អានតួអត្ថបទ
កម្ពុជា

អាមេរិក​រំឮក​​ស្ដ្រី​មាន​ផ្ទៃ​ពោះ​ពីការ​ប្រឈម​ឆ្លង​ជំងឺហ្ស៊ីកា​នៅកម្ពុជា

មជ្ឈមណ្ឌល​គ្រប់​គ្រងនិង​បង្ការ​​ជំងឺ​ឆ្លង​របស់​អាមេរិក កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ រំឮក​ស្ដ្រី​មាន​ផ្ទៃ​ពោះ ឲ្យ​ពិចារណា​ឡើង​វិញ​​អំពី​ការ​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា និង​ប្រទេស​ចំនួន​១០​ផ្សេង​ទៀត​នៅ​អាស៊ី​អាគ្នេយ៍​ ដោយ​សារ​តែ​តំបន់​នេះ កំពុង​តែ​ត្រូវ​បាន​វាយ​លុក​ដោយ​ជំងឺ​ហ្ស៊ីកា​។ សេចក្ដី​ថ្លែងការណ៍​របស់​មជ្ឈមណ្ឌល​គ្រប់​គ្រង​និង​បង្ការ​ជំងឺ​ឆ្លង​របស់​អាមេរិក​នេះ ធ្វើ​ឡើង​ចំ​ពេល​ដែល​ក្រសួង​សុខាភិបាល​កម្ពុជា កំពុង​តែ​បើក​យុទ្ធនាការ​អប់រំ​សុខភាព​ទូទាំង​ប្រទេស ដើម្បី​បង្ការ និង​ទប់​ស្កាត់​ជំងឺ​ហ្ស៊ីកា​។

Fernanda Carvalho/ Fotos Públicas
ផ្សាយពាណិជ្ជកម្ម

បើ​តាម​មជ្ឈមណ្ឌល​គ្រប់​គ្រង​និង​បង្ការ​ជំងឺ​ឆ្លង​របស់​អាមេរិក កម្ពុជា ព្រុយណេ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ម៉ាល់ឌីវ ហ្វីលីពីន ថៃ វៀតណាម និង​ទីម័រ​ខាង​កើត គឺ​ជាប្រទេស​ដែល​កំពុង​តែ​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ឆ្លង​ជំងឺ​ហ្ស៊ីកា​។ ដូច្នេះ ស្ដ្រី​អាមេរិក​ដែល​មាន​ផ្ទៃ​ពោះ ឬ​មាន​គម្រោង​យក​កូន​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ គួរ​តែ​ពិចារណា​ពន្យារ​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ទាំង​១១​នេះ ដើម្បី​ចៀស​ឲ្យ​ផុត​ពី​គ្រោះ​ថ្នាក់​ឆ្លង​ជំងឺ​ហ្ស៊ីកា​។​

មជ្ឈមណ្ឌល​គ្រប់​គ្រង​និង​បង្ការ​ជំងឺ​ឆ្លង​របស់​អាមេរិក ហៅ​កាត់​ថា CDC បាន​ឲ្យ​ដឹង​ទៀត​ថា មេរោគ​ហ្ស៊ីកា មាន​វត្តមាន​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ជា​ពិសេស​ប្រទេស​ដែល​បាន​រៀបរាប់​ខាង​ដើម​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ ហើយ​រហូត​មក​ទល់​ពេល​នេះ ប្រទេស​ជា​ច្រើន​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដូច​ជា​ថៃ សិង្ហបុរី និងហ្វីលីពីន ជា​ដើម កំពុង​តែត្រូវ​បាន​រាត​ត្បាត​យ៉ាង​ខ្លាំង​ដោយ​សារ​តែ​មេរោគ​ហ្ស៊ីកា​។ ក្នុង​នោះ កាល​ពី​ថ្ងៃ​ពុធ​ទី​២៨​កញ្ញា ប្រទេស​ថៃ​បាន​រក​ឃើញ​ទារក​បី​នាក់ ដែល​កើត​មក​មាន​ក្បាល​តូច​ និង​ដែល​អាច​បណ្ដាល​មក​ពី​មេរោគ​ហ្ស៊ីកា​។​

នៅ​កម្ពុជា​ឯ​ណេះ​វិញ ថ្វី​ត្បិត​តែ​មិន​ទាន់​មាន​ករណី​ឆ្លង​ថ្មីនៅ​ក្នុង​ឆ្នាំ​២០១៦​នេះ​ក៏​ដោយ ប៉ុន្តែ​រដ្ឋាភិបាល​ហាក់​បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​ជំងឺ​នេះ​។ លោក ហ៊ុន សែន នាយក​រដ្ឋ​មន្ដ្រី បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​រួម​គ្នា​បង្ការ​ជំងឺ​ហ្ស៊ីកា ខណៈ​ក្រសួង​សុខាភិបាល​កម្ពុជា​បាន​បើក​យុទ្ធនា​នៅ​ទូទាំង​ប្រទេស​ដើម្បី​ទប់​ស្កាត់​​ជំងឺ​នេះ​។ ​យុទ្ធនាការ​ទប់​ស្កាត់​ទាំង​នោះ​បែង​ចែក​ជា​ពីរ​ផ្នែក​សំខាន់​។ ទី​១ ចំពោះ​ច្រក​ព្រំដែន​​ទូទាំង​ប្រទេស ក្រសួង​បាន​រៀបចំ​​ដាក់មន្ត្រី​ប្រចាំការ​ ​​ដាក់​ម៉ាស៊ីន​ស្ទង់​កម្តៅ​អ្នក​ដំណើរ ​ព្រម​ទាំង​ចែក​បណ្ណ​អប់​រំសុខ​ភាពដល់​អ្នក​ដំណើរ​។ ទី​២ ចំពោះ​​យុទ្ធនាការ​ក្នុងស្រុ​កវិ​ញ​​ ​ក្រសួង​សុខាភិបាល​បាន​​​បោះ​ពុម្ព​បណ្ណ​ព័ត៌មាន​ពី​ជំងឺ​ហ្ស៊ី​កាបិទលើ​រថយន្ត​របស់​រដ្ឋ ​ហើយ​ផ្សព្វ​ផ្សាយ​ដល់​ប្រជា​ពលរដ្ឋ​គ្រប់​ភូមិ​ឃុំ​ដាច់​ស្រយា​ល​ នៅ​ទូទាំង​ប្រទេស។ ក្រសួង​ក៏​បាន​បង្កើត​ខ្សែ​ទូរសព្ទ​ទាន់​ហេតុការណ៍​លេខ ១១៥ សម្រាប់​ផ្ដល់​ព័ត៌មាន​ពី​ជំងឺ​ហ្ស៊ីកា​ផង​ដែរ​។

សូម​បញ្ជាក់​ថា​ជំងឺហ្ស៊ីកាត្រូ​វបាន​រក​ឃើញ​ក្នុង​ប្រទេស​កម្ពុជា​ចំនួន​៧ករណី ​កាល​ពីឆ្នាំ២០០៧ ​និង​ឆ្នាំ២០១០។ ​ករណី​ទាំង​អស់​នោះ​ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ ​ហើយ​ចាប់​ពី​ពេល​នោះ​​រហូត​មក​ដល់​បច្ចុប្បន្ន  ពុំ​មាន​ជំងឺ​ហ្ស៊ីកា​កើត​មាន​ក្នុង​ប្រទេស​កម្ពុជា​ទេ។​ ​ជំងឺ​ហ្ស៊ីកា អាច​ការពារ​​និង​ទប់​ស្កាត់​បាន តាម​រយៈ​ការ​ការពារ​ខ្លួន​កុំ​ឲ្យ​មូស​ខ្លា​ខាំ និង​ការ​កម្ចាត់​វត្ថុ​ដក់​ទឹក​ដែល​ជា​ជម្រក​នៃ​ការ​កកើត​សត្វ​មូស​ខ្លា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ