rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា ច្បាប់

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ឆ្នាំថ្មី៖ មេធាវី​លោក កឹម សុខា ស្នើ​ឲ្យ​មាន​ការ​ចរចា​ផ្នែក​នយោបាយ​ដើម្បី​សេរីភាព​កូន​ក្ដី

media
លោក កឹម សុខា នៅពេលសមត្ថកិច្ចចាប់ខ្លួននៅផ្ទះរបស់លោក @សហការី

លោក ហែម សុជាតិ តំណាង​មេធាវី​ការពារក្ដី​លោក កឹម សុខា ស្នើ​ឲ្យ​អ្នក​នយោបាយខ្មែរ​វិល​មក​រក​តុ​ចរចា​ឡើង​វិញ នៅ​អំឡុង​ពេល​មុន ឬ​ក្រោយ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរដែល​នឹង​ចូល​មក​ដល់​នៅ​សប្ដាហ៍​ក្រោយ​នេះ។ ការ​ចរចា​ផ្នែក​នយោបាយ​ដែល​លោកមេធាវី​ជឿជាក់​ថា ជា​ជម្រើស​មួយ​ល្អ​ជាង​ការ​តតាំង​ផ្នែក​ច្បាប់​ទៅ​ទៀត ដើម្បី​ឲ្យ​កូន​ក្ដី​របស់​លោក គឺ​លោក កឹម សុខា បាន​នៅ​ក្រៅ​ឃុំ។


លោក ហែម សុជាតិ មេធាវី​ការពារ​ក្ដី​លោក កឹម សុខា បាន​គូស​បញ្ជាក់​ថា ការ​ស្នើ​សុំ​របស់​​មេធាវី​ឲ្យ​មាន​ការ​ចរចា​ខាង​នយោបាយ​នៅ​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​មេធាវី​អស់​សង្ឃឹម​ចំពោះ​ការ​តតាំង​ផ្នែក​ច្បាប់ ដើម្បី​ឲ្យ ​លោក កឹម សុខា បាន​នៅ​ក្រៅ​ឃុំ​។ ដូច្នេះ​គឺ​មាន​តែ​ច្រក​ចរចា​ខាង​នយោបាយ​រវាង​ខ្មែរ​និង​ខ្មែរ​តែ​ប៉ុណ្ណោះ ដែល​អាច​ធ្វើឲ្យ​លោក កឹម សុខា បាននៅ​ក្រៅ​ឃុំ ព្រោះ​ប្រវត្តិ​សាស្ត្រ​បង្ហាញ​ហើយ​ថា គឺ​មាន​តែ​ការចរចា​ទេ ដែល​ជា​ដំណោះ​ស្រាយ​ពិត​ប្រាកដ​។ នេះ​បើ​តាម​លោក ហែម សុជាតិ ដែល​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​នៅ​ថ្ងៃ​ពុធ​នេះ​។

ទន្ទឹម​នឹង​ការ​ស្នើ​សុំ​នេះ តំណាង​ក្រុម​មេ​ធាវីបាន​អះអាង​ថា ពួក​លោក​មិនបោះ​បង់ការងារ​ការ​ពារ​ក្ដី​​​ឡើយបើ​ទោះ​បី​ជា​មិន​សូវ​មាន​សង្ឃឹម​ក៏​ដោយ​។ មិនបោះបង់ចោល​ដោយ​សារ​តែជាការស្នើសុំរបស់លោក កឹម សុខា។ លោក កឹម សុខា ដែលបើលោក​មេធាវី មាន​បំណង​និង​បើកចំហជានិច្ចចំពោះ​ការចរចា។ ហើយលោក កឹម សុខា នៅតែមានជំនឿ​ថា មនោសញ្ចេតនារវាងខ្មែរនិងខ្មែរនឹងអាច​រុញ​ឲ្យ​មាន​​ចរចានៅថ្ងៃណាមួយ​ជាក់​ជា​ពុំ​ខាន​។

យ៉ាង​ណា​ក៏​ដោយ លោក សុខ ឥសាន អ្នកនាំ​ពាក្យ​គណបក្ស​ប្រជាជន បាន​អះ​អាង​ប្រាប់​​វិទ្យុ​បារាំង​ជា​ថ្មី​ទៀត​ថា ទោះ​ក្នុង​កាលៈទេសៈ​ណាក៏​ដោយ គ្មាន​ឡើយ​ការ​ចរចា​ខាង​នយោបាយ​ដើម្បី​ឈាន​ទៅ​ដល់​ការ​ដោះលែង​លោក កឹម សុខា​។ សម្រាប់​លោក សុខ ឥសាន សំណុំ​រឿង​លោក កឹម សុខា គឺ​មាន​ជាប់​ទាក់ទង​ទៅ​នឹង​រឿង​រ៉ាវ​ក្បត់​ជាតិ​ដែល​មិន​អាច​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​តាម​រយៈ​ការ​ចរចា​បាន​ឡើយ។ អ្នកនាំពាក្យរូបនេះ​ក៏​​បាន​ចាត់​ទុក​សម្ដី​មេធាវី​លោក កឹម សុខា ថា​គ្រាន់​តែ​ជា​ទស្សៈបុគ្គល ដែល​មាន​មនោ​ស​ញ្ចេតនា​ចំពោះ​កូន​ក្ដី​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ។

អំពី​ចរចា​នេះ​ដែរ កន្លង​មក​លោក សម រង្ស៊ី អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ បាន​ទទូច​សុំ​ចរចា​ជាមួយ​គណបក្ស​កាន់​អំណាច ដោយ​តម្កល់​ផល​ប្រយោជន៍​ជាតិ​ជា​ធំ​។ លោក សម រង្ស៊ី ធ្លាប់​​បាន​ជំរុញ​ឲ្យ​លោក​នាយក​រដ្ឋមន្រ្តី​ចរចា​ជាមួយ​លោក​កឹម សុខា ឬ​ថ្នាក់​ដឹក​នាំ​អតីត​បក្ស​ប្រឆាំង​ដទៃ​ទៀត ប្រសិន​បើ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន មិន​ចង់​និយាយ​ជា​មួយ​​សម រង្ស៊ី។ ប៉ុន្តែ​លោក ហ៊ុន សែន នាយករដ្ឋ​មន្ដ្រី បាន​ប្រកាស​ដាច់​ណាត់​ហើយ​ថា គ្មាន​ការ​ចរចា​ជាមួយ​អតីត​បក្ស​ប្រឆាំង​ទៀត​ឡើយ៕