rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា នយោបាយ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

រដ្ឋា​ភិបាល​ហៅ​​ការ​​អំពាវ​នាវ​របស់​លោក ​សម​ រង្ស៊ី​ ឲ្យ​ពលករ​មក​កម្ពុជា​វិញ​ថា​ជា​ការ​ធ្វើ​រដ្ឋ​ប្រហារ​

media
លោក សម រង្ស៊ី @Sam Raingsy

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា បាន​ចាត់​ទុក​ខិត​ប័ណ្ណ​អំពាវ​នាវ​របស់​លោក សម រង្ស៊ី ឲ្យ​ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ត្រឡប់​មក​អម​ដំណើរ​លោក​មក​កម្ពុជា​វិញ​នៅថ្ងៃ​ទី​៩​វិច្ឆិកា​ខាង​មុខ​ថា​ ជា​ការ​«ធ្វើ​រដ្ឋ​ប្រហារ​»​។​ ការ​ចោទ​ប្រកាន់​របស់​លោក ផៃ ស៊ីផាន បែប​នេះ​ គឺ​ជា​ការ​ឆ្លើយ​តប​នឹង​ លោក សម រង្ស៊ី ដែល​បាន​បង្ហោះ លើ​ទំព័រ​Facebook របស់​លោក នូវ​ខិត​ប័ណ្ណ​មួយ​សន្លឹក​ ក្រោម​ចំណង​ជើង​ថា​ តោះ! យើង​ទៅ​ផ្ទះ​យើង​វិញ!​ តែ​បាន​បង្គាប់​ន័យ​ឲ្យ​ពលរដ្ឋ​ងើប​ឈរ​ប្រឆាំង​នឹង​ លោក ហ៊ុន ​សែន​។


ដោយ​មិន​ចង់​ធ្វើ​អត្ថាធិប្បាយ​ច្រើន​លើសពី​អ្វី​ដែល​ក្រសួង​យុត្តធម៌​បានប្រកាស​កន្លងមក លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា បាន​ចាត់​ទុក​ខិតប័ណ្ណ​របស់ លោក សម រង្ស៊ី ថាជាការ​ធ្វើ​រដ្ឋ​ប្រហារ​។​ ប៉ុន្តែ​អ្នក​នាំពាក្យ​ដដែល​មិន​ជឿថា នឹង​មាន​ពលករ​ខ្មែរ​រហូត​ដល់​២​លាន​នាក់​ដូច​អ្វី​ដែល​លោក សម រង្ស៊ី បានអះអាង​ក្នុងខិត​ប័ណ្ណ​នោះ ដែល​ធ្វើ​ការ​ងារ​នៅ​ប្រទេស​ថៃ នឹង​មក​អម​ដំណើរ លោក សម រង្ស៊ី ចូល​កម្ពុជា​នៅ​ថ្ងៃ​ទី​៩​វិច្ឆិកា​នោះ​ឡើយ​។

សូមបញ្ជាក់ថា ​ក្រសួង​យុត្តិធម៌ តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​ថ្ងៃទី ២០​ខែកញ្ញា បានអះអាង​ថា ផែន​ការ​នៃ​ការ​ប្រកាស​វិល​ត្រលប់​​មក​កម្ពុជា​វិញ របស់​លោក​សម រង្ស៊ី ពុំ​មែន​ជារឿង​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នោះទេ។ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ ព្រមាន​ថា ផែន​ការ​នេះ ជា​អំពើ​វិទ្ធង្សនា​ ដែល​ប៉ះពាល់​ធ្ងន់​ធ្ងរបំផុត​ដល់​សន្តិសុខជាតិ និង​អាច​ប្រឈម​នឹងទោសទាំងខ្លួន ​លោក សម រង្ស៊ី ផ្ទាល់ មន្ត្រី​ ឬ សកម្ម​អតីត​គណបក្ស​សង្គ្រោះជាតិ និង​អ្នក​ដែល​មា​ន​បំណង​ចូល​រួម​ក្នុង​ផែន​ការ​នៃការ​ត្រលប់​របស់លោក​សម រង្ស៊ី ផងដែរ។

បើទោះជា​បែប​នេះ​ក្តី លោក សម រង្ស៊ី នៅតែ​បន្ត​ធ្វើ​យុទ្ធនាការ​ប្លែកៗ ជាបន្តបន្ទាប់ ដូចជា នាំគ្នា​លើក​ម្រាមដៃ​៩​ជា​សញ្ញា​ថ្ងៃ​៩វិច្ឆិកា និងការ​បោះ​ខិតប័ណ្ណ​អំពាវ​នាវ​ឲ្យ​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ មក​អម​ដំណើរ​​លោក​ចូល​កម្ពុជា​នៅ​ពេល​ខាង​មុខ​ជា​ដើម។ ខិត​ប័ណ្ណ​របស់ លោក សម រង្ស៊ី ដែល​បាន​បង្ហោះ លើ​ទំព័រ​Facebook របស់​លោក ក្រោម​ចំណង​ជើង​ថា តោះ! យើង​ទៅ​ផ្ទះយើង​វិញ! តែ​បាន​បង្គាប់​ន័យឲ្យ​ពលរដ្ឋ​ងើប​ឈរ​ប្រឆាំង​នឹង លោក ហ៊ុន សែន​។

សម្រាប់​លោកស្រី រ៉ូណា ស្មីត អ្នក​រាយការណ៍​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំកម្ពុជា បានប្រាប់​អង្គការ​សហប្រជាជាតិថា ​ការ​អំពាវ​នាវ​របស់ លោក សម រង្ស៊ី បែបនេះ មិន​មែន​ជា​ដំណោះ​ស្រាយ​សម​ស្រប​ឡើយ។ ​លោកស្រី អំពាវ​នាវឲ្យ​ភាគី​ពាក់​ព័ន្ធ​ត្រូវ​តែងាក​មក​រក​ការចរចា​ដោយ​សន្តិវិធី និង​បើក​លំហ​សិទ្ធិមនុស្សនិង​សិទ្ធិនយោបាយ​ឡើងវិញ៕