rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា ច្បាប់

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ពលរដ្ឋ​កោះកុង​៣១៧​គ្រួសារ​ព្រម​ទទួល​យក​ទី​តាំង​ដី​ថ្មី និង​ថវិកា​ដើម្បី​បញ្ចប់​ជម្លោះ

media
រូបភាព៖​ពិធី​​ទទួល​និង​​ប្រគល់​​សំណង់​​បញ្ចប់​​ទំនាស់​​ដីធ្លី​​នៅ​​ខេត្ត​​កោះកុង @Dapnews

នៅ​ទី​បំផុត​ទំនាស់​ដីធ្លី​នៅ​ខេត្ត​កោះកុង​រវាង​ពលរដ្ឋ​៣១៧​គ្រួសារ​ជាមួយ​ក្រុម​ហ៊ុន​ស្ករ​អំពៅ​​ចំនួន​២​បាន​បិទ​បញ្ចប់​ហើយ បន្ទាប់​ពី​ពលរដ្ឋ​ព្រម​ទទួល​ទី​តាំង​ដី​ថ្មី និង​សំណង់ព្រម​ទាំង​ថវិកា​៣​ពាន់​ដុល្លារ។ សូម​បញ្ជាក់ថា ការ​ស្រុះស្រួល​គ្នា​រវាង​ពលរដ្ឋ និង​អាជ្ញាធរ​នៅ​ពេល​នេះ​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល ភាគី​ទាំង​ពីរ​ចុះ​ទៅ​ពិនិត្យ​ស្ថានភាព​ដី​ជាក់ស្ដែង​កាល​​ពី​ថ្ងៃ​ទី​២៩​មិថុនា។


តំណាង​ពលរដ្ឋ​៣១៧​គ្រួសារ អ្នក​ស្រីជីម ស្រីភួន បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ក្រោយ​ចុះ​ទៅ​ពិនិត្យ​ជាក់ស្ដែង​លើ​ទី​តាំង​ដី​ថ្មី​ជាមួយ​លោកស្រី មិថុនា ភូថង អភិបាល​ខេត្ត​កោះកុង ពលរដ្ឋ​មើល​ឃើញ​ថា ដី​ថ្មី​ផ្ដល់​ដោយ​អាជ្ញាធរ​ខេត្ត និង​ក្រសួង​ដែនដី ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទី​កន្លែង​ដែល​គាត់​ធ្លាប់​រស់​នៅ​ប៉ុន្មាន​ឡើយ។ ហើយ​ម្យ៉ាង​ទៀត ក៏​ដោយ​សារ​តែ​ពលរដ្ឋ​មិន​ចង់​ឲ្យ​ទំនាស់​នេះ អូស​បន្លាយ​រហូត​ដល់​ពេល​វេលា​ក្រោយ​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​២៩​ខែ​កក្កដា​ដែរ។ មិន​ចង់​ឲ្យ​អូស​បន្លាយ​ក៏​ដោយសារ​តែ​ពលរដ្ឋ​ខ្លាច​បញ្ហា​នេះ ត្រូវ​បាន​កប់​ទុក​ចោល​លែង​ត្រូវ​បាន​អាជ្ញាធរ​សើ​រើ​មកដោះ​ស្រាយ។ ដូច្នេះ​ហើយ ទើប​បាន​ជា​ប្រជាពលរដ្ឋ​ស្រុះ​ស្រួល​គ្នា​ទទួល​យក​ដំណោះ​ស្រាយ​ផ្ដល់​ដោយ​អាជ្ញាធរ ជា​ទីតាំង​ដី​ថ្មី និង​ថវិកា​៣​ពាន់​ដុល្លារ​។ ដោយ​ឡែក ការវាស់វែង​ដី​ថ្មី​នឹង​ចាប់​ផ្ដើម​នៅ​ក្រោយ​ការ​បោះឆ្នោត។ នេះ​បើ​តាម​អ្នកស្រី ជីម ស្រីភួន តំណាង​ពលរដ្ឋ​៣១៧​គ្រួសារ។

ចំណែក លោកស្រី មិថុនា ភូថង អភិបាល​ខេត្ត​កោះកុង​បាន​គូស​បញ្ជាក់​ដែរ​ថា ចាប់​ពី​ពេល​​នេះត​ទៅ រូប​ភាព​ឡើង​ចុះ​ភ្នំពេញ សម្រាប់​ពលរដ្ឋ​៣១៧​គ្រួសារ​លែង​កើត​មាន​ទៀត​​ហើយ ក្រោយ​រក​ឃើញ​ការ​ឯកភាព​រួម​គ្នា​រវាង​ពលរដ្ឋ និង​អាជ្ញាធរ ទទួល​យក​ទីតាំង​ដី​ថ្មី និង​ថវិកា​៣​ពាន់​ដុល្លារ។ កន្លង​មក​លោកស្រី​អភិបាលខេត្ត​ធ្លាប់​បាន​ប្រកាស​ថា អាជ្ញាធរ​នឹង​ស្នើ​ទៅ​ក្រុម​ហ៊ុន​ធ្វើ​ការ​ឈូស​ឆាយ​ដី​ព្រៃ​ឲ្យ​ទៅ​ជា​ដី​កសិកម្ម​ដើម្បី​ជួយ​សម្រួល​ដល់​ពលរដ្ឋ។ តំណាងពល រដ្ឋ អ្នកស្រី ជីម ស្រីភួន អះអាង​ថា ក្រោយ​ការ​ឈូ​ស​​ឆាយ​បញ្ចប់ គាត់​នឹង​ទៅ​តាំង​ទី​លំ​នៅ​លើ​ដី​ថ្មី​ បូក​រួម​នឹង​ការ​ដាំដុះ​ទៅ​លទ្ធភាពដែល​មាន​ក្នុង​គ្រួសារ។

ចំណែក លោកអំ សំអាត មន្ត្រី​ផ្នែក​ស៊ើប​អង្កេត​នៃ​អង្គការ​លីកាដូ បានសម្ដែង​ការ​ស្វាគ​មន៍​​នៅ​ពេល​ដែល​ឃើញ​ភាគី​ទាំង​សង​ខាង​បាន​ស្រុះ​ស្រួល​បញ្ចប់​ទំនាស់​ដីធ្លី ដែល​កើត​ឡើង​ជាង​១០​ឆ្នាំ​មក​ហើយ​នេះ។ ប៉ុន្តែ​លោក​សង្ឃឹម​ថា បញ្ហា​នេះ​នឹង​បញ្ចប់ទាំង​លើ​ក្រដាស និង​ការ​អនុវត្ត​ជាក់​ស្ដែង។

សូមរម្លឹកឡើងវិញថា ប្រជាពលរដ្ឋ​រស់​នៅ​ស្រុក​ស្រែ​អំបិលនិង​ស្រុក​បទុម​សាគរ​ខេត្ត​កោះ​កុង​ទាំង​៣១៧​គ្រួសារ ​មាន​បញ្ហា​វិវាទ​ដី​ធ្លី​ជា​មួយ​ក្រុម​ហ៊ុន​ស្ករ Koh Kong Plantation និងក្រុមហ៊ុន Koh Kong Plantation Sugar Industry អស់​រយៈ​ពេល​ជាង​១០​ឆ្នាំ​ហើយ​។ តាម​រយៈ​ទំនាស់នេះ សហភាព​អឺរ៉ុប​ធ្លាប់​បាន​ចាត់​ទុក​ស្ករ​អំពៅ​ផលិត​ចេញ​​ពី​ខេត្ត​កោះកុងក្នុង​ប្រទេស​កម្ពុជា​នេះ ថា​ជាស្ករឈាម​ថែម​ទៀត​ផង​៕