rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា ច្បាប់

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

​ក្រសួង​យុត្តិធម៌​៖ ​ការ​ប្រើ​លិខិត​ឆ្លង​ដែន​បរទេស ​មិន​អាច​រារាំង​ការ​អនុវត្ត​ច្បាប់​លើ លោក សម រង្ស៊ី ​បាន​ឡើយ​

media
លោកជិន ម៉ាលីន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា @Chin Malin Facebook

លោក សម រង្ស៊ី តាម​រយៈ​បទ​សម្ភាសន៍​មួយ​ជាមួយ​វិទ្យុ​អាស៊ី​សេរី​កាល​ពី​សប្តាហ៍​មុន​បាន​អះអាង​ថា អាជ្ញាធរ​កម្ពុជា​មិន​មាន​អំណាច​អ្វី​លើ​រូប​លោក​ទេ​នៅ​ពេល​ដែល​លោក​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ផ្សេងៗ​ដោយ​កាន់​លិខិត​ឆ្លង​ដែន​បារាំង​។ ប៉ុន្តែ​ក្រសួង​យុត្តិធម៌​បញ្ជាក់​ទៅ​វិញ​ថា រដ្ឋា​ភិបាល​កម្ពុជា​អាច​ស្នើ​ធ្វើ​បត្យាប័ន​ឱ្យ​ប្រទេស​ផ្សេង​បញ្ចូន​ខ្លួន​លោក សម រង្ស៊ី មក​ដាក់​ទោស​នៅ​កម្ពុជា​បាន ព្រោះ លោក​បាន​ប្រព្រឹត្ត​ខុស​នៅ​ទីនេះ​។ មិន​តែ​ប៉ុណ្ណោះ ក្រសួង​យុត្តិធម៌​ក៏​បាន​អះអាង​ទៀត​ថា សម្រាប់​ការ​ចូល​មក​កម្ពុជា​វិញ ទោះ​លោក សម រង្ស៊ី កាន់​លិខិត​ឆ្លង​ដែន​អ្វី​ក៏​ដោយ ក៏​អាជ្ញាធរ​អនុវត្ត​ច្បាប់​បាន​ដែរ​។ 


ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ លោក ជិន ម៉ាលីន អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​កម្ពុជា​បាន​អះអាង​ថា លិខិត​ឆ្លង​ដែន​បរទេស​មិន​មែន​ជា​អភ័យ​ឯក​សិទ្ធិ​ដែល​អាច​ការពារ​លោក សម រង្ស៊ី ឱ្យ​រួច​ផុត​ពី​ទោស​កំហុស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​នោះ​ទេ​។ បើ​តាម​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​កម្ពុជា​រូប​នេះ គឺ​អាជ្ញាធរ​កម្ពុជា​នឹង​អនុវត្ត​ច្បាប់​ភា្លម​នៅ​ពេល​ណា​ដែល​លោក​សម រង្ស៊ី ចូល​មក​ដល់​ប្រទេស​កម្ពុជា​បើ​ទោះ​បី​លោក​ប្រើ​ប្រាស់​នូវ​លិខិត​ឆ្លង​ដែន​បារាំង​ក៏​ដោយ​ចុះ​។

នេះ​និយាយ​នៅ​ក្នុង​ក្រប​ខណ្ឌ​នៅ​ប្រទេស​កម្ពុជា ប៉ុន្តែ​ក្នុង​ករណី​ដែល​លោក សម រង្ស៊ី ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​ជិតៗ​កម្ពុជា​វិញ លោក ជិន ម៉ាលីន បាន​គូស​បញ្ជាក់​ថា កម្ពុជា​អាច​ស្នើ​សុំ​បត្យាប័ន​ទៅ​ប្រទេស​ទាំង​នោះ ដើម្បី​ឱ្យ​បញ្ជូន​ខ្លួន​លោក សម រង្ស៊ី មក​អនុវត្ត​ទោស​នៅ​កម្ពុជា​បាន​។ ប៉ុន្តែ​ការ​ធ្វើ​បែប​នេះ​បាន គឺ ទាល់​តែ​ប្រទេស​ទាំង​នោះ​យល់​ព្រម​ផង​ដែរ​។

ការ​អះ​អាង​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិ​ធម៌​នេះ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​បែប​ចំអក​របស់​លោក សម រង្ស៊ី ចំពោះ​ការ​អនុវត្ត​ច្បាប់​របស់​អាជ្ញាធរ​កម្ពុជា​ក្នុង​ពេល​លោក​កាន់​លិខិត​ឆ្លង​ដែន​បារាំង​។ តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ី​សេរី​កាល​ពីថ្ងៃទី១២ ខែកញ្ញា លោក សម រង្ស៊ី បាន​អះអាង​ថា អាជ្ញាធរ​កម្ពុជា​គ្មាន​អំណាច ឬ ឥទ្ធិពល​អ្វី​មក​លើ​រូប​លោក​នៅ​ពេល​ដែល​លោក​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​នៅ​តំបន់​អាស៊ាន​ដោយ​ប្រើ​ប្រាស់​លិខិត​ឆ្លង​ដែន​បារាំង​។ បើ​តាម​លោក សម រង្ស៊ី គឺ​មាន​តែ​រដ្ឋា​ភិបាល​បារាំង​តែ​ប៉ុណ្ណោះ​ដែល​មាន​អំណាច​លើ​រូប​លោក​។

ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​សម្រេច​បញ្ជូន​ដីកា​ចាប់​ខ្លួន​លោក សម រង្ស៊ី ទៅ​កាន់​ប្រទេស​ទាំង​អស់​ដែល​ជា​សមាជិក​អាស៊ាន​។ គោល​បំណង​នៃ​ការ​ធ្វើ​ដូច្នេះ គឺ​ដើម្បី​ជា​ការ​ជូន​ដំណឹង​ពី​ការ​មាន​ទោស​ទណ្ឌ​របស់​លោក សម រង្ស៊ី ដល់​ប្រទេស​ទាំង​នោះ និង ប្រាប់​ពួក​គេ​កុំ​អនុញាត​ឱ្យ​លោក សម រង្ស៊ី ប្រើ​ប្រាស់​ទឹក​ដី​របស់​ពួក​គេ​ធ្វើ​ការ​ប្រឆាំង​នឹង​រដ្ឋា​ភិបាល​កម្ពុជា​។

យ៉ាង​ណា​ក៏​ដោយ លោក ជិន ម៉ាលីន បាន​គូស​បញ្ជាក់​ថា លោក សម រង្ស៊ី មិន​អាច​គេច​ផុត​ពី​ការ​អនុវត្ត​ច្បាប់​របស់​អាជ្ញាធរ​កម្ពុជា​បាន​ឡើយ ព្រោះ​លោក​បាន​ប្រព្រឹត្ត​បទ​ល្មើស​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ប៉ុន្តែ​ទោះ​មាន​ការ​ព្រមាន​បែប​នេះ​ក្តី លោក សម រង្ស៊ី នៅ​តែ​អះអាង​ម្តង​ជា​ពីរ​ដង​ថា លោក​នឹង​មក​ដល់​ប្រទេស​កម្ពុជា​នៅថ្ងៃ​ទី០៩ ខែវិច្ឆិកា ខាង​មុខ​នេះ​ដោយ​មិន​មាន​អ្វី​ផ្លាស់​ប្តូរ​នោះ​ទេ​៕