អានតួអត្ថបទ
កម្ពជា

គ.ជ.ប​​នឹង​​បង្កើត​​គណៈកម្មការ​​ធ្វើកា​រ​​ជាមួយ​​បណ្តាញ​​ព័ត៌មាន​​ដើម្បី​​ធានា​​ភាព​​ស្នើ​គ្នា​​ក្នុង​ការ​​ផ្សព្វផ្សាយ​​របស់​​បក្ស​នយោបាយ​

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(គ.ជ.ប)​នៅ​​ព្រឹក​​ថ្ងៃ​​អង្គារ​​នេះ ​បាន​ចេញ​​មុខ​មក​​ធានា​ថា ​នឹង​ធ្វើ​​ឲ្យ​​ការ​ផ្សព្វផ្សាយ​​របស់​​បក្ស​​នយោបាយ​​តាម​​ប្រព័ន្ធ​​ផ្សព្វផ្សាយ​​ព័ត៌មាន​​នានា ​ធ្វើឡើង​​ដោយ​​ស្មើភាព​​គ្នា​​ក្នុង​អំឡុង​ពេល​​ឃោសនា​បោះឆ្នោត​​នា​ពេល​ខាងមុខ​។ ​ដើម្បី​​សម្រេច​​ឲ្យ​​បាន​​នូវ​​ការ​ធានា​​នេះ​ គ.ជ.ប ​គ្រោង​​នឹង​​បង្កើត​​គណៈកម្មការ​​មួយ ​ដើម្បី​​សម្រប​សម្រួល​​ជាមួយ​​ប្រព័ន្ធ​​ផ្សព្វផ្សាយ​​ព័ត៌មាន​​នានា​។ ​

គ.ជ.បនឹងបង្កើតគណៈកម្មការធ្វើការជាមួយបណ្តាញព័ត៌មាន ដើម្បីធានាភាពស្នើគ្នាក្នុងការផ្សព្វផ្សាយរបស់បក្សនយោបាយ
គ.ជ.បនឹងបង្កើតគណៈកម្មការធ្វើការជាមួយបណ្តាញព័ត៌មាន ដើម្បីធានាភាពស្នើគ្នាក្នុងការផ្សព្វផ្សាយរបស់បក្សនយោបាយ @Google
ផ្សាយពាណិជ្ជកម្ម

ជាដំបូង​ដើម្បី​ឲ្យ​គណបក្សនយោបាយ​ដែល​ចូលរួម​ការបោះឆ្នោត​អាច​ផ្សព្វផ្សាយ​នូវ​គោលនយោបាយ និង​កម្មវិធី​នយោបាយ​របស់ខ្លួន​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ដោយ​ស្មើភាព​នោះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត(គ.ជ.ប) បានដាក់​ចេញ​នូវ​គោលការណ៍​ពីរ។ គោលការណ៍​ទីមួយ គឺ​សម្រាប់​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ អន្តរជាតិ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ស្តីពី​ការរៀបចំ​កម្មវិធី​សំណួរ-ចម្លើយ​ឬ​ពិភាក្សាគ្នា​អំពី​គោលនយោបាយ​របស់​គណ​បក្សនយោបាយ។ ចំណែក​គោលការណ៍​ទី​ពីរ​វិញ គឺ​សម្រាប់​ស្ថានីយ៍​វិទ្យុ​និង​ទូរទស្សន៍​ក្នុង​ការលក់​ឬ​ជួល​ម៉ោង​ផ្សព្វផ្សាយ​ឲ្យ​គណបក្សនយោបាយ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​អំពី​គោលនយោបាយ និង​កម្មវិធី​នយោបាយ​របស់ខ្លួន​ក្នុងអំឡុងពេល​ឃោសនាបោះឆ្នោត​នាពេលខាងមុខ។

បន្ទាប់មក​ដើម្បី​អនុវត្ត​គោលការណ៍​ទាំងពីរ​នេះ​បាន​ជោគជ័យ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត(គ.ជ.ប)អះអាងថា​នឹង​បង្កើត​គណៈកម្មការ​មួយ ដើម្បី​ជួយ​សម្របសម្រួល​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ អន្តរជាតិ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅក្នុង​អំឡុងពេល​ឃោសនាបោះឆ្នោត។ ការឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី៦ គឺមាន​រយៈពេល២១ថ្ងៃ ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី០៧ រហូតដល់​ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ពោល គឺ​បញ្ចប់​មុន​ការបោះឆ្នោត​ពីរ​ថ្ងៃ។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គ.ជ.ប​នៅ​ថ្ងៃទី១០ មេសា​នេះ។

ជាការ​កត់សម្គាល់ រាល់​ការបោះឆ្នោត​អាណត្តិមុនៗ ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួនធំ​នៅ​កម្ពុជា​បាន​រង​នូវ​ការរិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​សាធារណជន​ដោយ​ចោទថា លម្អៀង​ទៅរក​គណបក្សកាន់អំណាច​ដោយ​ផ្សព្វផ្សាយ​តែ​ពី​គោលនយោបាយ និង​កម្មវិធី​នយោបាយ​របស់​គណបក្ស​កាន់អំណាច​ប៉ុណ្ណោះ។ រីឯ​គណបក្សនយោបាយ​ផ្សេងទៀត ជាពិសេស​គណបក្សប្រឆាំង គឺ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងនោះ​មិន​ចង់​ផ្សព្វផ្សាយ​ឬ​ផ្សព្វផ្សាយ​ដែរ តែ​ក្នុង​កម្រិត​មួយ​តិចតួច​បំផុត។

ទោះបីជា​យ៉ាងណាក៏ដោយ​សម្រាប់​អាណត្តិ​ថ្មី​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត(គ.ជ.ប) បាន​បង្កើត​គណៈកម្មកា​រ​សម្របសម្រួល​ថ្មី​មួយ ហើយគ.ជ.ប បាន​គូសបញ្ជាក់ថា ដើម្បី​ឲ្យ​មាន​ភាពស្មើគ្នា​ក្នុងការ​ផ្សព្វផ្សាយ​របស់​គណបក្សនយោបាយ ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ក៏ដូចជា​អង្គការ​មិនមែន​រដ្ឋាភិបាល អាច​ពិគ្រោះ​យោបល់​ជាមួយ​គណៈកម្មការ​នេះ​បាន មុន​ចាប់ផ្តើម​ដំណើរការ​កម្មវិធី​នានា​របស់ខ្លួន​អំពី​គោលនយោបាយ​របស់​គណ​បក្សផ្សេងៗក្នុងអំឡុងពេល​ឃោសនាបោះឆ្នោត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ