rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា អាមេរិក

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

​សហ​រដ្ឋ​អាមេរិក​អបអរ​សាទរ​បុណ្យ​ឯករាជ្យ​ជាតិ​កម្ពុជា ហើយ​សង្ឃឹម​ថា ថ្ងៃ០៩ វិច្ឆិកា ជា​ថ្ងៃ​ផ្សះ​ផ្សារ​ជាតិ​

media
កម្ពុជា និង អាមេរិក (រូបភាពតំណាង) @Twitter

សហរដ្ឋ​អាមេរិក​បាន​ផ្ញើ​សារ​អប​អរ​សាទរ​បុណ្យ​ឯករាជ្យ​ជាតិ​កម្ពុជា ខួប​លើក​ទី៦៦ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី ០៩ វិច្ឆិកា ស្អែក​នេះ​។ តាម​រយៈ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស សហរដ្ឋអាមេរិក​ក្រៅ​ពី​បាន​អបអរ​សាទរ​បុណ្យ​ឯករាជ្យ​ជាតិ​កម្ពុជា​ហើយ ក៏​បង្ហាញ​ក្តី​សង្ឃឹម​ថា ថ្ងៃទី ០៩ វិច្ឆិកា គឺ​ជា​ថ្ងៃ​ផ្សះ​ផ្សារ​ជាតិ និង​កិច្ច​សន្ទនា​សន្តិភាព​ពិត​ប្រាកដ​នៅ​កម្ពុជា​។ 


«ក្នុង​នាម​រដ្ឋាភិបាល​អាមេរិក ខ្ញុំ​សូម​អបអរ​សាទរ​ដល់​ប្រជាជន​កម្ពុជា ក្នុង​ឱកាស​ខួប​៦៦​ឆ្នាំ​នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ០៩ វិច្ឆិកា ឆ្នាំ២០១៩»។ នេះ​គឺ​ជា​សារ​អប​អរ​សាទរ​របស់​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​លោក Michael R. Pompeo ផ្ញើ​មក​កាន់​ប្រជាជន​កម្ពុជា តាម​រយៈ​គេហ​ទំព័រ​របស់​ក្រសួង​ការ​បរទេស​អាមេរិក កាល​ពីថ្ងៃទី ០៧ វិច្ឆិកា ដោយ​បញ្ជាក់​បន្ថែម​ថា «ក្នុង​គុណ​តម្លៃ​ដែល​ប្រជាជន​កម្ពុជា និង​អាមេរិក​បាន​ចែក​រំលែក​ជាមួយ​គ្នា អាមេរិក​សង្ឃឹម​ថា ថ្ងៃ០៩ វិច្ឆិកា​នេះ នឹង​ផ្តោត​ជា​សំខាន់​លើ​ការ​ផ្សះ​ផ្សា​ជាតិ, កិច្ច​សន្ទនា​សន្តិភាព និង​លទ្ធិ​ប្រជា​ធិបតេយ្យ សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​សង្គម​»។ តាម​រយៈ​លិខិត​ដដែល​នេះ លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក Michael R. Pompeo បាន​បញ្ជាក់​ថា «សហ​រដ្ឋ​អាមេរិក​សូម​អបអរ​សាទរ​ចំពោះ​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​សហ​រដ្ឋ​អាមេរិក និង​កម្ពុជា ក្នុង​ការ​កសាង​ប្រទេស​កម្ពុជា​ប្រកប​ដោយ​ឯក​រាជ្យ ប្រជា​ធិបតេយ្យ និង​វិបុល​សុខ»។ ហើយ​សារ​អបអរ​សាទរ​នេះ ត្រូវ​បាន​លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​អះ​អាង​ថា គឺ​ផ្ញើ​ទៅ​កាន់​ប្រជាជន​កម្ពុជា​ទាំង​អស់​។

លោក ផៃ ស៊ីផាន ប្រធាន​ក្រុម​អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​កម្ពុជា បាន​ស្វាគមន៍​ចំពោះ​ការ​ផ្ញើ​សារ​អប​អរសាទរ​របស់​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​នៅ​ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ​កម្ពុជា​នេះ បើ​ទោះបី​ជា​កន្លង​មក ប្រទេស​ទាំង​ពីរ​បាន​ជួប​បញ្ហា​រកាំ​រកូស​ខ្លះៗ​ក្តី​។ តែ​ទាក់​ទង​នឹង​ការ​អំពាវ​នាវ​របស់​សហ​រដ្ឋ​អាមេរិក​ឲ្យ​កម្ពុជា​យក​ថ្ងៃទី ០៩ វិច្ឆិកា ជា​ថ្ងៃ​ផ្សះ​ផ្សារ​ជាតិ និង​កិច្ច​សន្ទនា​នោះ ត្រូវ​បាន​លោក ផៃ ស៊ីផាន បញ្ជាក់​ថា កម្ពុជា​បាន​ធ្វើ​រួច​ហើយ តាម​រយៈ​វប្បធម៌​សន្ទនា រវាង​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី ក្រោយ​ពី​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣​។ ប៉ុន្តែ​វា​បាន​ស្លាប់​ទៅ​វិញ។ បើ​តាម​លោក ផៃ ស៊ីផាន អ្វី​ដែល​កម្ពុជា​កំពុង​ធ្វើ គឺ​ហួស​ពី​ការ​ផ្សះ​ផ្សារ​ជាតិ​រួច​ស្រេច​ទៅ​ហើយ​។ ប៉ុន្តែ​យ៉ាង​ណា​ក្តី លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យ​ផ្នែក​វិទ្យា​សាស្ត្រ​នយោបាយ​នៅ​កម្ពុជា មិន​យល់​ស្រប​ចំពោះ​ទស្សនៈ​របស់​លោក ផៃ ស៊ីផាន នោះ​ទេ ខណៈ​ដែល​សហ​រដ្ឋ​អាមេរិក​បាន​មើល​ឃើញ​ថា គូ​ជម្លោះ​នយោបាយ​ទាំង​ពីរ​នៅ​បាន​បន្ត​បែរ​ខ្នង​ដាក់​គ្នា​បែប​នេះ​។ បើ​តាម​លោក​សាស្ត្រា​ចារ្យ គូ​ជម្លោះ​នយោបាយ​នៅ​កម្ពុជា​គួរ​យក​ស្មារតី​ឯក​រាជ្យ​ជាតិ​របស់​សម្តេច​ព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ដើម្បី​ស្វែង​រក​ការ​ផ្សះ​ផ្សារ​ជាតិ​ពិត​ប្រាកដ​មួយ នៅថ្ងៃទី ០៩ វិច្ឆិកា នេះ​៕