អានតួអត្ថបទ
កម្ពុជា-ច្បាប់

អាជ្ញាធរ​បញ្ជា​ឲ្យ​មនុស្ស​ចាកចេញ​ជា​បន្ទាន់​ក្រោយរក​ឃើញ​ស្នាម​ប្រេះ​ក្នុង​អគារ​កម្ពស់​៩ជាន់

ពី​ខេត្ត​ព្រះសីហនុ អគារ​កម្ពស់​៩ជាន់ ទល់​មុខ​រង្វង់​មូល​តោ២ ស្ថិត​ក្នុង​សង្កាត់​លេខ៤ ត្រូវ​បានមន្ទីរ​រៀបចំ​ដែន​ដី​ខេត្ត​នេះ កាល​ពី​ថ្ងៃ​ទី​៩​ខែ​សីហា បញ្ជា​ឲ្យ​រុះរើ​ជា​បន្ទាន់​ព្រោះ​សំណង់​ប្រភេទ​នេះ មិន​មាន​សុវត្ថិភាព ខណៈ​គុណភាព​សំណង់​មិនសម​ស្រប​តាម​លក្ខណៈ​បច្ចេកទេស​សំណង់។ ក្នុងនោះ អាជ្ញាធរ​បញ្ជា​ឲ្យ​មនុស្ស​រស់​ក្នុងអគារ​ឬ​នៅ​ជិត​អគារ​ត្រូវ​ចាកចេញ​ជា​បន្ទាន់​ក្រោយ​រកឃើញ​ស្នាម​ប្រេះ ក្នុង​អគារ​កម្ពស់​៩​ជាន់​នេះ។

រូបភាព៖ស្នាមប្រេះក្នុងអគារដែលអាជ្ញាធរបញ្ជាឲ្យជម្លៀសមនុស្សចេញជាបន្ទាន់
រូបភាព៖ស្នាមប្រេះក្នុងអគារដែលអាជ្ញាធរបញ្ជាឲ្យជម្លៀសមនុស្សចេញជាបន្ទាន់ @facebook
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​ពិនិត្យ​ឃើញ​ហានិភ័យ​បែប​នេះ គណៈកម្មការ​ត្រួត​ពិនិត្យ​គុណភាព​សំណង់​បាន​ស្នើ​ឲ្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ចុះ​ទៅ​ផ្អាក​ការដ្ឋាន​សាងសង់​ជា​បន្ទាន់ ហាម​ស្នាក់​នៅ ផ្អាក​ការ​ប្រកប​អាជីវកម្ម​គ្រប់​ប្រភេទ​ក្នុង​អគារ​និង​តម្រូវ​ឲ្យ​មនុស្ស​ចេញ​ពី​អគារ​ទាំង​អស់។ ចំណែក​ប្រជាពលរដ្ឋ ដែល​រស់​នៅ​ជិត​ខាង​ជុំវិញ​អគារ​នេះ ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​ត្រូវ​ចាកចេញ​ពីលំនៅ​ដ្ឋាន​ជា​បន្ទាន់ រហូត​ដល់​មាន​ការ​ចាត់ចែង​រួច​រាល់។ នេះ​ជា​ការ​គូសបញ្ជាក់​នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ដែន​ដី​ម្សិល​មិញ។

សូមជម្រាបជូនថា វិធានការ​របស់​អាជ្ញាធរ​និង​ភាគី​ពាក់ព័ន្ធ​ធ្វើ​ឡើង​ភ្លាមៗ ក្រោយ​មន្ទីរ​រៀប​ចំដែន​ដី​នៃ​ខេត្តព្រះសីហនុ​រក​ឃើញ​ថា ក្រុមហ៊ុន​ឈួនរិន ខនស្ត្រាក់សិន អេនជីនារីង សាងសង់អគារ​កម្ពស់​៩​ជាន់​នេះ គ្មាន​លិខិត​អនុញ្ញាត​សាងសង់ និង​គ្មាន​លិខិត​អនុញ្ញាត​បើក​ការ​ដ្ឋាន។

ក្រៅ​ពី​គ្មាន​លិខិត​បទដ្ឋាន​គតិយុត្តិ អាជ្ញាធរ​បាន​ពិនិត្យ​ឃើញ​ផ្ទាល់​ភ្នែក គឺ​ជញ្ជាំង​ជាន់​ផ្ទាល់​ដី​នៃអគារ មាន​សភាព​ប្រេះ​ជា​ច្រើន​កន្លែង និង​បន្ត​ប្រេះ​ត​ទៅ​ទៀត ហើយ​អគារ​សាងសង់​នេះ​គឺ​ខុសលក្ខណៈ​បច្ចេកទេស​សំណង់ និង​ខុស​នគររូបនីយកម្ម។ រីឯ​ផ្នែក​ខាង​កើត និង​ខាង​លិច​នៃ​អគារមាន​ការ​ស្រុត និង​បន្ត​ស្រុត​តទៀត។

បើ​តាម​អាជ្ញាធរ ការ​បញ្ចៀស​មនុស្ស​ចេញ​ពី​អគារ​កម្ពស់​៩​ជាន់​ដែល​មាន​ស្នាម​ប្រេះ ក្នុង​បំណងទប់​ស្កាត់​ទុក​មុន​កុំ​ឲ្យ​ដូច​ស្ថានការណ៍​រលំ​អគារ​បាក់​អគារ​កម្ពស់​៧​ជាន់​ដែល​សម្លាប់​មនុស្ស​២៨នាក់​កាល​ពី​ពេល​ថ្មីៗ​នេះ។ កាលណោះ​អាជ្ញាធរ​ខេត្ត​ក្រោម​ការ​ដឹក​នាំ​របស់​អភិបាល​ខេត្ត​ចាស់ លោកយន្ត មីន ​រង​ការ​រិះ​គន់​យ៉ាង​ចាស់​ដៃ ដែល​បណ្ដែត​បណ្ដោយ​ឲ្យ​មាន​ការ​សាង​សង់​។

គេ​ជឿ​ថា អគារ​សាងសង់​គ្មាន​គុណភាព​និង​គ្មាន​ការ​អនុញ្ញាត​នៅ​មាន​ច្រើន​ទៀត​ក្នុង​ខេត្តព្រះសីហនុ។ ទោះ​ជា​បែប​នេះ​ក្ដី អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ព្រះសីហនុ​លោក ឃាង ភារម្យ បានអះអាង​បន្ថែម​ពី​លើ​សេចក្ដី​បង្គាប់​របស់​មន្ទីរ​រៀបចំ​ដែន​ដី​ខេត្ត​ថា អាជ្ញាធរ​តម្រូវ​ឲ្យ​ក្រុម​ហ៊ុន រុះរើសំណង់​របស់​ខ្លួន​ជា​បន្ទាន់ ខណៈ​អាជ្ញាធរ​កំពុង​រង់​ចាំ​ម្ចាស់​សំណង់​ចូល​ខ្លួន​មក​ដោះ​ស្រាយ។ ដរាបណា​ការ​សាងសង់​នៅ​តែ​ដំណើរ​ការ អាជ្ញាធរ​ក៏​នៅ​តែ​បន្ត​សកម្មភាព​ចុះ​ទៅ​ពិនិត្យ​ការ​ដ្ឋានសាង​សង​ដែល​ខុស​ច្បាប់។ នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​ដដែល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ