អានតួអត្ថបទ
កម្ពុជា-សង្គម

​លោក ហ៊ុន សែន អរគុណ​ក្រុម​ហ៊ុន​ហ្វេស​ប៊ុក ក្រោយ​ទាញ​គណនីយ​ហ្វេស​ប៊ុក​របស់​លោក​មក​គ្រប់​គ្រង​ឡើង​វិញ​

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី២៦ កុម្ភៈនេះ បាន​បង្ហោះ​សារ​អរគុណ​ដល់​ក្រុមហ៊ុន​ហ្វេសបុក​ដែល​បាន​ទាញ​គណនេយ្យ​ហ្វេសបុក​របស់​លោក​មក​គ្រប់​គ្រង​ឡើង​វិញ​។ ការ​បង្ហាញ​ចេតនា​ដឹង​គុណ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន គឺ​បន្ទាប់​ពី​ហ្វេសបុក​របស់​លោក ត្រូវ​បាន​គេ​លួច​ចូល​គ្រប់​គ្រង​និង​បង្ហោះ​សារ​ធ្វើ​ឲ្យ​មាន​ការ​ភាន់​ច្រឡំ​។ 

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន @PM Hun Sen Facebook Page
ផ្សាយពាណិជ្ជកម្ម

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ចាត់​ទុក​សារ​បង្ហោះ​នៅ​លើ​គណនេយ្យ​ហ្វេស​បុក​របស់​លោក​ដោយ​ក្រុម Hacker កាល​ពី​ថ្ងៃ​ទី​២៥ កុម្ភៈ​ថា គឺ​ជា​ព័ត៌មាន​មិន​ពិត (Fake News) ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុម​ឧក្រិដ្ឋជន​ព័ត៌មាន​វិទ្យា ដែល​ព្យាយាម​បំពុល​សង្គម និង​មាន​ចេតនា​បំផ្លាញ​សង្គម​ជាតិ​កម្ពុជា​។ តាម​រយៈ​សារ​ដែល​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសបុក​ដ៏​មាន​ប្រជា​ប្រិយ​ភាព​នៅ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី ២៦ កុម្ភៈនេះ លោក ហ៊ុន សែន បាន​ឆ្លៀត​អរគុណ​ដល់​យុវជន​កម្ពុជា ដែល​យក​ចិត្ត​ទុក​ដាក់​ចូល​រួម​ទប់​ស្កាត់​ព័ត៌មាន​មិន​ពិត (fake news) ដែល​ព្យាយាម​បំពុល​ដោយ​ក្រុម​ជន​អគតិ​មួយ​ចំនួន​តូច ក្នុង​ចេតនា​អាក្រក់​ផ្សព្វ​ផ្សាយ​ព័ត៌មាន​បំផ្លាញ​សង្គម​ជាតិ​កម្ពុជា​។ បន្ថែម​លើ​នេះ លោក​នាយក​រដ្ឋ​មន្ត្រី ក៏​បាន​ឆ្លៀត​ អរគុណ​ដល់​ក្រុម​ហ៊ុន​ហ្វេស​ប៊ុក​ដែល​បាន​សហការ​គ្រប់​គ្រង​គណនីយ​ហ្វេសប៊ុក​របស់​លោក​ឲ្យ​មាន​សុវត្ថិភាព​ឡើង​វិញ​។

ការ​គូស​បញ្ជាក់​របស់​លោក​នាយក​រដ្ឋមន្ត្រី​បាន​ធ្វើ​ឡើង នៅ​មួយ​ថ្ងៃ​ក្រោយ​ពី​គណនីយ​ហ្វេសបុក​របស់​លោក កាលពីថ្ងៃទី ២៥ កុម្ភៈ ត្រូវ​បាន​គេ​លួច​ចូល​ទៅ​គ្រប់​គ្រង​និង​បាន​បង្ហោះ​សារ​ដែល​ធ្វើ​ឲ្យ​មាន​ការ​ភាន់​ច្រឡំ​។ សារ​ដែល​ធ្វើ​ឲ្យ​មហាជន​ភាន់​ច្រឡំ ដែល​ត្រូវ​បាន​ក្រុម Hacker បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដោយ​បាន​ព្រមាន​ថា លោក​នឹង​បិទ​ហ្វេសបុក​មិន​ឲ្យ​ប្រើ​ប្រាស់​នៅ​ក្នុង​ស្រុក​ខ្មែរ​តទៅ​ទៀត​ទេ បើ​ក្រុម​ហ៊ុន​ហ្វេស​ប៊ុក បាន​លុប និង​ព្យាយាម​បិទ​គណនីយ​របស់​លោក​។ ក្រោយ​ពី​សារ​នោះ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ភ្លាម ទំព័រ​ព័ត៌មាន​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល ហ្វ្រេសញូរ ក៏​បាន​ចេញ​ផ្សាយ​ព័ត៌មាន​ថា ទំព័រ​ហ្វេស​ប៊ុក​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ត្រូវ​បាន​គេ Hack ហើយ​។​ ដោយ​ឡែក​នៅ​ក្នុង​បទ​សម្ភាសន៍​ដាច់​ដោយ​ឡែក ជាមួយ​នាយក​ប្រតិបត្តិ​សារ​ព័ត៌មាន Fresh News កាល​ពី​ថ្ងៃ​ទី ២៥ កុម្ភៈ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ទាត់​ចោល​នូវ​ព័ត៌មាន​បំពុល​សង្គម​មួយ​នេះ​។

សូម​បញ្ជាក់​ថា កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៧​កន្លង​ទៅ គណនីយ​ហ្វេស​បុក​ព័ត៌មាន ហ្រ្វេស​ញូ ដែល​ស្និទ្ធ​និង​រដ្ឋា​ភិបាល​កម្ពុជា ក៏​ធ្លាប់​ត្រូវ​បាន​ក្រុម​ឧក្រិដ្ឋជន​ព័ត៌មាន​វិទ្យា លួច​ចូល​ទៅ​គ្រប់​គ្រង និង​បាន​បង្ហោះសារ​ថា លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ត្រូវ​បាន​គេ​ធ្វើ​ឃាត​។ ប៉ុន្តែ​ភ្លាមៗ​នោះ Fresh News បាន​ប្រកាស​ថា ហ្វេស​ប៊ុក​របស់​ខ្លួន​ត្រូវ​បាន​គេ​លួច Hack ចូល ហើយ​ផ្សាយ​ព័ត៌មាន​មិន​ពិត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ