rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា ចិន សេដ្ឋកិច្ច

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អភិបាលខេត្ត​ព្រះសីហនុ​ស្នើ​នៅ​ចំពោះ​មុខ​ទូត​ចិន​ឲ្យ​បើក​ស្ថាន​កុងស៊ុល​ក្នុងខេត្ត​ព្រះសីហនុ

media
រូបថតៈ ផ្លូវថ្នល់ក្នុងខេត្តព្រះសីហនុ ត្រូវបានខូចខាតជាច្រើនកន្លែង @RFI

អភិបាល​ខេត្ត​ព្រះសីហនុ​លោក គួច ចំរើន បាន​ស្នើ​នៅ​ចំពោះ​ឯកអគ្គរដ្ឋ​ទូត​ចិន​ឲ្យ​បើក​ស្ថាន​កុង​​ស៊ុលចិននៅ​ខេត្ត​ព្រះសីហនុ។ សំណើ​នេះ ធ្វើ​ឡើង​នា​ឱកាស​ជំនួប​រវាង​មន្ដ្រី​ជាន់​ខ្ពស់ទាំង​ពីរ​រូប កាល​ពី​ថ្ងៃ​ទី​១០​កក្កដា នា​ខេត្ត​ព្រះសីហនុ​។ ក្នុង​នោះ​អ្នក​ជំនាញ​ផ្នែក​ទំនាក់​ទំនង​អន្តរជាតិ​យល់​ថា ជា​រឿង​ល្អ​ប្រសិន​បើ​មាន​ស្ថានកុង​ស៊ុល​ចិន​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​​។ បើ​តាម​អ្នក​ជំនាញ វត្តមានស្ថានកុងស៊ុល​ក្នុង​ខេត្តព្រះសីហនុ នឹង​បង្ក​លក្ខ​ណៈ​ងាយស្រួលនៅក្នុងការគ្រប់គ្រងជនជាតិចិននៅ​ទីនោះ​។


នៅ​ចំពោះ​មុខ​លោក Wang Wentian ឯកអគ្គរដ្ឋទូត​ចិនលោក គួច ចំរើន អភិបាលខេត្ត​ព្រះសី​ហនុអះអាងថា ការបើក​ស្ថាន​កុងស៊ុល​ចិន​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ គឺ​ដើម្បី​ផ្សព្វ​ផ្សាយដល់​ប្រ​ជាជ​ន​​ចិន ដែលមាន​គម្រោង​មក​វិនិយោគ និង​កំពុង​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​។​

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ​កម្ពុជា​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​យល់ថា សំណើ​សុំ​ឲ្យ​មាន​ស្ថានកុងស៊ុល​ចិន​នៅ​ក្នុង​ខេត្តព្រះសីហនុ ទំនងធ្វើ​ឡើង​ដោយ​​សារ​អភិបាលខេត្តព្រះសីហនុ​ថ្មី ចង់​ទាញ​ស្ថានទូត​ចិន ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​កាន់​តែ​ខ្ពស់​ចំពោះ​ជនជាតិរបស់​ខ្លួន ដែល​កំពុង​រស់​នៅ​និង​វិនិយោគ​ក្នុង​ខេត្តព្រះ​សីហនុ​។ បើ​តាម​លោក គិន ភា​ វត្តមានស្ថានកុងស៊ុល នឹង​ដើរ​តួ​នាទី​សំខាន់​ក្នុង​ជួយគាំពារ​និង​ផ្ដល់​ជំនួយ​ផ្នែក​ច្បាប់ ព្រម​ទាំង​ការ​អប់រំដល់​ជន​ជាតិ​ចិន​។

រីឯលោក សួន​ ប៊ុនស័ក្តិ អ្នកឯកទេសសិទ្ធិ​មនុស្ស​លើក​ឡើង​ថា ប្រសិន​បើ​ស្ថានកុងស៊ុល​ចិនត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ខេត្តព្រះសីហនុ​មែន​នោះ វា​នឹង​ផ្ដល់​ផល​ចំណេញ​ទាំង​សង​ខាង មិន​ថា សម្រាប់​កម្ពុជា​ឬ​ចិន​ឡើយ។ ហើយថា ផល​ចំណេញ​ផ្នែក​ច្បាប់​នោះ គឺ​ងាយ​គ្រប់​គ្រងអ្នក​វិនិយោគ​និង​ពលរដ្ឋ​ជនជាតិចិន​​​។ ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ អាជ្ញាធរ​ក៏​ត្រូវ​តែ​ពង្រឹង​វិធាន​ការ​ច្បាប់ទូ​ទៅ​ដែរ ចំពោះ​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ជន​ជាតិ​ចិន។

គួរ​កត់​សម្គាល់​ថា ការ​ស្នើសុំ​បើក​ស្ថានកុង​ស៊ុល​ក្នុង​ខេត្ត​ព្រះសីហនុ​ គឺ​ជារបៀប​វារៈ​មួយ​ប៉ុណ្ណោះ នៅ​ក្នុង​ចំណោម​របៀបវារៈ​និង​បញ្ហា​ជា​ច្រើន​ទៀត ដែល លោក គួច ចំរើន បាន​ស្នើ​សុំ​ទៅ​ឯកអគ្គរដ្ឋទូត​ចិន ឲ្យ​ជួ​យ​ដោះស្រាយ​។ បញ្ហា​ទាំងនោះរួមមាន៖ ការគ្រ​ប់គ្រ​ង​​សំណង់​អគារ ផ្លូវ​ខូច​ លូ​ ប្រព័ន្ធ​ទឹកស្អាត និង​បញ្ហា​ផ្សេងៗ​ទៀត។

លោក Wang Wentian ឯកអគ្គរដ្ឋទូត​ចិន បាន​ឆ្លើយ​តប​ភ្លាមៗ​ចំពោះ​សំណើ​ទាំង​ប៉ុន្មាន​ដោយបង្ហាញ​ជំហរ​ថា នឹង​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​នៅ​ខេត្ត​មួយ​នេះ តាមរយៈ​គ​ម្រោ​ង «​កម្មវិធី​ខេត្ត​ព្រះសីហនុ មាន​សុវត្ថិភាព​»​។ សូម​ជម្រាប​ថា ទន្ទឹម​នឹង​កំណើន​អ្នក​វិនិយោគ​របស់​ចិន​ខេត្តព្រះសីហនុ​ពីរ​ឆ្នាំ​ចុង​ក្រោយ​បញ្ហា​ប្រឈម​មួយ​ចំនួន​កើត​មាន​ដូចជាៈ ចារកម្ម ការ​ប្រើ​ប្រាស់ហិង្សា​រវាង​ជន​ជាតិ​ចិន​ដូច​គ្នា ជួញ​ដូរ​គ្រឿង​ញៀន និង​បញ្ហា​សំរាម​ជា​ដើម៕