អានតួអត្ថបទ
កម្ពុជា-សិទ្ធិមនុស្ស

​តុលា​ការ​កំពូល បង្វិ​ល​​សំណុំ​រឿង​លោក​នី ចរិយា មក​សាលា​ឧទ្ធរណ៍​វិញ ព្រោះ​គ្មាន​ភស្តុតាង​

តុលាការ​កំពូល បាន​ប្រកាស​សាល​ដីកា កាល​ពី​ថ្ងៃ​ចន្ទ សម្រេច​បង្វិល​សំណុំ​រឿង​លោក​នី ចរិយា កាល​ពី​ឆ្នាំ ២០១៦ ទៅ​ជំនុំ​ជម្រះ​សារ​ជា​ថ្មី នៅ​សាលា​ឧទ្ធរណ៍​វិញ ដោយ​ផ្អែក​លើ​ភាព​ខ្វះ​ខាត​នៃ​ភស្តុ​តាង​។ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ស្វាគមន៍​ការ​សម្រេច​របស់​តុលា​ការ​កំពូល ប៉ុន្តែ​បាន​ស្នើ​សុំ​ឲ្យ​សាលាឧទ្ធរណ៍​ទម្លាក់​បទ​ចោទ​ទាំង​អស់​លើ​លោក​នី ចរិយា ត្បិត​តែ​គ្មាន​ភស្តុតាង​បង្ហាញ​ថា​លោក​មាន​កំហុស​នោះ​​។ 

លោក ​នី​ ចរិយា​ ប្រធាន​ក្រុម​ស៊ើប​អង្កេត​នៃ​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក​
លោក ​នី​ ចរិយា​ ប្រធាន​ក្រុម​ស៊ើប​អង្កេត​នៃ​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក​ RFI
ផ្សាយពាណិជ្ជកម្ម

តុលាការ​កំពូល​កាល​ពី​ថ្ងៃ​ចន្ទ​ បាន​សម្រេច​បង្វិល​សំណុំ​រឿង​របស់​លោក នី ចរិយា ឲ្យ​ទៅ​សាលាឧទ្ធរណ៍ ចាត់​ការ​ឡើង​វិញ ទាក់​ទង​ទៅ​នឹង​បទ​ចោទ​ចំនួន​៣ ដែល​មន្ត្រី​តុលាការ​ខេត្ត​សៀមរាប​បាន​ប្តឹង​ទៅ​លើ​លោក នី ចរិយា​។ លោក នី ចរិយា អតីត​មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​ អាដហុក​ ហើយបច្ចុប្បន្ន​ជា​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​(គ.ជ.ប) បាន​រង​នូវ​ការ​ចោទ​ប្រកាន់​ពី​បទ​បរិហារកេរ្តិ៍ ​បទ​ប្ដឹង​បរិហារ​បង្កាច់​កេរ្តិ៍ ​និង​បទ​ផ្សព្វផ្សាយ​នូវ​ការ​អត្ថាធិប្បាយ​ ដើម្បី​ធ្វើ​សម្ពាធ​លើ​យុត្តាធិការ​។

 

បទ​ចោទ​ទាំង​នេះ ត្រូវ​បាន​យោង​តាម​មាត្រា​៣០៥​ មាត្រា​៣១១​ និង​មាត្រា​៥២២​ នៃ​ក្រម​ព្រហ្ម​ទណ្ឌ​​​កម្ពុជា ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​កាល​ពី​ថ្ងៃ​ទី​២២​ ខែ​កញ្ញា ​ឆ្នាំ​២០១៦​។ ជា​បទ​ចោទ ដែល​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ ៦​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន​ ៦​លាន​រៀល ប៉ុន្តែ​ត្រូវ​បាន​លោក​នី ចរិយា ប្តឹង​មក​សាលា​ឧទ្ធរណ៍ ហើយ​សាលា​ឧទ្ធរណ៍​សម្រេច​តម្កល់​ទុក​សំណុំរឿង​នោះ ជា​បាន​ការ កាល​ពី​ខែ​ធ្នូ ឆ្នាំ ២០១៦​។

 

សូម​បញ្ជាក់​ថា លោក​ នី ចរិយា​ ត្រូវ​បាន​ចោទ​ប្រកាន់​ តាម​បណ្ដឹង​លោក​ ​សុក កែវបណ្ឌិត​ ​ព្រះ​រាជ​អាជ្ញា​រង​ ​និង​ ​លោក​ ​គី ឫទ្ធី​ ​ចៅក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​ខេត្ត​សៀម​រាប ពាក់ព័ន្ធ​នឹង​ការ​អត្ថាធិប្បាយ​របស់​លោក ​ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ចំនួន​២​ កាល​ពី​ខែ​ឧសភា​ ឆ្នាំ​២០១៥​ ដើម្បី​ស្នើ​សុំ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ទៅ​លើ​ភាព​មិន​ប្រក្រតី​ផ្នែក​ផ្លូវ​ច្បាប់​ ជុំវិញ​ដំណោះស្រាយ​ជម្លោះ​ដី​ធ្លី​មួយ​ ក៏​ដូច​ជា​ស្នើ​សុំ​ឱ្យ​មាន​ការ​ដោះលែង​ជន​រងគ្រោះ​នៃ​ការ​រំលោភ​សិទ្ធិ​ដី​ធ្លី​ចំនួន ២​នាក់​ ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​។​

 

លោក ​អំ សំអាត ​ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​របស់​អង្គការ​ឃ្លាំមើល​ និង​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ បាន​ប្រាប់​វិទ្យុ​បារាំង​ថា មូល​ហេតុ​ដែល​តុលាការ​កំពូល​ វេរ​សំណុំរឿង​នោះ មក​សាលាឧទ្ធរណ៍​វិញ​ ព្រោះ​តែ​សាលា​ឧទ្ធរណ៍ មិន​បាន​ពិនិត្យ​មើល​សម្តី​ជាក់​ស្តែង​របស់​លោក​នី ចរិយា​នោះ​ទេ ដោយ​ពិនិត្យ​មើល​តែ​លើ​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​។

 

តាម​លោក ​អំ សំអាត ការ​សម្រេច​របស់​តុលាការ​កំពូល គឺ​ជា​រឿង​ត្រឹម​ត្រូវ​តាម​ច្បាប់ ប៉ុន្តែ​លោក​បាន​ស្នើសុំ​ឲ្យ​សាលា​ឧទ្ធរណ៍​ទម្លាក់​ចោល​រាល់​បទ​ចោទ​ប្រកាន់​លើ​លោក នី ចរិយា ត្បិត​​បទ​ចោទ​នោះ គ្មាន​ភស្តុតាង​គ្រប់​គ្រាន់​។ សូម​ជម្រាប​ជូន​ថា ក្រៅ​ពី​បទ​ចោទ​ទាំង ៣​នេះ លោក​នី ចរិយា ក៏​នៅ​ប្រឈម​នឹង​បទ​ចោទ​មួយ​ទៀត គឺ​បទ​សមគំនិត​សូក​ប៉ាន់​សាក្សី ​នៅ​ក្នុង​រឿង​ក្ដី​ក្តាំ​រវាង​នាង ខុម ចាន់ដារ៉ាទី ហៅ​ស្រីមុំ ជាមួយ​លោក​កឹម សុខា​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ