អានតួអត្ថបទ
កម្ពុជា-នយោបាយ

មេធាវី​បន្ត​ប្ដឹង​ទៅ​ឧទ្ធរណ៍​សុំ​ឲ្យ​លោក កឹម សុខា នៅ​ក្រៅ​ឃុំ​ទាំង​គ្មាន​សង្ឃឹម

បន្ទាប់ពី​ត្រូវបាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ច្រានចោល​ពាក្យ​បណ្ដឹង​សុំ​ឲ្យ​លោក កឹម សុខា បាន​នៅ​ក្រៅ​ឃុំ ក្រុម​មេធាវី​ការពារ​ក្ដីឲ្យ លោក កឹម សុខា កាល​ពី​ថ្ងៃ​ទី​១៨​ខែ​មករា ម្សិលមិញ​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​កាន់​សាលា​ឧទ្ធរណ៍​ជា​បន្ត ។ ចំពោះ​ក្រុមមេធាវី​គ្មាន​សង្ឃឹម​​ថា នឹង​ទទួល​បាន​ដំណោះ​ស្រាយ​ដែល​ឈាន​ទៅ​ដល់​ការ​ដោះលែង​លោក កឹម សុខា បាន​នៅ​ក្រៅ​ឃុំ​នោះ​ទេ។

លោកកឹម សុខា ​
លោកកឹម សុខា ​ @Kem Sokha Facebook
ផ្សាយពាណិជ្ជកម្ម

គ្មាន​សង្ឃឹម​ក៏​ព្រោះ​តែ​រឿង​ក្ដី លោក កឹម សុខា ជា​សំណុំ​រឿង​នយោបាយ​ដែល​ចាំ​បាច់​ត្រូវ​តែ​យក​រឿង​នយោបាយ​មក​ដោះស្រាយ​ទើប​អាច​មាន​សង្ឃឹម​ឈាន​ដល់​ការ​ដោះ​លែង​​លោក កឹម សុខា បាន​នៅ​ក្រៅ​ឃុំ។ នេះ​គឺជា​ការ​អះអាង​របស់​លោក ហែម សុជាតិ ជា​មេធាវី​ម្នាក់​ក្នុង​ចំណោម​មេធាវី​ការពារ​ក្ដី​លោក កឹម សុខា ឯទៀត។ លោក ហែម សុជា​តិ អះអាង​ទៀត​ថា ត្បិត​តែ​គ្មាន​សង្ឃឹម នឹង​ទទួល​បាន​ដំណោះស្រាយ តែ​អ្វីដែល​ក្រុម​មេ​ធាវី​កំពុង​ធ្វើ​គឺ​បំពេញ​ទៅ​តាម​នីតិវិធី​តាម​ផ្លូវ​ច្បាប់​តែ​ប៉ុណ្ណោះ។

សូមបញ្ជាក់ថាពាក្យ​បណ្ដឹង​ដាក់​ទៅ​ឧទ្ធរណ៍​នេះ ធ្វើឡើង​បន្ទាប់​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ច្រានចោល​បំណង​សុំ​ឲ្យ​លោក កឹម សុខា បាន​នៅ​ក្រៅ​ឃុំ​ក្រោម​ហេតុផល​ថា ការ​ឃុំ​ខ្លួន​លោក កឹម សុខា អនុវត្ត​ទៅ​តាម​ច្បាប់។​ នេះ​មិន​មែន​ជា​រឿង​ថ្មី​ទេ​សម្រាប់​ក្រុម​មេធាវី ដែល​ត្រូវ​បាន​ស្ថាប័ន​អនុវត្ត​ច្បាប់​គ្រប់​ជាន់​ថ្នាក់​ច្រានចោល​ពាក្យ​បណ្ដឹងនានា​ពាក់ព័ន្ធ​នឹង​លោក កឹម សុខា នោះ។ គេ​នៅ​ចាំ​បាន​ថា ពាក្យ​បណ្ដឹង​សុំ​ឲ្យ​តុលា​ការ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ពី​ទោសក្បត់ជាតិ​ ត្រូវ​បាន​តុលាការ​ច្រានចោល​ជាបន្ត​បន្ទាប់​រួច​ហើយ​ដែរ។

បើតាម​មេធាវី ស្ថានភាព​សុខភាព​លោក កឹម សុខា ជួប​បញ្ហា​ខ្លះ​ស្រប​ពេល​ដែល​សេរី​ភាព​​​ខាង​ក្រៅ​ពន្ធនាគារ​វិញ លោក កឹម សុខា រង​ការ​ឃ្លាំមើល​គ្រប់​ជំហាន។ គួរមរម្លឹកថា លោក កឹម សុខា ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​កាល​ពី ខែកញ្ញាឆ្នាំ​២០១៧​ដោយ​ចោទ​ប្រកាន់​ពី​បទ​ល្មើស​ក្បត់​ជាតិ ដែល​អាច​ប្រឈម​មុខ​នឹង​ការ​ជាប់ពន្ធនាគារ​ពី​១៥​ទៅ​៣០​ឆ្នាំ។ លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចូល​ទៅ​ចាប់​ខ្លួន​នៅរំលង​អធ្រាត្រ​បន្ទាប់​ពី​មាន​ការ​បែក​ធ្លាយ​វិដេអូ​មួយ​ដែល​រដ្ឋាភិបាល​យល់​ថា លោកទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ពី​សហរដ្ឋអាមេរិក​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន ។ ជុំវិញ​សំណុំ​រឿង​លោក កឹម សុខា នេះទើបឈានដល់​ការ​រំលាយគណបក្ស​សង្គ្រោះជាតិ ហើយជាមូលហេតុ​នាំឲ្យ​មាន​ការ​មើល​មុខ​គ្នា​មិន​ត្រង់​រវាង​រដ្ឋាភិបាល និង​សហគមន៍​អន្តរ​ជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ