អានតួអត្ថបទ
កម្ពជា

លោកស្រី​​រ៉ូ​ណា ស្មី​ត​​អំពាវនាវ​​ឲ្យ​​រដ្ឋាភិបាល​​ខ្មែរ​​ថ្កោលទោស​​ចំពោះ​​ការ​បំភិត​បំភ័យ​​ដល់​​អ្នក​​មិ​ន​​ទៅ​បោះឆ្នោត​

អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ស្តីពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា គឺ​លោកស្រី​រ៉ូ​ណា ស្មី​ត បាន​សម្តែង​នូវ​ការព្រួយបារម្ភ និង​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ថ្កោលទោស​ចំពោះ​ការបំភិតបំភ័យ​ដល់​អ្នក​មិន​ទៅ​បោះឆ្នោត។ ការអំពាវនាវ​នេះ ធ្វើឡើង​នៅលើ​ទំព័រ​ធ្វី​ត​ធ័​រ (Twitter) របស់​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា។ ប៉ុន្តែ​អ្នកនាំពាក្យ​បក្ស​កាន់អំណាច​ថា​អាជ្ញាធរ​ខ្មែរ​មិនបាន​បំភិតបំភ័យ​ពលរដ្ឋ​មិន​ទៅ​បោះឆ្នោត​ទេ តែ​ថា​ការអំពាវនាវ​មិន​ឲ្យ​ទៅ​បោះឆ្នោត​គឺ​ខុសច្បាប់។

លោក​ស្រី រ៉ូណា ស្មីត (Rhona Smith) អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា
លោក​ស្រី រ៉ូណា ស្មីត (Rhona Smith) អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា @សហការី
ផ្សាយពាណិជ្ជកម្ម

កាលពី​ថ្ងៃទី២០ កក្កដា តាមរយៈ​ទំព័រ​ធ្វី​ត​ធ័​រ(Twitter)របស់​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា លោកស្រី​រ៉ូ​ណា ស្មី​ត បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ថ្កោលទោស​ចំពោះ​ការបំភិតបំភ័យ​ដល់​អ្នក​មិន​ទៅ​បោះឆ្នោត និង​ធានាថា​សិទ្ធិសេរីភាព​បញ្ចេញមតិ​របស់​ជន​គ្រប់រូប រាប់ទាំង​អ្នក​ដែល​អំពាវនាវ​ឲ្យ​ធ្វើពហិការ​មិន​ចូលរួម​បោះឆ្នោត​ផង​នោះ ត្រូវបាន​គោរព​មុន​ការ​ឆ្នោត​ថ្នាក់ជាតិ​នៅ​ថ្ងៃទី២៩ ខែកក្កដា​ខាងមុខនេះ។

លោកស្រី​រ៉ូ​ណា ស្មី​ត លើកឡើង​ដូច្នេះ ដោយសារតែ​លោកស្រី​ទទួលបាន​របាយការណ៍​នានា​របស់​តំណាង​រដ្ឋាភិបាល​ដែល​លើកឡើងថា ការមិន​បោះឆ្នោត​ឲ្យ​គណបក្ស​ណាមួយ​គឺ​ខុសច្បាប់ ហើយ​ថា​អាច​នឹងមាន​ការដាក់ពិន័យ​លើ​មនុស្ស​ដែល​ផ្ញើ​សារ​អំពី​ការមិន​បោះឆ្នោត​ឲ្យ​គណបក្ស​ណាមួយ ឬ​ការធ្វើ​ពហិការ​មិន​បោះឆ្នោត ។ ជាមួយគ្នានេះ លោកស្រី​ក៏​ព្រួយបារម្ភ​ផងដែរ​លើ​របាយការណ៍​ដែលថា​អាជ្ញាធរ​មូលដ្ឋាន​បាន​គំរាម​ដកហូត​សេវាសាធារណៈ​ពី​អ្នក​ដែល​មិន​បោះឆ្នោត​ឲ្យ​គណបក្សកាន់អំណាច។

ឆ្លើយតប​នឹង​ការព្រួយបារម្ភ​របស់លោក​ស្រី រ៉ូ​ណា ស្មី​ត​នេះ លោក​សុខ ឥសាន ដែលជា​អ្នកនាំពាក្យ​គណបក្ស​ដឹកនាំ​រដ្ឋាភិបាល​កម្ពុ​ជាប​ច្ចុ​ប្បន្ន បាន​អះអាងថា អាជ្ញាធរ​កម្ពុជា​មិនបាន​បំភិតបំភ័យ​ដល់​ពលរដ្ឋ​មិន​ទៅ​បោះឆ្នោត​នោះឡើយ។ ផ្ទុយទៅវិញ គឺ​មានតែ​ការលើកទឹកចិត្ត​ពួកគេ​ឲ្យ​ទៅ​បោះឆ្នោត​តែប៉ុណ្ណោះ។ ប៉ុន្តែ​ចំពោះ​ការអំពាវនាវ​មិន​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​វិញ លោក​សុខ ឥសាន បាន​ចាត់ទុកថា គឺជា​ការរំលោភ​សិទ្ធិពល​រដ្ឋ និង​រំលោភសិទ្ធិ​អ្នកដទៃ ក៏ដូចជា​ចង់​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​និង​ការបោះឆ្នោត​នៅ​កម្ពុជា និយាយ​រួម គឺជា​ទង្វើ​ខុស​នឹង​ច្បាប់បោះឆ្នោត។

ក៏ប៉ុន្តែ​លោកស្រី​រ៉ូ​ណា ស្មី​ត យល់ថា ការអំពាវនាវ​ឲ្យ​ធ្វើពហិការ​មិន​ចូលរួម​ការបោះឆ្នោត គួរតែអនុញ្ញាត​ឲ្យ​ធ្វើបាន ព្រោះ​ការបោះឆ្នោត​គឺជា​សិទ្ធិ មិនមែនជា​កាតព្វកិច្ច​ទេ។ នេះ​បើតាម​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ដែល​បាន​ដកស្រង់​សម្តី​លោកស្រី​រ៉ូ​ណា ស្មី​តម​ក​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី ២០ កក្កដា គឺ​បន្ថែម​ពីលើ​ទំព័រ​ធ្វី​ត​ធ័​រ (Twitter) របស់ខ្លួន។ សម្រាប់​លោកស្រី រ៉ូ​ណា ស្មី​ត រដ្ឋាភិបាល​កម្ពុជា​គួរតែ​ថ្កោលទោស​ឲ្យ​បានច្បាស់លាស់​ចំពោះ​ការបំភិតបំភ័យ​ដល់​អ្នកបោះឆ្នោត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ