អានតួអត្ថបទ
កម្ពុជា-ច្បាប់

​រដ្ឋា​ភិបាល​កម្ពុជា​អនុញ្ញាត​ឲ្យ​វិទ្យុ​សម្លេង​សហ​រដ្ឋ​អាមេរិក​(VOA)​ដំណើរ​ការ​ដោយ​ស្រប​ច្បាប់​

ក្រសួង​ព័ត៌មាន​កាល​ពី​ថ្ងៃទី៥​ខែមិថុនា បាន​សម្រេច​ទទួល​ស្គាល់​ការិយាល័យ​វិទ្យុ​សម្លេង​សហរដ្ឋ​អាមេរិក (VOA) ប្រចាំ​នៅ​ប្រទេស​កម្ពុជា ដោយ​មាន​លោក Christopher Service Decherd ជន​ជាតិ​អាមេរិក​ជា​តំណាង​ស្រប​ច្បាប់​។ ការ​សម្រេច​ទទួល​ស្គាល់​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​ជំនួប​រវាង​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​កម្ពុជា និង​មន្ត្រី​តំណាង​ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា រួម​ជាមួយ​និង​មន្ត្រី​ទីភ្នាក់ងារ​អាមេរិក​សម្រាប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សកល​កាល​ពី​ពេល​ថ្មីៗ​នេះ នៅ​ភ្នំពេញ​។ 

វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA)
វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) @FB
ផ្សាយពាណិជ្ជកម្ម

ប្រកាស​របស់​ក្រសួង​ព័ត៌មាន ដែល​បាន​ទទួល​ស្គាល់​ការិយាល័យ​សម្លេង​សហ​រដ្ឋ​អាមេរិក (VOA) ប្រចាំ​កម្ពុជា បាន​ធ្វើ​ឡើង​ដោយ​ភ្ជាប់​នូវ​ការ​ណែនាំ នៅ​ក្នុង​ប្រការ​មួយ​ចំនួន ក្នុង​នោះ​មាន​ការរិយាល័យ​សម្លេង​សហ​រដ្ឋអាមេរិក និង​អ្នក​តំណាង​ស្រប​ច្បាប់ ត្រូវ​គោរព​តាម​រដ្ឋ​ធម្មនុញ្ញ ច្បាប់​ស្តី​ពី​របប​សារព័ត៌មាន ក្រម​សីលធម៌​អ្នក​សារព័ត៌មាន បទ​បញ្ជា កិច្ច​សន្យា និង​សេចក្តី​ណែនាំ​នានា​ពាក់​ព័ន្ធ​វិស័យ​ព័ត៌មាន និង​សោធ​ទស្សន៍​នៃ​ប្រទេស​កម្ពុជា​។ ករណី​ប្រព្រឹត្ត​ល្មើស​ត្រូវ​ទទួល​ទោស​តាម​ច្បាប់​ជា​ធរមាន​។

ប្រកាស​របស់​ក្រសួង​ព័ត៌មាន ក៏​បាន​បញ្ជាក់​ពី​សុពលភាព​ផង​ដែរ គឺ​មាន​រយៈ​ពេល​១ឆ្នាំ ព្រម​ទាំង​ត្រូវ​ជូន​ដំណឹង​ទៅ​ក្រសួង​ព័ត៌មាន រាល់​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​ពី​ទីតាំង​ការិយាល័យ និង/ឬអ្នក​តំណាង​ស្រប​ច្បាប់​។ នៅ​មិន​ទាន់​មាន​អត្ថាធិប្បាយ​ពី​សំណាក់​លោក Christopher Service Decherd តំណាង​ការិយាល័យ VOA ក៏​ដូចជា​តំណាង​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​។

សូម​បញ្ជាក់​ថា កាល​ពី​ថ្ងៃទី៣០ ខែឧសភា លោក Michael Newbill ភារៈ​ធារី​ស្ថាន​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា និងលោក Matthew Walsh អនុ​ប្រធាន​ទទួល​បន្ទុក​ប្រតិបត្តិ​ការ​នៃ​ទីភ្នាក់​ងារ​អាមេរិក​សម្រាប់​ប្រពន្ធ័​ផ្សព្វ​ផ្សាយ​សកល(US Agency for Global Media ) បាន​ជួប​ជាមួយ​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញ្ញារីទ្ធ ដើម្បី​ស្វែង​យល់​ពី​ស្ថានការណ៍​សារព័ត៌​មាន​ក្នុង​ប្រទេស​កម្ពុជា និង​ពិភាក្សា​ការ​ងារ​អំពី​នីតិ​វិធី​នៃ​ការ​បើក​ការិយាល័យ VOA ជា​ខេមរ​ភាសា​ផ្លូវ​ការ​ប្រចាំ​នៅ​កម្ពុជា​។

សូម​រំលឹក​ដែរ​ថា កាល​ពី​ឆ្នាំ​២០១៧​កន្លង​ទៅ បញ្ហា​ពន្ធដារ បាន​ធ្វើ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អាមរិក​ទាំង​ពី VOA និង​វិទ្យុអាស៊ីសេរី រួម​ទាំង​កាសែត The ​ Cambodia Daily ប្រឈម​នឹង​ការ​បិទ​ទ្វារ​ ដោយ​វិទ្យុ​អាស៊ីសេរី និង​កាសែត The ​ Cambodia Daily បាន​ប្រកាស​បិទ​ទ្វារ​ដោយ​ខ្លួន​ឯង ខណៈ​វិទ្យុ​សម្លេង សហ​រដ្ឋ​អាមេរិក បាន​ដំណើរ​ការ​ធម្មតា ក៏​ប៉ុន្តែ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​ចាក់​ផ្សាយ ដោយ​ជួល​ម៉ោង​ពី​វិទ្យុ​ក្នុង​ស្រុក​នោះ​ទេ​។ ​រដ្ឋា​ភិបាល​កម្ពុជា​កន្លងមក ធ្លាប់​បាន​បញ្ជាក់​រួច​មក​ហើយ​ថា វិទ្យុ​ទាំង​ពីរ​នេះ​អាច​បើក​ការិយាល័យ​នៅ​កម្ពុជា​បាន ដរាបណា​ពួក​គេ​គោរព​កាតព្វកិច្ច​សារពើ​ពន្ធ​ជា​មុន​សិន​ និង ត្រូវ​ចុះ​បញ្ជី​តាម​ច្បាប់​របស់​កម្ពុជា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ