អានតួអត្ថបទ
កម្ពុជា

​រដ្ឋ​ជា​សមាជិក ​UN ​ផ្ដល់​អនុសាសន៍​ចំនួន​២០២​មក​កម្ពុជា​ទាក់​ទង​នឹង​សិទ្ធិ​មនុស្ស​

ក្រោយ​បិទ​បញ្ចប់​សម័យ​ប្រជុំ​លើក​ទី៣២ ​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ (UN) រដ្ឋជាសមាជិក​អង្គការ​សហ​ប្រជាជាតិ​ចំនួន​៧៣ បាន​ផ្ដល់​អនុសាសន៍​ចំនួន​២០២​ចំណុច​មក​កម្ពុជា។ ជា​អនុសាសន៍ផ្ដោត​ទៅ​លើ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ សង្គម​ស៊ីវិល​ក្នុង​ស្រុក​មើល​ឃើញ​ថា ការ​ផ្ដល់​អនុសាសន៍​ច្រើនចំណុច​បែបនេះ គឺ​ដោយ​សារ​តែ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​មិន​ទាន់​ភាព​ល្អ​ប្រសើ​រឡើយ​។ 

កិច្ចប្រជុំ​របស់​អង្គការ​សហប្រជាជាតិ កាលពីពេលកន្លងទៅនេះ (រូបភាពឯកសារ)
កិច្ចប្រជុំ​របស់​អង្គការ​សហប្រជាជាតិ កាលពីពេលកន្លងទៅនេះ (រូបភាពឯកសារ) @REUTERS/Samrang Pring
ផ្សាយពាណិជ្ជកម្ម

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​នឹង​ដឹក​នាំ​កិច្ច​ប្រជុំ ជាមួយ​ស្ថាប័ន​ដែល​ពាក់​ព័ន្ធ​រួម​មាន ស្ថា​ប័នរដ្ឋ អង្គការសង្គម​ស៊ីវិល​ជាតិ អន្តរជាតិ និងដៃគូរអភិវឌ្ឍ ដើម្បី​ពិនិត្យ​ពិភាក្សា និងពិគ្រោះ​យោបល់​លើ​អនុសាសន៍​២០២ចំណុច ដែល​ផ្ដល់​ដោយ​រដ្ឋ​ជា​សមាជិក​អង្គការ​សហ​ប្រជាជាតិ ដើម្បី​បែង​ចែក​រវាង​អនុសាសន៍​ណា​ដែល​ត្រូវ​ទទួល​យក និង​អនុសាសន៍​ណា​ដែល​ត្រូវ​បដិសេធ។ ក្រោយ​ជជែក​និង​ពិគ្រោះ​ចប់ កម្ពុជា​នឹង​ឆ្លើយ​តប​វិញ​ជា​ផ្លូវការ​ទៅ​កាន់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​សម័យ​ប្រជុំពេញ​អង្គ​លើក​ទី​៤១​នៅ​ខែ កក្កដា​ក្នុង​ឆ្នាំ​២០១៩ ដដែល​នេះ។

មុន​ទទួល​បាន​អនុសាសន៍​២០២​ចំណុច​នេះ កម្ពុជា​បាន​លើក​ឡើង​ពី​ភាព​ល្អ​ប្រសើរ​នៃ​ការវិវឌ្ឍ ស្ថាន​ភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​លើ​គ្រប់​វិស័យ ទៅ​កាន់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជា​ជាតិ។ ទន្ទឹមគ្នា​នេះ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ថ្លែង​ការណ៍​ឆ្លើយ​តប​ចំពោះ​ការ​រិះគន់​ពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នា​ពេលកន្លង​មក​។ សម្រាប់​គណៈ​ប្រតិភូ​កម្ពុជា ការ​រិះ​គន់​ទាំង​នោះ​មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​នៅ​កម្ពុជា​ឡើយ។

លោក សួន ប៊ុនសក្តិ អ្នក​ឯកទេស​ផ្នែក​សិទ្ធិ​មនុស្ស​លើក​ឡើង​ថា ការ​ផ្ដល់​អនុសាសន៍​២០២​ចំណុច​នេះ​មាន​ន័យថា បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នៅ​មាន​ភាព​ចម្រូង​ចម្រាស​ច្រើន សម្រាប់​ក្រសែ​ភ្នែក​រដ្ឋ​សមាជិក​អង្គការ​សហប្រជា​ជាតិ។ បើ​ទោះ​បី​ជា​កម្ពុជា​តែង​លើក​ឡើង​ពី​ភាព​ល្អ​ប្រសើរ​នៃ​បញ្ហា​សិទ្ធិ​មនុស្ស​យ៉ាង​ណា​ក៏​ដោយ ប៉ុន្តែ​រាល់អនុសាសន៍​របស់​ក្រុម​ប្រឹក្សា​មនុស្ស​អង្គ​ការ​សហ​ប្រជាជាតិ កម្ពុជា​មិន​អាច​មិន​អើ​ពើ​បាន​ឡើយ។ បើ​តាម​លោក សួន​ ប៊ុនសក្តិ មួយ​ផ្នែក​នៃ​ករណី​បាញ់​បោះ​ក្នុង​សំណុំ​រឿង​អនុវត្ត​សាល​ដីកា​នៅ​ខេត្ត​ព្រះសីហនុ បាន​ទាញ​ទម្លាក់បញ្ហា​សិទ្ធិ​មនុស្ស​កម្ពុជា​ផង​ដែរ។

គួរ​ជម្រាប​ជូន​ថា កម្ពុជា​ធ្លាប់​ទទួល​យក​អនុសាសន៍​១៦២ ពី​រដ្ឋ​ជា​សមាជិក​អង្គ​ការ​សហ​ប្រជាជាតិ​កាល​ពី​អំឡុងកិច្ច​ប្រជុំ​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​លើក​ទី២ កាល​ពី​ឆ្នាំ​២០១៤៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ