អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក សម រង្ស៊ី ងឿង​ឆ្ងល់​ដែល​ជប៉ុន​បន្ត​ផ្តល់​ជំនួយ​ដល់​គ.ជ.ប

លោក សម រង្ស៊ី នៅ​ថ្ងៃ​អាទិត្យ​នេះ បាន​សំដែង​ការ​ងឿង​ឆ្ងល់​ចំពោះ​ប្រទេស​ជប៉ុន ថា​ហេតុ​អ្វី​បាន​ជា​ប្រទេស​មួយ​នេះ នៅ​តែ​បន្ត​ផ្តល់​ជំនួយ​បច្ចេកទេស​ដល់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​នៅ​កម្ពុជា។ ចម្ងល់​របស់​អតីត​ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ គឺ​ក្រោយ​ពី​ទី​ប្រឹក្សានាយករដ្ឋមន្រ្ដី​ជប៉ុន បាន​ចោទ​សួរ​ត្រង់ៗ​នៅ​ចំពោះ​មុខ​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា អំពីលទ្ធភាព​នៃការ​ចរចា ឬ​កិច្ច​សន្ទនា​ផ្នែក​នយោបាយ​ជាមួយអតីត​គណបក្ស​សង្រ្គោះជាតិ។

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នឹងចុះហត្ថលេខាជាមួយនាយករដ្ឋមន្ត្រីជប៉ុន
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នឹងចុះហត្ថលេខាជាមួយនាយករដ្ឋមន្ត្រីជប៉ុន @ google
ផ្សាយពាណិជ្ជកម្ម

ចម្ងល់​របស់​លោក សម រង្ស៊ី ពី​រឿង​ដែល​ជប៉ុន​នៅ​តែ​បន្ត​ផ្តល់​ជំនួយ​បច្ចេកទេស​ដល់​គ.ជ.បនេះ ត្រូវ​បាន​អតីត​ប្រធាន​គណបក្ស​សង្រ្គោះជាតិ​រូប​នេះ លើក​ឡើង​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក ដោយ​ភ្ជាប់នឹង​ការចុះផ្សារ​របស់​កាសែត​ជប៉ុន​មួយ​ឈ្មោះ ASAHI SHIMBUN ថ្ងៃ ២៤ មីនា ២០១៨ នេះ។ គឺ​ជា​ការ​ចុះផ្សាយ​លិខិត​របស់ លោក សម រង្ស៊ី មួយ​ច្បាប់ ដែល​មាន​ចំណងជើង​ថា "ប្រទេស​ជប៉ុន​អាច​ជួយ​ស្តារ លទ្ធិ​ប្រជាធិប​តេយ្យ នៅ​កម្ពុជា"។

លោក សម រង្ស៊ី បាន​កត់​សម្គាល់​ចំណុច​សំខាន់​ជាង​គេ​នៅ​ក្នុង​អត្ថបទ​នោះ​ថា "បន្ទាប់​ពី រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​រំលាយ​គណបក្ស​សង្គ្រោះជាតិ​រួច​មក អ្នក​ប្រជា​ធិប​តេយ្យ​ទូទាំងពិភព​លោក យល់​ឃើញ​ថា ការ​បោះ​ឆ្នោត​មួយ ដែល​មិន​មាន​ការ​ចូល​រួម​ពី​គណបក្ស​ប្រឆាំង​តែមួយ​គត់ ដែល​អាច​មាន​ប្រៀប លើ​គណបក្ស​កាន់​អំណាច​សព្វ​ថ្ងៃ គឺជា​ការ​បោះឆ្នោត​មួយ ដែល​គ្មាន​ន័យ​អ្វី​ក្រៅ​ពី​ផ្តល់​ភាព​ស្រប​ច្បាប់​ឲ្យ​ទៅ​របប​ផ្តាច់​ការ​សព្វ​ថ្ងៃ"។

លើស​ពី​នេះ​ទៀត លោក សម រង្ស៊ី ដែល​កំពុង​រុំព័ទ្ធ​ដោយ​បណ្តឹង​របស់​រដ្ឋាភិបាល​ជុំវិញ​ខ្លួននោះ បាន​លើក​ជា​ចម្ងល់ ពី​ដំណឹង​ដែល​ថា ប្រទេស​ជប៉ុន នឹង​ផ្តល់​ជំនួយ​បច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បី​ទ្រទ្រង់​ការ​បោះ​ឆ្នោត ថ្ងៃ ២៩ កក្កដា ឆ្នាំ ២០១៨នេះ។ គឺ​ជា​ការ​បោះ​ឆ្នោត​ដែល លោក សម រង្ស៊ី ថា​មាន​គេ​ទិតៀន​គ្រប់​ទិស​ទី ហើយ​នាំ​ឲ្យ​លោក​មាន​ការ​ងឿង​ឆ្ងល់​ពី​មូលហេតុ "ដែល​នាំ​ឲ្យ​ផ្តល់​ជំនួយ​បច្ចេកទេស និង​ហិរញ្ញវត្ថុ ដើម្បី​គ្រាន់​តែ​លម្អ​ពី​ខាង​ក្រៅ ការ​បោះឆ្នោត​មួយ ដែល​ស្អុយ​រលួយ​ពី​ខាងក្នុង"។

សូម​ជម្រាប​ដែរ​ថា ទី​ប្រឹក្សា​នាយករដ្ឋមន្រ្ដី​ជប៉ុន កាល​ពី​ថ្ងៃ​សុក្រ បាន​ចោទ​សួរ​ត្រង់ៗ​នៅ​ចំពោះ​មុខ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា អំពី​លទ្ធភាព​នៃការ​ចរចា ឬ​កិច្ច​សន្ទនា​ផ្នែក​នយោ​បាយ​​ជាមួយ​អតីត​គណបក្ស​សង្រ្គោះជាតិ។ ប៉ុន្តែ​ជា​ការ​ឆ្លើយ​តប​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​លើក​ឡើងថា លោក​បរាជ័យ​ម្តង​ហើយ​ម្ដង​ទៀត ក្នុង​ការ​ប្រើ​ប្រាស់​វប្បធម៌សន្ទនា​ជាមួយ​លោក សម រង្ស៊ី។ យ៉ាង​ណា​ក៏​ដោយ អ្នកវិភាគ​នៅ​តែ​មាន​សុទិដ្ឋិ​និយមថា​ ប្រទេស​ជប៉ុន អាច​​មាន​តួនាទី​សំខាន់​ក្នុង​ការរក​ដំណោះស្រាយ​បញ្ហា​នយោបាយ​នៅ​កម្ពុជា ខណៈ​ជប៉ុន​មិន​បាន​ដក​ជំនួយ​ពី គ.ជ.ប ដូច​បណ្ដា​ប្រទេស​នានា​នោះទេ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ