rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា សិទ្ធិស្ត្រី

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

​របាយ​ការណ៍​UNFPA​៖ អត្រា​មរណភាព​មាតា​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​

media
របាយការណ៍ UNFPA ថាអត្រាមរណភាពមាតាបានធ្លាក់ចុះយ៉ាងគំហុក @FB/ UNFPA Cambodia

មូលនិធិ​សហ​ប្រជាជាតិ​សម្រាប់​ប្រជាជន​ហៅ​កាត់​(UNFPA)​បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​សង្ខេប​របស់​ខ្លួន​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី១០​មេសា​ម្សិល​មិញ​ថា អត្រា​មរណភាព​មាតា​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​។ ការ​ធ្លាក់​ចុះ​អត្រា​មរណភាព​មាតា​យ៉ាង​គំហុក​នេះ ត្រូវ​បាន​UNFPA​រាប់​ចាប់​តាំង​ពី​ឆ្នាំ១៩៩៤​ដល់​២០១៤​។ 


ការ​ប្រើ​ប្រាស់​មធ្យោបាយ​ពន្យា​កំណើត​គឺ​ជា​កត្តា​ចំបង​មួយ​ធ្វើ​ឲ្យ​អត្រា​មរណភាព​មាតា​ធ្លាក់​ចុះ​យ៉ាង​គំហុក​។ ក្នុង​នោះ​ការ​ប្រើ​ប្រាស់​មធ្យោបាយ​ពន្យា​កំណើត​បែប​ទំនើប​បាន​កើន​ឡើង​ពី១៩​ភាគ​រយ​ក្នុង​ឆ្នាំ​២០០០ មក​ដល់​៣៩​ភាគ​រយ​ក្នុង​ឆ្នាំ​២០១៤​។

ទោះ​ជា​ស្ត្រី​រស់​នៅ​ទីក្រុង​ប្រមាណ​៣៣​ភាគ​រយ ប្រើ​ប្រាស់​មធ្យោបាយ​ពន្យា​កំណើត​បែប​ទំនើប​យ៉ាង​ណា​ក្ដី ក៏​ស្ត្រី​មួយ​ចំនួន​រស់​នៅ​ជន​បទ​ប្រមាណ​៤០​ភាគ​រយ នៅ​តែ​ពិបាក​ក្នុង​ការ​ទទួល​បាន​សិទ្ធិ​បន្ត​ពូជ ជា​ពិសេស​អ្នក​ដែល​រស់​នៅ​តំបន់​ដាច់​ស្រយាល ហើយ​ក្នុង​នោះ​ការ​មាន​ផ្ទៃ​ពោះ​នៅ​វ័យ​ក្មេង​បាន​កើន​ឡើង​ពី​៨ភាគ​រយ​នៅ​ឆ្នាំ​២០១០ មក​ដល់​១២​ភាគ​រយ​នៅ​ឆ្នាំ​២០១៤​។

តាម​រយៈ​ការ​លើក​បង្ហាញ​នេះ មូល​និធិ​សហ​ប្រជា​ជាតិ​សម្រាប់​ប្រជាជន​ហៅ​កាត់​(UNFPA)​ បាន​គូស​បញ្ជាក់​នៅ​របាយការណ៍​របស់​ខ្លួន​ថា គេ​ត្រូវ​ធ្វើ​ការ​ច្រើន​ទៀត​ដើម្បី​ធានា​សិទ្ធិ​នៃ​ការ​បន្ត​ពូជ​និង​សុខភាព​ផ្លូវ​ភេទ​។ កន្លង​មក​តាម​រយៈ​ការ​ទាម​ទារ​នានា​នៃ​សិទ្ធិ​បន្ត​ពូជ​ធ្វើ​ឲ្យ​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នូវ​ការ​មាន​ផ្ទៃពោះ​ដោយ​ចៃដន្យ​និង​មរណភាព​មាតា​។

ទន្ទឹម​នឹង​ភាព​ល្អ​ប្រសើរ​និង​ភាព​ខ្វះ​ចន្លោះ​ខ្លះ​ទាក់​ទង​អត្រា​មរណ​ភាព​មាតា​UNFPAនៅ​មាន​កង្វល់​ចំពោះ​ការ​រង​អំពើ​ហិង្សា​ផ្នែក​រាង​កាយ​និង​ផ្លូវ​ភេទ​របស់​ស្ត្រី​។ ជាក់​ស្ដែង​មាន​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​៥នាក់​អាយុ​ពី១៥ដល់​៤៩​ឆ្នាំ បាន​រង​អំពើ​ហិង្សា​លើ​រាង​កាយ​យ៉ាង​ហោច​ណាស់​ម្ដង

ខណៈ​រង​អំពើ​ហិង្សា​ផ្លូវ​ភេទ​មាន​៦ភាគ​រយ​។

គួរកត់សម្គាល់ដែរថា រដ្ឋាភិបាលធ្លាប់ដាក់ក្ដី​រំពឹង​ថា ​នឹង​មាន​ការ​ថយ​ចុះ​យ៉ាង​លឿន​នូវ​អត្រា​មរណភាព​មាតា​ ត្រឹម​ឆ្នាំ​ ២០៣០។ ក្ដីរំពឹងនេះធ្វើឡើងតាមរយៈ ការ​បណ្តុះបណ្តាល​ឆ្មប និង​ការ​ដាក់​ពង្រាយ​នៅ​ទូទាំង​ប្រទេស​នៅ​ក្នុង​មណ្ឌល​សុខភាព ការ​វិនិយោគ​ក្នុង​ការ​បង្កើត​មជ្ឈ​មណ្ឌ​​ល​សង្គ្រោះ​បន្ទាន់​ផ្នែក​សម្ភព និង​ការ​ថែទាំ​ទារក​ទើប​នឹង​កើត ជាមួយ​បុគ្គលិក​ដែល​បាន​ទទួល​ការ​បណ្តុះ​បណ្តាល ដើម្បី​ធានា​ថា ជនក្រីក្រ​ក៏​អាច​ទទួល​បាន​សេវា​សុខភាព​ផ្លូវភេទ និង​សុខភាព​បន្ត​ពូជ​ផង​ដែរ៕