អានតួអត្ថបទ
កម្ពុជា-ច្បាប់

លោក សម រង្ស៊ី៖ មិន​ចាំ​បាច់​ទាល់​តែ​សោះ​ដែល​លោក​ហ៊ុន សែន​ ទិញ​អាវុធ​ពី​ចិន

ពី​ប្រទេស​បារាំង លោក សម រង្ស៊ី បាន​ចេញ​មុខ​រិះគន់​ថា មិន​មាន​ភាព​ចាំបាច់​ទាល់​តែ សោះ​​ដែល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ទិញ​អាវុធ​រាប់ម៉ឺនដើម​ពី​ប្រទេស​ចិន ខណៈ​កម្ពុជា ជា​ប្រទេស​ក្រីក្រ​មួយ​ក្នុង​ពិភព​លោក។ តែ​ផ្ទុយ​មក​វិញ​អ្នកវិភាគ​មើល​ឃើញថា ការ​ទិញ​អាវុធ​ដើម្បី​ការពារជាតិ​ ក្នុង​កាលៈ​ទេសៈ​បច្ចុប្បន្នគឺ​ជាពេលវេលា​មួយ​សមស្រប​។

រូបភាព៖តំណាងនៃយោធាកម្ពុជានិងចិនធ្វើសមយុទ្ធនាគមាសក្នុងពេលកន្លងមក
រូបភាព៖តំណាងនៃយោធាកម្ពុជានិងចិនធ្វើសមយុទ្ធនាគមាសក្នុងពេលកន្លងមក @Internet
ផ្សាយពាណិជ្ជកម្ម

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​នៃ​អតីត​គណបក្ស​ប្រឆាំង​បាន​គូស​បញ្ជាក់​ថា កម្ពុជា​មិន​ប្រឈមនឹង​ការ​គំរាម​កំហែង​ពី​ខាង​ក្រៅ​ឡើយ ដូច្នេះ​ការ​ទិញ​អាវុធ​ពី​ចិន​យក​មក​ប្រើ​ប្រា​ស់​​ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន​ដូច​មិន​ចាំ​បាច់​ទាល់​តែ​សោះ។ មិន​ចាំ​បាច់​ព្រោះ​ថា កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេ​ស​ក្រីក្រ​ជាង​គេ​បំផុត​ក្នុង​ពិភព​លោក​ដោយសារ​ប្រព័ន្ធអប់រំ និង​សុខាភិបាល នៅកម្ពុ​ជា មានភាព​រយីករយាក មិន​អាច​បម្រើ​សេចក្តី​ត្រូវ​ការ​របស់​ប្រជា​ពល​រដ្ឋ​បាន។ បើ​តាម​លោក សម រង្ស៊ី ការ​ប្រកាស​ពី​ការ​ទិញ​អាវុធ​ពី​សំណាក់​លោក ហ៊ុន សែន​គឺ​ដើម្បី​បង្ក្រាប​មក​លើ​ពលរដ្ឋ​ខ្លួន​ឯងទៅ​វិញ​ទេ។

ការ​រិះ​គន់​របស់​លោក សម រង្ស៊ី ដែល​ជា​ប្រធាន​ស្ដីទី​នៃ​អតីត​គណបក្ស​ប្រឆាំង​ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាល​ពី​ថ្ងៃ​២៩​ខែ​កក្កដា ប្រកាស​បញ្ចេ​ញ​កញ្ចប់​ថវិកា​ជាតិ ជិត​៤០​លាន​ដុល្លារ បន្ថែម​ទៀត លើ​ទឹក​ប្រាក់​ដែល​មានស្រាប់​២៩០​លានដុល្លារ​ទិញ​អាវុធ​ពី​ប្រទេសចិន​ដើម្បី​ពង្រឹង​សមត្ថភាព​កងទ័ព​សម្រាប់ការពារ​ជាតិ។

លោក ឯម សុវណ្ណរ៉ា អ្នកជំនាញ​ខាង​វិទ្យាសាស្រ្ត​នយោបាយ មើល​ឃើញថា កាលៈ​ទេសៈ​​បច្ចុប្បន្ន​ការ​ទិញ​អាវុធ​ដើម្បី​ការពារជាតិ​គឺ​ជា​ពេល​វេលា​មួយ​សមស្រប។ ប៉ុន្តែ​ការ​ប្រកាស​ទិញ​អាវុធ​ពី​ចិន​របស់​លោក ហ៊ុន សែន បាន​ផ្ដល់​ចំណុច​អវិជ្ជមាន និង​វិជ្ជមាន។ វិជ្ជមាន​បង្ហាញ​ពី​តម្លាភាព​របស់​រដ្ឋាភិបាល តែ​ចំណុច​អវិជ្ជ​មាន​បង្ហាញ​ពី​ជំហរ​លម្អៀងរបស់​កម្ពុជា​ទៅ​រក​ចិន។ បន្ថែម​លើ​នេះ អ្នកវិភាគ​ដដែល បង្ហាញ​ក្ដី​ព្រួយ​បារម្ភ​ចំពោះគុណភាព​សព្វាវុធ​ដែល​ទិញ​ពី​ចិន។

ចំណែក លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​បាន​គូស​បញ្ជាក់​ថា រដ្ឋាភិបាល​ជា​ស្ថាន​ប័ន​មួយ​ទទួល​ខុស​ត្រូវ​ចំពោះ​ជោគវាសនា​ប្រទេស​ជាតិ ដូច្នេះ​បុគ្គល​ផ្សេងគ្មាន​សិទ្ធិ​បញ្ចេញ​មតិ​លើ​ការ​ទិញ​អាវុធ​ឡើយ។​ ការ​ទិញ​អាវុធ​នេះ​ទៀត​សោត ក៏​ដើម្បីយក​មក​ការពារ​សុវត្ថិភាព​ក្រុម​គ្រួសារ​បុគ្គល​ដែល​រិះគន់​ការ​ទិញ​អាវុធ​របស់​រដ្ឋាភិបាលដែរ។

រីឯ​ការ​រិះគន់​របស់​លោក សម រង្ស៊ី អំពី​ភាព​ទន់​ខ្សោយ​នៃ​ប្រព័ន្ធ​អប់រំ​និង​សុខាភិបាល លោ​ក​ស៊ីផាន​អះអាង​ថា រៀង​រាល់​ឆ្នាំ​រដ្ឋាភិបាល​បាន​បន្ថែម​កញ្ចប់​ថវិកា​ពង្រឹង​ដល់​វិស័យ​ទាំង​ពីរ​រួចរាល់​ហើយ ខណៈ​ការ​ចំណាយ​លុយ​ទិញ​លើ​ការ​អាវុធ​ជា​ថវិកា​សល់​ពី​ការ​ចំណា​យ​លើ​វិស័យ​យោធា​ផ្សេង​ទៀត​ប៉ុណ្ណោះ៕

 

 

 

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ