អានតួអត្ថបទ
កម្ពុជា

អេស៊ីលីដា៖ ក្រសួង​ពាណិជ្ជ​កម្ម​ឲ្យ​ពេល​វេលា​ខ្លី ក្នុង​ផ្លាស់​ប្តូរ​រូប​សញ្ញា

ធនាគារ​អេស៊ីលីដា​បាន​ឲ្យ​ដឹង​ថា​ក្រសួង​ពាណិជ្ជកម្ម​បាន​ផ្តល់​ពេល​វេលា​ក្នុង​ការ​ផ្លាស់​ប្តូរ​រូប​សញ្ញា​លោហ្គូរបស់​ខ្លួន រយៈ​ពេល​តែ​២ សប្តាហ៍​ប៉ុណ្ណោះ។​ ប្រធាន​នាយក​ប្រតិបត្តិ​បញ្ជាក់​ថា​ពេល​វេលា​នេះ​គឺ​ខ្លី សម្រាប់ធនាគារ​ធ្វើ​ការ​ផ្លាស់​ប្តូរ​រូប​សញ្ញា​របស់​ខ្លួន។​ ការ​ផ្លាស់​ប្តូរ​រូប​សញ្ញា​របស់​ធនាគារ​ធ្វើ​ឡើង ​បន្ទាប់​រដ្ឋាភិបាលខ្លាច​មាន​ការ​ភ័ន្ត​ច្រឡំ​រវាង​រូប​សញ្ញា​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។​ 

រួប​សញ្ញា​ថ្មី​របស់​ធនាគារ​អេស៊ីលីដាត្រូវ​បាន​ផ្លាស់​ប្តូរ​នៅ​ការិយា​ល័យ​​កណ្តាល ក្នុង​ក្រុង​ភ្នំ​ពេញ
រួប​សញ្ញា​ថ្មី​របស់​ធនាគារ​អេស៊ីលីដាត្រូវ​បាន​ផ្លាស់​ប្តូរ​នៅ​ការិយា​ល័យ​​កណ្តាល ក្នុង​ក្រុង​ភ្នំ​ពេញ RFI
ផ្សាយពាណិជ្ជកម្ម

លោកអ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នៅ​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ថា​ព័ត៌មាន ដែល​លោក​ទទួល​បាន​ពី​គណៈរដ្ឋ​មន្ត្រី គឺ​ធនាគារ​មាន​រយៈ​ពេល​៣សប្តាហ៍ សម្រាប់​ធ្វើ​ការផ្លាស់​ប្តូរ​រូប​សញ្ញា​របស់​ខ្លួន​គ្រប់​សាខា​ទាំង​អស់។ ប៉ុន្តែ​លិខិត ដែល​ធនាគារ​បាន​ទទួល​ពី​ក្រសួង​ពាណិជ្ជកម្ម ​គឺ​មាន​រយៈ​ពេល​តែ​២សប្តាហ៍​ប៉ុណ្ណោះ ពោល​គឺ​ពេល​វេលា​នេះ​មាន​រយៈ​ខ្លី ព្រោះ​គ្រាន់​តែ​ដោះ​ដូរ​រូប​សញ្ញាតាម​សាខា​ធ្វើ​មិន​ទាន់​ផង​។ នេះ​បើ​តាម​លោក​អ៊ិន ចាន់នី។

 
យ៉ាង​ណាក៏​ដោយ​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ ដែល​មាន​ប្រជា​ប្រិយ​ភាព​ក្នុង​ប្រទេស​កម្ពុជា​នេះ បាន​លើកឡើង​ថា​លោក​នឹង​ព្យាយាម​ធ្វើ​ឲ្យ​បាន​តាម​ពេល​វេលា ដែល​ក្រសួង​ពាណិជ្ជ​កម្ម​បាន​កំណត់ តែ​លោក​មិន​អាចបញ្ជាក់​បាន​ទេ ថា​លោក​ត្រូវ​ការ​ពេល​ប៉ុន្មាន​ថ្ងៃ​នោះ​។

សូម​ជម្រាប​ជូន​ថា​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ កន្លង​ទៅ​នេះ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​សម្រេច ​តាមរយៈ​កិច្ច​ប្រជុំពេញ​អង្គគណៈរដ្ឋ​មន្ត្រី​ទុក​រយៈ​ពេល​៣សប្តាហ៍​ឲ្យ​ធនាគារ​អេស៊ីលីដា ផ្លាស់​ប្តូរ​និម្មិត​សញ្ញា«រូបហង្ស»របស់​ខ្លួន​ចេញ​។ ការ​កំណត់​នេះ គឺ​ដើម្បី​ចៀស​វាង​ការ​យល់​ច្រឡំ​របស់​ប្រជា​ពលរដ្ឋ រវាង​ធនាគារ​ឯកជន​មួយ​នេះ និង​រូប​សញ្ញា​ក្រសួង​ហិរញ្ញ​វត្ថុ ដែល​ជា​និម្មិត​សញ្ញា​របស់​ជាតិ។

អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជ​កម្ម​កញ្ញា​សឹង សុផារី បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃទី១៩ ខែ​កុម្ភៈ ថាក្រសួង​ពាណិជ្ជ​កម្ម ​បាន​សម្រេច​ទៅ​តាម​អ្វី ដែល​គណៈរដ្ឋ​មន្ត្រី​បាន​ប្រជុំ ពោល​គឺ​ទុក​ពេល​ឲ្យ​៣សប្តាហ៍សម្រាប់​ធនាគារ​អេស៊ីលីដា​ផ្លាស់​ប្តូរ​រូប​សញ្ញា។ កញ្ញា​បញ្ជាក់​ថា មិន​ដែល​ក្រសួង​ពាណិជ្ជ​កម្ម​ប្រឆាំង​ការសម្រេច​របស់​គណៈរដ្ឋ​មន្ត្រី​ទេ។ កញ្ញា​មិន​ជឿ​ចំពោះ​ព័ត៌មាន ដែល​ថា​ក្រសួង​ទុក​ពេល​ឲ្យ​ធនាគារ​អេស៊ីលីដាតែ​២​សប្តាហ៍​ទេ ហើយ​កញ្ញា​នឹង​ស្វែង​រក​ការ​បញ្ជាក់​បន្ថែម​ចំពោះ​ព័ត៌​មាន​នេះ នៅ​ថ្ងៃ​ទី​២០ ​ខែ​កុម្ភៈ។

ក្នុង​ផ្លាស់​ប្តូរ​រូប​ញ្ញា​នេះ លោក​អ៊ិន ចាន់នី​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា បាន​ឲ្យ​ដឹង​ថា​ធនាគារអាច​នឹង​ចំណាយ​ថវិកា​លើស​ពី​៣លាន​ដុល្លារ​អាមេរិក​។ លោក​ចាន់​នី​បន្ថែម​ថា​បច្ចុប្បន្ន​នេះ ធនាគារ​មានសាខា​ក្នុង​ប្រទេស​កម្ពុជា​ប្រមាណ​២៥៩​កន្លែង សាខា​ក្នុង​ប្រទេសឡាវ​៤១​កន្លែង និង​ភូមា៦​កន្លែង ​ដែល​ត្រូវផ្លាស់​ប្តូរ​រូប​សញ្ញា​ទាំង​អស់ ហើយ​អាច​ចំណាយ​អស់​ប្រមាណ​១លាន២សែន​ដុល្លារ​។ ចំណែក​ស្លាក​សញ្ញា ដែល​មាន​នៅ​លើ​ឯកសារ​ផ្សេង​ទៀត ដូច​ជា​បណ្ណ​ឥណទាន​ជា​ដើម ក៏​ត្រូវ​ផ្លាស់​ប្តូរ​ដូច​គ្នា​ដែរ ហើយ​ចំណាយមិន​តិច​ជាង​២លាន​ដុល្លារ​អាមេរិក​នោះ​ទេ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ