rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា សង្គម សិទ្ធិមនុស្ស

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

​អង្គ​ការ​សិទ្ធិ​មនុស្ស​រក​ឃើញ​ថា មីក្រូ​ហិរញ្ញ​វត្ថុ​បាន​រួម​ចំណែក​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ជា​ច្រើន​នៅ​កម្ពុជា​

media
ពលរដ្ឋដែលត្រូវបានគេរំលោភសិទ្ធិកាលពីពេលកន្លងមក (រូបភាពតំណាង) RFI/ Siv Channa

អង្គការ​ការពារ​សិទិ្ធ​មនុស្ស លីកាដូ និង​ សមាគម​ធាងត្នោតកាលពីថ្ងៃទី០៦ ខែសីហា បានចេញរបាយការណ៍មួយស្តីពី«ការ​ធ្វើ​ឱ្យខូច​ខាត​ទ្រព្យ​ដាក់​បញ្ចាំ៖ ការ​បាត់​បង់​​ដី​ធ្លី​ និង​​ការ​រំលោភ​បំពាន​ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា»។ របាយការណ៍នេះ បានបង្ហាញថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ​កម្ពុជា​ជាង​ ២​លាន​នាក់​បាន​ខ្ចី​ប្រា​ក់​ពីគ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ ហើយ​ការ​ខ្ចី​បុល​នេះ បាន​ជំរុញ​ឱ្យ​ប្រជាពល​រដ្ឋ​ក្រីក្រ​រង​ការ​បង្ខំ​ឱ្យ​លក់​ដីធ្លី​របស់​ខ្លួន ដើម្បី​សង​បំណុល​។ 


​អង្គការការពារសិទិ្ធមនុស្ស លីកាដូ និង​សមាគម​ធាង​ត្នោត បាន​រក​ឃើញ​ថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ កម្រិត​នៃ​បំណុល​របស់​ពល​រដ្ឋកម្ពុជា​​បាន​កើន​កាន់​តែខ្លាំង​ឡើងៗ​ ដែលនេះបណ្តាល​ឱ្យ​​អាចកើតមាន​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ជាច្រើន​ រួម​មាន​​ការ​បង្ខំ​ឱ្យ​លក់​ដី ​ការ​កេង​ប្រវ័ញ្ច​កំលាំង​ពលកម្ម​កុមារ ការ​ធ្វើចំណាក​ស្រុក​ដោយ​សារ​​បំណុល និង​ការ​បញ្ចាំ​ខ្លួន​ដើម្បី​ដោះ​បំណុល។ ការរកឃើញរបស់អង្គការការពារសិទ្ធិមនុស្សទាំងពីរនេះ ធ្វើឡើងតាមរយៈការ​សិក្សា​ស្រាវជ្រាវ​នៅ​ក្នុង​ឃុំ​ចំនួន​១០ ក្នុង​ខេត្ត​ចំនួន ៤ រួម​ទាំង​រាជ​ធានីភ្នំ​ពេញ​ និង ​បាន​សម្ភាសន៍​ជាមួយ​នឹង​អតិថិជន​ចំនួន២៨​នាក់​របស់គ្រឹះស្ថាន​មីក្រូហិរញ្ញ​វត្ថុនៅកម្ពុជា។

បើតាមរបាយការណ៍រួមរបស់អង្គការការពារសិទិ្ធមនុស្ស លីកាដូ និង​ សមាគម​ធាង​ត្នោត គឺ​កម្ពុជាបាន​ក្លាយ​ជា​ប្រទេស​មួយ​ដែល​មាន​វិស័យមីក្រូ​ហិរញ្ញវត្ថុ​រីកចម្រើន​លឿន​ជាង​គេ​ក្នុង​ពិភពលោក​។ ក្នុង​ឆ្នាំ​២០១៨ ប្រជាពលរដ្ឋ​កម្ពុជាប្រមាណជា ២,៣៨​លាន​នាក់​ បានខ្ចីប្រាក់ពីឥណទានខ្ចាតតូចដែលសរុបជាទឹកប្រាក់ប្រមាណ​ជាង​ ៨.០០០លាន​ដុល្លារ។ បន្ថែមលើនេះ កម្ពុជាក៏ជាប្រ​ទេស​មួយដែលមាន​មធ្យម​ភាគឥណទានខ្ពស់​ជាង​គេដែលមានចំនួនប្រមាណជា ៣.៣៧០ដុល្លារក្នុងមួយកម្ចី។ ​មធ្យមភាគ​នេះ គឺលើសពី​​ចំណូ​លជា​មធ្យម​សម្រាប់​មនុស្សម្នាក់ក្នុងប្រទេស​ដែល​មានចំនួន​ត្រឹមតែ ១.៣៨៤ដុល្លារ ក្នុងឆ្នាំ២០១៧។

ជាមួយគ្នានេះ អង្គការសិទ្ធិមនុស្សទាំងពីរក៏បានកត់សម្គាល់ដែរថា គ្រឹះ​ស្ថានមីក្រូ​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា​បានផ្ដល់កម្ចីជាមួយ​អត្រា​ការប្រាក់​ខ្ពស់​ដោយតម្រូវឱ្យ​ដាក់បញ្ចាំប្លង់ដី​ជាទ្រព្យបញ្ចាំ ហើយស្ថាប័ននេះ​ដាក់​គោល​ដៅ​លើ​អតិថិជន​ក្រីក្រ​ដែល​ងាយ​រង​គ្រោះ​ក្នុង​ការ​បាត់​បង់ដីធ្លី។ ការណ៍នេះ ធ្វើឱ្យគ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុរកប្រាក់​ចំណូលបាន​យ៉ាង​ច្រើន ប៉ុន្តែ​បាន​ផ្តល់​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​សុវត្ថិភាព​នៃសិទិ្ធ​កាន់​កាប់ដីធ្លី​របស់ប្រជាពលរដ្ឋ​កម្ពុជា ជាពិសេស​សហគមន៍​ដែលងាយ​រងគ្រោះ។​ ជាក់ស្តែង កសិករកំពុង​តែ​បាត់​បង់​ដីស្រែចំការសម្រាប់ដាំដំណាំ​កសិកម្ម​របស់ខ្លួន​តាមរយៈ​ការលក់ដីដោយបង្ខំឬទទួលរងសម្ពាធដើម្បីយកទៅសងបំណុលគ្រឹះ​ស្ថានមីក្រូ​ហិរញ្ញ​វត្ថុ។

នៅចំពោះមុខបញ្ហាទាំងនេះ អង្គការការពារសិទិ្ធមនុស្ស លីកាដូ និង​ សមាគម​ធាង​ត្នោត បានគូសបញ្ជាក់ថា កសិករក្រីក្រ​មិនគួរត្រូវ​ក្លាយជាកម្មវត្ថុ​នៃសកម្មភាព​ហិរញ្ញវត្ថុ​អសីលធម៌នោះទេ ​ប៉ុន្តែគួរតែ​ទទួលបាន​ការឧបត្ថម្ភ​ផ្នែកហិរញ្ញវត្ថុ​តាមបែប​សហគមន៍​ និងប្រកប​ដោយនិរន្តរភាព។ ដូច្នេះហើយ អង្គការ​ទាំងពីរ បានអំពាវនាវ​ដល់រដ្ឋាភិបាលកម្ពុជា​ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ និងអ្នកវិនិយោគ​ឯកជន​ឱ្យ​ធ្វើកំណែទម្រង់​ការអនុវត្ត​អវិជ្ជ​មាន​ទាំងនេះ ​និងធានា​ថាពលរដ្ឋកម្ពុជា​ នឹងមិនត្រូវបាន​គេបង្ខំឱ្យ​លក់ដីធ្លី​ និងទទួលរងគ្រោះ​ពីការរំលោភបំពាន​សិទិ្ធមនុស្ស​ ​ ដើម្បីដោះបំណុល​ដែលពួកគេ​ជំពាក់នោះទេ៕