អានតួអត្ថបទ
កម្ពុជា-នយោបាយ

កម្ពុជា​អាច​ទទួល​បាន​ជំនួយ​ជាង​១០០​លាន​ដុល្លារ​ បើ​ព្រម​ទទួល​យក​​លក្ខ​ខណ្ឌ​របស់​អាមេរិក​

ប្រទេស​កម្ពុជា​ អាច​នឹង​ទទួល​បាន​ជំនួយ​ពី​សហរដ្ឋ​អាមេរិក​ជា​ថវិកា​ប្រមាណ​ ១១៣​លាន​ដុល្លារ​ក្នុង​​ឆ្នាំ​២០​២០​ ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា​ គោរព​រដ្ឋ​ធម្មនុញ្ញ​ឆ្នាំ​១៩៩៣ ​និង​​មិន​ឲ្យ​យោធាចិន​​ឈរ​ជើង​​លើ​ទឹក​​ដី​កម្ពុជា​។​ ការ​ប្រកាស​នេះ ​គឺ​ស្រប​ពេល​ដែល​សមា​ជិក​​សភា​របស់​សហរដ្ឋ​អាមេរិក​​នឹង​បើក​ការ​ពិភាក្សា​មួយ​នៅ​ថ្ងៃ​ទី​២១​ខែ​តុលា​ខាង​មុខ​នេះ ​ដើម្បី​ពិនិត្យ​មើល​ពី​វិធាន​ការ​មួយ​ចំនួន​​លើ​ដំណើរ​ការ​ប្រជា​ធិប​តេយ្យ ​និង​ការ​ធ្វើ​ពាណិជ្ជ​កម្ម​របស់​កម្ពុជា​។​​

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និង​លោក ហ៊ុន សែន
ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និង​លោក ហ៊ុន សែន @សហការី
ផ្សាយពាណិជ្ជកម្ម

តាម​សេចក្តី​ប្រកាសព័ត៌​មាន​មួយកាល​ពី​ថ្ងៃ​សុក្រ សមាជិក​សភាអាមេរិក​ លោក Alan ​Lowenthal​ បាន​និយាយថា ​ការ​ពិភាក្សា​នៅថ្ងៃ​ទី២១​ខែតុលា ​គឺ​ផ្តោត​លើការ​អនុវត្ត​សន្ធិសញ្ញា​សន្តិភាពទីក្រុងប៉ារីស២៣ តុលា ឆ្នាំ១៩៩១។ ដោយ​ផ្តោត​ពីដំណើរការ​ប្រជា​ធិប​តេយ្យ និងការគោរពសិទ្ធិមនុស្ស រួមទាំងការធ្វើពាណិជ្ជកម្មផងដែរ។​

បើតាម​​សមាជិក​​សភាអាមេរិករូបនេះ សភាអាមេរិក អាចមាន​ឥទ្ធិពល​ក្នុង​ការ​រុញ​ឱ្យ​រដ្ឋាភិបាលលោក ហ៊ុន សែន ដែលបានប្រព្រឹត្តិខុសកន្លងមកកែតម្រូវវិញ។

សមាជិកសភាអាមេរិកដែល​ទទួលបន្ទុកខាង​កម្ពុជារូបនេះ ក៏បានបញ្ជាក់ថា រដ្ឋាភិបាល​កម្ពុជាបច្ចុប្ប​ន្នបានដើរ​ប្រាស់ចាកពីខ្លឹមសារនៃសន្ធិសញ្ញាទីក្រុងប៉ារីស ដែល​តម្រូវ​ឱ្យ​កម្ពុជា​ធ្វើ​ដំណើរតាមបែបលទ្ធិប្រជា​ធិបតេយ្យសេរី ពហុបក្ស។​

ការ​កោះ​​ប្រជុំ​របស់​សមាជិក​សភាអាមេរិកនេះ គឺស្រប​ពេល​ដែលគណៈកម្មាធិការកំណត់​ថវិកាចំណាយនៃព្រឹទ្ធសភាអាមេរិកបានអនុម័តថវិការបស់ក្រសួងការបរទេសអាមេរិកសម្រាប់ចាយវាយក្នុង​ឆ្នាំ២០២០ ក្នុងនោះក៏មានគ្រោង​ខ្ទង់ចំណាយសម្រាប់​ជួយ​ដល់​ប្រទេសកម្ពុជាផងដែរ។ ប៉ុន្តែមុននឹងទទួលបានជំនួយ១១៣លាន​ដុល្លារនោះ គឺសហរដ្ឋ​អាមេរិក​មាន​លក្ខណ្ឌ​មួយ​ចំនួន​ជាមួយ​រដ្ឋាភិបាលកម្ពុជា ដោយតម្រូវឲ្យកម្ពុជាពង្រឹង​សន្តិសុខ​ក្នុង​តំបន់​ទាក់​ទង​បញ្ហា​សមុទ្រចិនខាងត្បូង ហើយអនុវត្តការដាក់ទណ្ឌកូរ៉េខាងជើង និងមិនឲ្យ​ចិនយក​ទឹក​ដី​កម្ពុជាធ្វើទីតាំងសម្រាប់យោធាចិនឈរជើង ហើយកម្ពុជាត្រូវ​លើក​ស្ទួយ​លទ្ធិ​ប្រជា​ធិប​តេយ្យ​ជាដើម​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ