អានតួអត្ថបទ
កម្ពុជា-ច្បាប់

ក្រសួង​ព័ត៌មាន​តបត​ឧត្តម​ស្នង​ការ​សិទ្ធិ​មនុស្ស​ស្តី​ពី​ការ​រឹត​បន្តឹង ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា

ក្រសួង​ព័ត៌មាន នា​ពេល​ថ្មីៗ​នេះ បាន​ចេញ​មុខ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​របស់​ឧត្តម​ស្នង​ការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជា​ជាតិ ដែល​ថា ចំណាត់​ការ​ផ្នែក​រដ្ឋបាល និង​ផ្នែក​ច្បាប់​របស់​រដ្ឋាភិបាល​កម្ពុជាចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺ​ជា​ការ​រឹត​បន្តឹង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯក​រាជ្យ​​នៅ​កម្ពុជា។ ក្រសួង​ព័ត៌មាន​ ចាត់ទុក​ថា ការ​ចោទ​ប្រកាន់​នេះ គឺ​ជា​ការ​យល់​ខុស​ដោយ​មិន​បាន​ស្វែង​យល់​ការ​ពិត និង​ទទួល​បានព័ត៌​មាន​តែ​មួយ​ជ្រុង ហើយ​មាន​ចេតនា​ទុច្ចរិត​ដើម្បី​ចោទ​ប្រកាន់​មក​លើ​រដ្ឋា​ភិបាល​កម្ពុជា​។

លោក ខៀវ កាញារីទ្ធ ​រដ្ឋ​មន្ត្រី​​ក្រសួង​​ព័ត៌មាន​
លោក ខៀវ កាញារីទ្ធ ​រដ្ឋ​មន្ត្រី​​ក្រសួង​​ព័ត៌មាន​ © ស៊ីវ​ ចាន់ណា
ផ្សាយពាណិជ្ជកម្ម

សេចក្តី​បំភ្លឺ​របស់​ក្រសួង​ព័ត៌​មាន​នា​ពេល​នេះ ធ្វើ​ឡើង​ក្រោយពី​ អង្គការ​សិទ្ធិមនុស្ស​អន្តរ​ជាតិ​មួយនេះ ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ ដោយ​សម្តែង​ក្តី​បារម្ភ ចំពោះចំណាត់​ការ​ឆាប់​រហ័ស​របស់​រដ្ឋាភិបាល​ លើសារព័ត៌មាន​ឯករាជ្យ​ នៅ​កម្ពុជា​ ដោយ​ថា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សិទ្ធិ​ ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​។ អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​នោះ​ក៏​ព្រួយ​បារម្ភ​ចំពោះ​ចំណាត់​ការ​រដ្ឋាភិបាល​ក្នុង​ការ​ដក​ហូត​ អាជ្ញាប័ណ្ណ​ និង​បិទ​កម្មវិធី​វិទ្យុ​មួយ​ចំនួន​ដែល​ផ្សាយបន្ត​ផ្ទាល់​ពីវិទ្យុ ​អាស៊ីសេរី​ វីអូអេ​ និង​ប្រព័ន្ធផ្សព្វផ្សាយ​បក្សប្រឆាំង​ជា​ដើម​។

នៅ​ក្នុង​សេចក្តី​បំភ្លឺ​ចុះ​ថ្ងៃ​ទី ២៣ វិច្ឆិកា ផ្ញើ​ជូន​ឧត្តម​ស្នង​ការ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជា​ជាតិ​ ក្រសួងព័ត៌មាន​បញ្ជាក់​ថា ការ​ចោទ​ប្រកាន់​ដែល​ថា​សេចក្តី​សម្រេច​លុប​អាជ្ញាប័ណ្ណ​ស្ថានីយ៍វិទ្យុ ​FM ដោយ​គ្មានការ​ព្រមាន ឬ​ការ​ជូន​ដំណឹង​ជា​មុន​នោះ គឺ​ជា​ការ​យល់​ខុស​ដោយ​មិន​បាន​ស្វែង​យល់​ការ​ពិត និង ទទួល​បាន​ព័ត៌មាន​តែ​មួយ​ជ្រុង ហើយ​មាន​ចេតនា​ទុច្ចរិត​ដើម្បី​ចោទ​ប្រកាន់ និង​ទម្លាក់​កំហុស​មក​លើ​រដ្ឋាភិបាល​កម្ពុជា​តែ​ប៉ុណ្ណោះ​។

នៅ​ក្នុង​សេចក្តី​បំភ្លឺ​កម្រាស់​៤ ទំព័រ ក្រសួង​ព័ត៌​មាន បាន​ពន្យល់​ថា ចំណាត់​ការ​របស់​ក្រសួង​​ព័ត៌មានដែល​ដក​អាជ្ញា​ប័ណ្ណវិទ្យុ FM កាល​ពី​ថ្ងៃ​ទី ២១ ខែសីហា ឆ្នាំ២០១៧ កន្លង​ទៅ​នេះ គឺ​ដោយ​សារ​ម្ចាស់ស្ថានីយ៍​វិទ្យុ​ទាំង​នោះ​បាន​រំលោភ​លើ​ប្រកាស​របស់​ក្រសួង​ព័ត៌មាន និង​កិច្ច​សន្យា​ដែល​សាមី​ខ្លួន​បានតម្កល់​ទុក​នៅ​ក្រសួង​ព័ត៌មាន ដែល​ចែង​ថា​រាល់​ការ​ជួល​ម៉ោង​ផ្សាយ​ត្រូវ​ការ​សុំ​អនុញ្ញាត​ពី​ក្រសួង​ព័ត៌មាន​ជា​មុន​សិន​។ ត្រង់​ចំណុច​នេះ ក្រសួង​ព័ត៌មាន អះ​អាង​ថា កន្លង​មក​ទោះ​បី​ជា​មាន​លក្ខខណ្ឌ​ចែង​ក្នុង​អាជ្ញា​ប័ណ្ណ និង​កិច្ច​សន្យា​ដែល​សាមី​ខ្លួន​បាន​ទទួល​ស្គាល់ និង​មាន​ការ​ណែនាំ​ក្រើន​រំលឹក​ជាញឹក​ញាប់​ពី​ក្រសួង​ក្តី ក៏​ម្ចាស់​ស្ថានីយ​វិទ្យុFM ទាំង​នោះ មិន​បាន​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​តាម​ការ​ណែ​នាំរបស់​ក្រសួង​ព័ត៌មាន​ដែរ គឺ​ពួក​គេ​បាន​ធ្វើ​សកម្មភាព​បំពាន​ច្បាប់​។

ទាក់​ទង​នឹង​ការ​បិទ​វិទ្យុ​ក្នុង​ស្រុក​មិន​ឲ្យ​ជួល​ម៉ោង​ផ្សាយ​ឲ្យ​វិទ្យុ​អាស៊ី​សេរី RFA និង​វិទ្យុ​សម្លេង​សហរដ្ឋអាមេរិក​ VOA វិញ ក្រសួង​ព័ត៌មាន លើក​ឡើង​ថា គឺ​ដោយ​សារ​តែ​វិទ្យុ​ទាំង​ពីរ​នេះ បាន​បើក​ការិយាល័យតំណាង​របស់​ខ្លួន​ធ្វើ​សកម្មភាព​អាជីវកម្ម​ ដោយ​ពុំ​បាន​ចុះ​បញ្ជីការ​ស្របច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​នា​ពេល​ថ្មី​ៗ​នេះ អ្នក​ទទួល​ខុស​ត្រូវ​ការិយាល័យ​តំណាង​វិទ្យុ​របស់​បរទេស​ទាំង​ពីរ​ខាង​លើ​នេះ បាន​សម្រេច​ចិត្ត​រើ​ការិយា​ល័យ​របស់​ខ្លួន​ចេញ​ពី​ប្រទេស​កម្ពុជា ដោយ​ខ្លួន​ឯង។ ចំណែក​ករណី​កាសែត ឌឹ​ខេម​បូឌៀ ដេលី គឺ​ជា​ការអនុវត្ត​ច្បាប់​ស្តី​ពី​សារពើពន្ធ​ដែល​សាមី​អង្គភាព ត្រូវ​បំពេញ​កាតព្វ​កិច្ច​អនុវត្តច្បាប់​ដូច​អង្គភាព​សារព័ត៌មាន​ដទៃ​ទៀត​ប៉ុណ្ណោះ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ