rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា អាមេរិក

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

​ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក ប្រាប់​ប្រមុខ​ការ​ទូត​ខ្មែរ​ថា អាមេរិក នឹង​មិន​ជ្រៀត​ជ្រែក​ផ្ទៃ​ក្នុង​កម្ពុជា​ឡើយ​

media
ឯកអគ្គរដ្ឋទូតអាមេរិក ប្រាប់ប្រមុខការទូតខ្មែរថា អាមេរិក នឹងមិនជ្រៀតជ្រែកផ្ទៃក្នុងកម្ពុជាឡើយ @សហការី

លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា នៅ​ថ្ងៃ​ទី​២៤​តុលា​នេះ បាន​ទទួល​ជួប លោក W.Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី​ប្រចាំ​កម្ពុជា។ ក្នុង​ជំនួប​នោះ លោក W.Patrick Murphy បញ្ជាក់​ជំហរ​នៅ​ចំពោះ​មុខ​ប្រមុខ​ការទូត​ខ្មែរ​ថា សហរដ្ឋ​អាមេរិក នៅ​ក្នុង​អាណត្តិ​ការងាររបស់​លោក នឹង​មិន​ជ្រៀតជ្រែក ចូល​កិច្ចការ​ផ្ទៃ​ក្នុង របស់​កម្ពុជា​ឡើយ។ 


ជំហរ​របស់ លោក W.Patrick Murphy យ៉ាង​ដូច្នេះ​ត្រូវ​បាន​គូស​បញ្ជាក់​បន្ថែម​ដោយ លោក កុយ គួង អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា នៅ​ថ្ងៃ​ទី​២៤​តុលា​នេះ​។ បើតាម​លោក កុយ គួង ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី បញ្ជាក់​ជំហរ​ថា សហរដ្ឋ​អាមេរិក​គ្មាន​គោល​នយោបាយ ជ្រៀតជ្រែក ចូល​កិច្ចការ​ផ្ទៃ​ក្នុង របស់​កម្ពុជា​ឡើយ ហើយ​ផ្ទុយ​មក​វិញ​នៅ​ក្នុង​អាណត្តិ​របស់​លោក​គឺ​គាំទ្រ​កម្ពុជា និង​ធ្វើ​ជា​ដៃ​គូរ​អភិវឌ្ឍ​ដ៏​សំខាន់​របស់​កម្ពុជា។

បើ​ទោះ​ជា​បង្ហាញ​ជំហរ​មិន​លូកលាន់​កិច្ចការ​ផ្ទៃ​ក្នុង​កម្ពុជា​សម្រាប់​បច្ចុប្បន្ន និង​អនាគត​ក៏​ដោយ តែ​លោក W.Patrick Murphy មិន​ភ្លេច​សួរ​នាំ​ឡើយ ជុំវិញ​ករណី​ឃុំ​ខ្លួន លោក កឹម សុខា។ ការឃុំ​ខ្លួន​លោក កឹម សុខា ត្រូវបាន​ប្រមុខ​ការទូត​កម្ពុជា លោក ប្រាក់ សុខុន បាន​ឆ្លើយ​តប​ថា កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ស៊ើប​អង្កេត​របស់​តុលាការ​នៅ​ក្នុង​សំណុំ​រឿង​ក្បត់​ជាតិ​របស់​គាត់។

ដោយ​ឡែក​ចំពោះ​ការ​រក្សា​ជំហរ​ធ្វើ​ជា​ដៃ​គូរ​អភិវឌ្ឍ​ដ៏​សំខាន់​របស់​កម្ពុជា លោក ប្រាក់ សុខុន បាន​អរគុណ​អាមេរិក​ដែល​បាន​ផ្ដល់​ការ​អនុគ្រោះ​ផ្នែក​សេដ្ឋកិច្ច​មក​កម្ពុជា​ទាក់ទង​ទៅ​នឹង​ការអនុ​គ្រោះ​ពន្ធ​GSP។ បន្ថែមលើនេះ​លោក​ក៏​បាន​ស្នើ​នៅ​ចំពោះ​មុខ លោក W.Patrick Murphy ធ្វើ​យ៉ាង​ណាជួយ​សម្រួល​ដោះស្រាយបញ្ហា​នៃ​ការ​ចាប់​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ត្រឡប់​កម្ពុជា​ដោយឈរ​លើ​គោលការណ៍​មនុស្ស​ធម៌​។

លោក គិន ភា ប្រធាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជ្យបណ្ឌិតសភា​កម្ពុជា​មើល​ឃើញ​ថា ទំនាក់ទំនង​រវាង​កម្ពុជា​និង​អាមេរិក​ដែល​ធ្លាប់​មើល​មុខ​គ្នា​មិន​ចំ អាច​ប្រែប្រួល​មុខ​មាត់​ថ្មី​តាមរយៈ​ជំហរ​លោក W.Patrick Murphy។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​លោក គិន ភា នៅ​រង​ចាំ​មើល​បន្តទៀត​ជុំវិញ​ទំនាក់ទំនង​ការ​បរទេស​រវាង​ប្រទេស​ទាំងពីរ ខ្លាច​មាន​ការ​ប្រែប្រួល​នា​ពេល​ខាង​មុខ​។

សូមជម្រាបជូនថា ជំនួប​រវាង​លោក ប្រាក់ សុខុន និង​លោក W.Patrick Murphy នៅ​ថ្ងៃ​ទី​២៤តុលា​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​លោក W.Patrick Murphy បាន​ជួប​លោកនាយករដ្ឋមន្ត្រី ហ៊ុន ​សែន នៅ​ថ្ងៃ​ទី​២៣​តុលា។ នៅ​ក្នុង​ជំនួប​នោះ​ភាគី​ទាំង​ពីរ​បាន​អះអាង​ដូច​គ្នា​ក្នុង​ការ​ពង្រឹងនិង​ពង្រីក​ទំនាក់ទំនង​ដែល​មាន​ស្រាប់។ សម្រាប់​លោក​នាយករដ្ឋមន្ត្រី​មើលឃើញ​ថា កន្លងមក​កម្ពុជា និង​សហរដ្ឋអាមេរិក​បាន​សហការ​គ្នារួចហើយ លើ​វិស័យអប់រំ វិស័យសុខាភិបាល​ជាដើម។ បន្ថែម​លើ​នេះ​លោក ហ៊ុន សែន ក៏​បាន​ស្នើ​ឯកអគ្គរដ្ឋទូត​អាមេរិក​គាំទ្រ​កម្ពុជា​ដែលត្រៀម​ធ្វើ​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២២៕