អានតួអត្ថបទ
កម្ពុជា

លោក ហ៊ុន​ សែន៖​ ការ​បញ្ចូល​​ល្ខោន​ខោល​​ទៅ​​ក្នុង​​បញ្ជី​​អរូបី​​របស់​យូណេស្កូ​ជា​​មោទកភាព​​ថ្មី​​មួយ​​ទៀត​​សម្រាប់​​កម្ពុជា

នៅ​ថ្ងៃទី​២៨ ខែ​វិច្ឆិកា ម្សិល​មិញ គណៈកម្មការ​​អន្តរ​​រដ្ឋាភិបាល​​សម្រាប់​​ការ​​ការ​​ពារ​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​​យូណេស្កូ​​នៅ​​ក្រុង​ព័រល្វី សាធារណរដ្ឋ​ម៉ូរីស បាន​អនុម័ត​យល់​ព្រម​ចុះ ល្ខោនខោល ​(ល្ខោន​ខោល​វត្ត​ស្វាយ​អណ្តែត)​ ចូល​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​វប្បធម៌​​អរូបី​​។ ប្រមុខ​​រដ្ឋាភិបាល​​កម្ពុជា​​ចាត់​​ទុក​ការ​បញ្ចូល​ល្ខោន​ខោល​ទៅ​ក្នុង​បញ្ជី​អរូបី​ ​គឺ​ជា​​ការ​​រួម​​ចំណែក​​ធ្វើ​​ឲ្យ​កេរ្តិ៍ឈ្មោះ​កម្ពុជា​កាន់​តែ​ល្បី​សុះសាយ​ទូទាំង​ពិភពលោក​។

ល្ខោនខោល
ល្ខោនខោល ក្រសួងវប្បធម៌
ផ្សាយពាណិជ្ជកម្ម

សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​វប្បធម៌​កាល​ពី​ថ្ងៃ​ម្សិល​មិញ បញ្ជាក់​ថា ក្រោម​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋាភិបាល និង​ក្រសួង​វប្បធម៌ ដោយ​មាន​កិច្ច​សហការ​គាំទ្រ​ពី​សិល្បករ អង្គការ​សមាគម សង្គម​ស៊ីវិល ក្នុង​វិស័យសិល្បៈ​វប្បធម៌ និង​ការ​ជួយ​គាំទ្រ​លើក​ទឹក​ចិត្ត​ពី​មហាជន ប្រជាជន និង​យុវជន ទើប​កម្ពុជា​ទទួល​បាន​នូវ​លទ្ធផល​ជោគជ័យ​នៃ​ការ​ដាក់​បញ្ចូល លោ្ខនខោល​(ល្ខោន​ខោល​វត្ត​ស្វាយ​អណ្តែត)នៅ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​វប្បធម៌​អរូបី។

ចំណែក​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ចាត់​ទុក​ថា​នេះ​គឺ​ជា​មោទកភាព​ថ្មី​មួយ​ទៀត​សម្រាប់​ប្រជាពលរដ្ឋ និង​ប្រទេស​កម្ពុជា ដែល​ល្ខោន​ខោល របស់​កម្ពុជា ត្រូវ​បាន​ទទួល​ស្គាល់​ថា​ជា​ស្នាដៃ​សិល្បៈ​បុរាណ​វិសេស​វិសាល​អស្ចារ្យ និង​មាន​តម្លៃ​ជា​សកល។

លោក​នាយក​រដ្ឋ​មន្ត្រី​បន្ថែម​ថា ការ​បញ្ចូល ល្ខោន​ខោល ទៅ​ក្នុង​បញ្ជី​​អរូបី​នា​ពេល​នេះ គឺ​ជា​ការ​រួម​ចំណែក​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​របស់​ប្រទេស​កម្ពុជា​កាន់​តែ​ល្បី​សុះសាយ​ទូទាំង​ពិភព​លោក ហើយ​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយ​ជា​តួអង្គ​កាន់​តែ​លេច​ធ្លោរ​ថែម​ទៀត នៅ​លើ​វេទិកា​បេតិក​ភណ្ឌ​ពិភព​លោក។ ភា្លមៗ​បន្ទាប់​ពី​ទទួល​ដំណឹង​ដ៏រីក​រាយ​នេះ លោក ហ៊ុន សែន ក៏​បាន​អំពាវនាវ​ដល់​ស្ថាប័ន​រដ្ឋ ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​ រួម​ទាំង​ប្រជា​ពលរដ្ឋ​កម្ពុជា ចូល​រួម​វាយ​គង ទូង​ស្គ ទះប៉ោត គោះត្រ​ដោក និង​ប្រើ​មធ្យោបាយ​ផ្សេងៗ ដើម្បី​អបអរ​សាទរ​ព្រឹត្តិ​ការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ​ដែល​កំណត់​ធ្វើ​នៅ​ម៉ោង​១០​យប់​នា​ថ្ងៃ​ទី​៣០ ​ខែ​វិច្ឆិកា ស្អែក​នេះ​។

យោង​តាម​គេហទំព័រ​របស់​អង្គការ​យូណេស្កូ “ល្ខោន​ខោល​វត្ត​ស្វាយ​អណ្តែត” របស់​កម្ពុជា​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​បេតិក​ភ័ណ្ឌ​វប្បធម៌​អរូបី ដែល​ត្រូវ​​ការ​កិច្ច​ការ​ពារ​ជា​បន្ទាន់​ (Need of Urgent Safeguarding)។

សូម​ជម្រាប​ជូន​ថា កម្ពុជា​បាន​បញ្ជូន​ឯកសារ​ទាក់​ទង​ទៅ​នឹង​ល្ខោន​ខោល​ទៅ​អង្គការ​យូណេស្កូ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៧ ហើយ​ល្ខោន​ខោល​របស់​កម្ពុជា​ទើប​ត្រូវ​បាន​សម្រេច​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌អរូបី​​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា។ រហូត​មក​ដល់​ពេល​នេះ​សម្បត្តិ​វប្បធម៌​របស់​កម្ពុជា ដែល​មាន​រួម​មាន របាំ​ព្រះ​រាជ​ទ្រព្យ ល្ខោន​ស្រមោល​ស្បែក​ធំ ល្បែង​ទាញ​ព្រ័ត្រ ​ចាប៉ី​ដង​វែង​ និង​ចុង​ក្រោយ​បំផុត​គឺល្ខោន​ខោល ដែល​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ។

គួរ​ជម្រាប​ជូន​ថា ល្ខោន​ខោល​ជា​ទម្រង់​សិល្បៈ​ល្ខោន​រាំ​មួយ ដែល​មាន​លក្ខណៈ​ខុស​ប្លែក​ពី​ទម្រង់​ល្ខោន​ដទៃ ​ព្រោះ​ទម្រង់​នេះ​មាន​ចំណុច​ជា​ច្រើន ដែល​មិន​ដូច​ទម្រង់​ឯទៀត​ដូច​ជា៖ ល្ខោន​ខោល​ជា​ប្រភេទ​ល្ខោន​ប្រុស​គឺ​សិល្បករ​ទាំង​អស់​សូម្បី​តែ​តួស្រី​ក៏​ដោយ​ក៏​ត្រូវ​យក​សិល្បករ​ប្រុស​មក​សំដែង​ដែរ, ល្ខោន​ខោល ជា​ល្ខោន​ពាក់​មុខ​គ្រប់​តួអង្គ​ទាំង​អស់, ល្ខោន​ខោល ជា​ល្ខោន​ពោល គឺ​តួទាំង​អស់​មិន​មាន​និយាយ ឬ​ច្រៀង​ដូច​ទម្រង់​ដទៃ​ទៀត​ឡើយ​។ នេះ​បើ​តាម​សៀវ​ភៅ ល្ខោន​ខោល ពេជ្រ ទុំក្រ​វ៉ិល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ