អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

កង្វះ​សេវាដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស ធ្វើ​ឲ្យ​កម្ពុជា​បាត់បង់​អត្ថ​ប្រយោជន៍​ពី​ភ្ញៀវ​ទេសចរតាម​កប៉ាល់

វិស័យឯកជន​នៅ​ថ្ងៃ​អាទិត្យ​នេះ​បាន​ជម្រុញ​ឲ្យ​ក្រសួង​ទេសចេណ៍​ក៏​ដូច​ជា​ផ្នែក​អាកាស​​​ចរណ៍​គិតគូរ​ដល់​ការ​បន្ថែម​ជើង​ហោះហើរ ដើម្បី​ស្រូប​យក​ចំនួន​ភ្ញៀវទេសច​រដែល​ធ្វើ​ដំណើរ​តាម​នាវា​ទៅទស្សនា​តំបន់​ផ្សេង​ទៀត ខណៈ​ដែល​ភ្ញៀវ​ទេសចរ​ទាំង​នោះ​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​រយៈពេលខ្លី។ ការ​ជម្រុញ​យ៉ាង​ដូច្នេះ បន្ទាប់​ពី​ក្រសួង​ទេចរណ៍​បាន​ទទួល​ស្គាល់​ថា ភ្ញៀវទេសចរដែល​ធ្វើ​ដំណើរ​តាម​នាវា​បាន​បាត់​បង់​ឱកាស​ទៅ​ទស្សនា​កន្លែង​ផ្សេង​ទៀត​នៃ​ប្រទេស​កម្ពុជា ដោយ​សារ​តែ​ខ្វះ​សេវា​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស។

រូបភាព៖នាវាដែលចូលចតនៅកំពុងផែខេត្តព្រះសីហនុកាលពេលថ្មីៗនេះ
រូបភាព៖នាវាដែលចូលចតនៅកំពុងផែខេត្តព្រះសីហនុកាលពេលថ្មីៗនេះ @ក្រសួងទេសចរណ៍
ផ្សាយពាណិជ្ជកម្ម

កង្វះ​មធ្យោបាយ​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស​បាន​ធ្វើ​ឲ្យ​កម្ពុជា​បាត់បង់​ឱកាស​ស្រូប​យក​ការ​ចំណា​យ​របស់​ភ្ញៀវ​ទេសចរ​តាម​វានា​យ៉ាង​ច្រើន ខណៈ​ភ្ញៀវ​ទេសចរ​ធ្វើ​ដំណើរ​តាម​នាវា​មាន​ចំនួនច្រើន​ចន្លោះ​ពី​៣០០០ ទៅ៤០០០នាក់ នៅ​ពេល​នាវា​ចូល​ចត​កំពុង​ផែ​ខេត្ត​ព្រះសីហនុ​ម្ដងៗ​។ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ លោកស្រី ឆាយ សៀវលីន ប្រធាន​សមាគមន៍​ទី​ភ្នាក់ងារទេស​ចរកម្ពុជា​ បាន​ជម្រុញ​ឲ្យ​ផ្នែក​អាកាសចរណ៍​ស៊ីវិល​បន្ថែម​ជើង​ហោះ​ហើរ​ឲ្យ​មាន​ភាព​សម្បូរ​បែប និង​ពង្រឹង​សេវា​ហោះហើរ​ដែល​មាន​ស្រាប់​ឲ្យ​គោរព​ម៉ោង​ពេល​ចេញ​ដំណើរ​ឲ្យ​បាន​ទៀង​ទាត់។

បើតាម​លោកស្រី ឆាយ សៀវលីន ជា​រឿង​គួរ​ឲ្យ​សោកស្ដាយ​ដែល​ភ្ញៀវទេចរ​ចូល​ដល់​ទឹក​ដី​កម្ពុជា​ហើយ តែ​កម្ពុជា​បាន​មិន​ស្រូប​យក​ការ​ចំណាយ​របស់​ពូកគេ តាមរយៈ​ការ​ធ្វើ​ដំណើរ​ទៅ​កំសាន្ត​កន្លែង​ផ្សេង​ទៀត ដូចជា៖ តំបន់​កោះ ឬ​ខេត្ត​សៀមរាប​អង្គរ ក្នុង​រយៈ​ពេល​ខ្លី។

ក្រសួង​ទេចរណ៍​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ទទួល​ស្គាល់​ថា ភ្ញៀវទេសចរ​ដែល​មក​ដល់​កម្ពុជា​តាម​នាវា​ទេសចរណ៍ ក៏​ចង់​ទៅ​ទស្សនា​អង្គរ​ក្នុង​រយៈ​ពេល​ខ្លី​ដែរ ប៉ុន្តែ​មិន​ទាន់​មាន​សេវា​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស ដែល​អាច​វិល​មក​វិញ​ទាន់​ការ​ចាក​ចេញ​របស់​នាវា។

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន លើក​ឡើង​ថា ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ​ចាំបាច់​ត្រូវដោះ​ស្រាយ​ជា​កញ្ចប់ ហើយ​តម្រូវ​ឱ្យ​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ និង​ផ្នែក​ឯកជន។ ក្នុងនោះ ក្រសួង​កំពុង​ត្រៀម​រៀប​ចំ​កិច្ច​ប្រជុំ​ពិសេស​បន្ទាន់​មួយ ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ ដើម្បីរួមគ្នា​ដោះ​ស្រាយ​បញ្ហា​ទាំង​នេះ ពី​ព្រោះនេះ​ មិន​មែន​គ្រាន់​តែ​ជា​ឱកាស ដែល​កម្ពុជា​អាច​ចាប់យក​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជា​ក្រុម​ធំៗ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏ជា​ឱកាស​នៃ​ការ​ត្រៀម​រៀប​ចំ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន នៅ​ឆ្នាំ​២០២២ ផង​ដែរ។

គួរ​ជម្រាប​ជូន​ថា នៅ​រយៈ​ពេល​៤​ខែ​ក្នុង​ឆ្នាំ​២០១៩​នេះ កំពង់​ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ ទទួលបាន​នាវា​ទេសចរណ៍​ចូល​ចត​ចំនួន​៣០​គ្រឿង ដោយ​ផ្ទុក​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន ២៩,១១១នាក់ ។ ដោយឡែក​នៅ​ឆ្នាំ២០១៨ កំពង់​ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ​មាន​នាវា​ទេសចរណ៍​ចូលចត​ចំនួន​៣៧​គ្រឿង ដោយ​ផ្ទុក​ភ្ញៀវទេសចរអ​ន្តរជាតិ​ចំនួន ៤០,៥៩៨នាក់។ វិស័យ​ទេសចរណ៍ត្រូវ​បាន​រដ្ឋាភិបាល​ចាត់​ទុក​ថា ​ជា​វិស័យ​អាទិភាព​ទី២ ក្នុង​ការ​រួម​ចំណែក​ទ្រទ្រង់​សេដ្ឋកិច្ច​កម្ពុជាពី​មួយ​ឆ្នាំ​មួយ​ឆ្នាំ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ