rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា កូរ៉េខាងត្បូង ពលករចំណាកស្រុក

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ពលករខ្មែរ​នៅ​កូរ៉េ​បាតុកម្ម​ទាម​ទារ​ឲ្យ​ដោះលែង​លោក កឹម សុខា ដោយ​ឥត​លក្ខខណ្ឌ

media
រូបថតៈ ពលករ​ខ្មែរ​នៅ​កូរ៉េ​លើក​បដា​រូប​ លោក កឹម សុខា នៅ​ថ្ងៃ​ទី​០១​ខែ​តុលា​ឆ្នាំ​២០១៧ @facebook Ponlea Kim

ពី​ទី​ក្រុង​សេអ៊ូល ប្រទេសកូរ៉េ នៅថ្ងៃទី១ខែតុលា​នេះ ពលករខ្មែរ​ដែល​កំពុង​ធ្វើ​ការ​នៅ​ទីនោះ​បាន​ជួប​ជុំ​គ្នា​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ដោះ​លែង​លោក កឹម សុខា ដោយ​ឥត​លក្ខ​ខណ្ឌ។


ចលនា​បាតុកម្ម​ទាមទារ​ឲ្យ​ដោះ​លែង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​រាល​ដាល​ទៅ​ល់​ប្រទេស​កូរ៉េខាង​ត្បូង​ហើយ​។ ពលរដ្ឋខ្មែរ​រស់​នៅ​ទី​នោះ​ដែល​ភាគ​ច្រើន​ជា​ពលករ បាន​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា ដោយ​ឥត​លក្ខ​ខណ្ឌ។

បន្ថែម​ពី​លើ​ការ​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ បាតុកម្ម​នៅ​ប្រទេស​កូរ៉េ​នៅ​ថ្ងៃ​អាទិត្យ​នេះ ក៏​បាន​ទាមទារ​មក​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​បង្កើត​ការិយាល័យ​បោះឆ្នោត​នៅ​ក្រៅ​ប្រទេស​ គោរព​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស ថ្ងៃ​ទី​២៣​តុលា​ឆ្នាំ​១៩៩៣ និង​អនុញ្ញាត​ឲ្យ​អង្គការ NDI បើក​ដំណើរ​ការ​វិញ​នៅ​កម្ពុជា​ជាដើម​។

ទាក់ទងបាតុកម្មនេះលោកស្រី មួរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិថា គណ​បក្សមិនបាននៅពីក្រោយនៃការរៀបចំនោះទេ។ ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​នៅ​ថ្ងៃ​អាទិត្យ​នេះ លោក​ស្រី មួរ សុខហួរ ចាត់​ទុក​ការទាមទារ​ដូច្នេះ ថា​ជា​ឆន្ទៈ​ពិត​ៗ​របស់​ពលរដ្ឋខ្មែរ​ចំណាក​ស្រុក​ដែល​គាំទ្រ​លោក កឹម សុខា និង​មិន​ពេញ​ចិត្ត​ចំពោះ​ទង្វើ​របស់​រដ្ឋាភិបាល​​។

ជា​ការ​កត់​សម្គាល់ តាម​គម្រោង បាតុកម្ម​ទាមទារ​ឲ្យ​ដោះ​លែង​លោក កឹម សុខា នៅ​កូរ៉េ​ខាង​ត្បូង​នេះ អាច​មាន​អ្នក​ចូល​រួម​ដល់​រាប់​ពាន់​នាក់​។ ប៉ុន្តែ​លោក ឡុង ឌីម៉ង ឯកអគ្គ​រាជទូតខ្មែរប្រចាំនៅទីក្រុង​សេអ៊ូល បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាមថា ពលរដ្ឋ​ខ្មែរ​ដែល​ចូល​រួម​បាតុកម្ម​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា នៅ​ថ្ងៃ​អាទិត្យ​នេះ មាន​ចំនួនពី​២០០ទៅ​៣០០​នាក់​ប៉ុណ្ណោះ ក្នុង​ចំណោម​ពលរដ្ឋខ្មែរ​សរុប​ជាង៦​ម៉ឺន​នាក់ ដែល​កំពុង​រស់​នៅ​និង​ធ្វើការ​នៅ​កូរ៉េខាងត្បូង។ បើ​តាម​លោក ឡុង ឌីម៉ង់ ពល​ករ​ខ្មែរ​មួយ​ចំនួន​ធំ​បាន​រក្សា​ភាព​ស្ងៀមស្ងាត់ ខិត​ខំ​ធ្វើ​ការ ស្រប​ទៅ​តាម​ការ​អំពាវនាវ​របស់​រដ្ឋាភិបាល។

ទាក់ទង​នឹង​សំណុំ​រឿង​ចាប់​ខ្លួន​លោក កឹម សុខា បច្ចុប្បន្ន មេធាវី​ការ​ពារ​ក្ដី​បាន​ប្ដឹង​សារ​ទុក្ខ​​ទៅ​កាន់​តុលាការ​កំពូល​រួច​ហើយ ដើម្បី​ជំទាស់​នឹង​សាលដីកា​របស់​សាលា​ឧទ្ធរណ៍ ដែល​បន្តឃុំ​ខ្លួន​លោក កឹម សុខា។ ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ ត្រូវ​បាន​ចោទប្រកាន់ និង​ឃុំ​ខ្លួន​ក្រោម​ទោស​ក្បត់​ជាតិ៕