នីតិវិធី​នៃ​ការ​ចុះបញ្ជី​សហជីព ​ឲ្យ​កាន់​តែ​មាន​តម្លាភាព ​ធានា​ឲ្យ​បាន​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​អង្គការ​វិជ្ជាជីវៈ​នៅ​កម្ពុជា ​និង​ការ​បន្ត​លើក​កម្ពស់​សហការ​ជាមួយ​អង្គការ​អន្តរជាតិ​និង​ដៃគូរ​ជាពិសេស​ជាមួយ​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​របស់​អង្គការ ​ILO ​ គម្រោង​ផ្តួចផ្តើម​សកល ​និង​គម្រោង​ពង្រឹង​ទំនាក់ទំនង​វិជ្ជាជីវៈ​នៅតាម​រោងចក្រ ​សហគ្រាស ​របស់​អង្គការ ​GIZ ​ជាដើម​។

ជាមួយ​គ្នានេះ ​លោក​ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ ​បាន​សម្តែង​ការ​គាំទ្រ​នូវ​ការ​អះអាង​របស់​តំណាង​អ្នក​បញ្ជា​ទិញ​និង​ក្រសួង​ការងារ ​ខណៈដែល​ភាគី​សហជីព​ក៏បាន​អំពាវនាវ​ឲ្យ​មាន​ការ​បញ្ជា​ទិញ​ពី​ខាង​ក្រៅ​កាន់តែ​ច្រើន​ដែរ ​ដោយ​ភ្ជាប់​នូវ​ការ​គោរព​សិទ្ធិ ​និង​សេរីភាព​សហជីព ​កម្មករ ​និង​លក្ខខណ្ឌ​ការងារ​ដែល​ប្រសើរ​។

ទោះយ៉ាង​ណា ​សេចក្តី​ប្រកាស​របស់​ក្រសួង​ការងារ​បញ្ជាក់ថា ​អ្នក​បញ្ជា​ទិញ​នឹង​បន្ត​បញ្ជា​ទិញ​ទំនិញ​ពី​កម្ពុជា ​ដើម្បី​បំពេញ​ទៅតាម​ការសន្យា​ក្នុង​ការយក​បទដ្ឋាន​ការងារ​និង​សីលធម៌​ជា​គោល​ក្នុង​ការ​បញ្ជាទិញ ​និង​ដើម្បី​ធានា​នូវ​មុខរបរ និង​ការងារ​របស់​កម្មករ​និ​យោ​ជិ​ក​ក្នុង​វិស័យ​នេះ ​ក៏​ដូចជា​ប្រជាពលរដ្ឋ​ ដែល​ទទួល​បាន​ផល​ដោយ​ប្រយោល​ពី​វិស័យ​នេះ​ប្រមាណ​ជា​៣លាន​នាក់​ផ្សេង​ទៀត​៕