rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា ច្បាប់

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

​អង្គ​ការ Human Rights Watch ស្នើ​រដ្ឋា​ភិបាល​បរទេស​គាប​សង្កត់​កម្ពុជា​ឱ្យ​បញ្ឈប់​ចាប់​ខ្លួន​សកម្ម​ជន​អតីត CNRP​

media
អង្គការHuman Rights Watchស្នើរដ្ឋាភិបាលបរទេសគាបសង្កត់កម្ពុជាឱ្យបញ្ឈប់ចាប់ខ្លួនសកម្មជនអតីតCNRP @សហការី

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ(Human Rights Watch)បាន​លើក​ឡើង​ថា​រដ្ឋា​ភិបាល​កម្ពុជា​គួរ​តែ​បញ្ឈប់​ការ​ចាប់​ខ្លួន និង ឃុំ​ខ្លួន​សមាជិក​អតីត​គណ​បក្ស​សង្រ្គោះ​ជាតិ និង សកម្ម​ជន​សិទ្ធិ​មនុស្ស​ដែល​បាន​អនុវត្ត​សិទ្ធិ​ជា​មូល​ដ្ឋាន​របស់​ពួក​គេ​។ អង្គ​ការ Human Rights Watch បាន​លើក​ឡើង​ដូច្នេះ​កាល​ពីថ្ងៃទី២០ តុលា​។ អង្គ​ការ​នេះ​ក៏​ចង់​ឱ្យ​រដ្ឋា​ភិបាល​បរទេស​ធ្វើ​ការ​គាប​សង្កត់​លើ​រដ្ឋា​ភិបាល​កម្ពុជា ដើម្បី​ឱ្យ​បញ្ឈប់​បញ្ហា​ចាប់ និង​ឃុំ​ខ្លួន​នេះ​។​ ប៉ុន្តែ ក្រសួង​យុត្តិ​ធម៌​កម្ពុជា​បាន​ចាត់​ទុក​ការ​អំពាវ​នាវ​របស់​អង្គការHuman Rights Watch​នេះ ថាស្មើ​នឹង​អំពាវ​នាវ​ឱ្យ​កម្ពុជា​ឈប់​អនុវត្ត​ច្បាប់​លើ​អ្នក​ដែល​ធ្វើ​ខុស​ច្បាប់​។ 


លោក Phil Robertson នាយក​អង្គ​ការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ(Human Rights Watch)ប្រចាំ​តំបន់​អាស៊ី​បាន​អះអាង​ថា ការ​ចាប់​ខ្លួន​មនុស្ស​ជា​ច្រើន​នាក់​របស់​អាជ្ញាធរ​កម្ពុជា​ក្នុង​រយៈ​ពេល​៣ខែ​នេះ គឺ​ធ្វើ​ឡើង​ក្រោម​ហេតុ​ផល​នយោ​បាយ ហើយ​ទង្វើ​នេះ​បាន​បង្ហាញ​ថា រដ្ឋា​ភិបាល​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន មិន​មាន​ចេតនា​ក្នុង​ការ​ដក​ការ​បង្ក្រាប​ដោយ​ធ្ងន់​ដៃ​ដែល​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​មាន​រូប​ភាព​អាក្រក់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ទេ​។ ហេតុ​ដូច្នេះ​ហើយ លោក​គូស​បញ្ជាក់​ថា រដ្ឋា​ភិបាល​បរទេស និង​ម្ចាស់​ជំនួយ​គួរ​អំពាវ​នាវ​ឱ្យ​ខ្លាំងៗ ឱ្យ​បញ្ឈប់​នូវ​រលក​នៃ​ការ​ចាប់​ខ្លួន​នេះ និង គាប​សង្កត់​រដ្ឋា​ភិបាល​កម្ពុជា​ឱ្យ​ដោះ​លែង​ជា​បន្ទាន់ និង ឥត​លក្ខ​ខណ្ឌ​លើ​អ្នក​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​ខុស​ច្បាប់​ដែល​គ្រាន់​តែ​ធ្វើ​ការ​រិះ​គន់​រដ្ឋា​ភិបាល​។

លោក​គឹម សន្តិភាព អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិ​ធម៌​កម្ពុជា​បាន​ចាត់​ទុក​ការ​អំពាវ​នាវ​របស់​អង្គការ Human Rights Watchនេះ ថា​ជា​ការ​ចង់​ឱ្យ​កម្ពុជា​ឈប់​អនុវត្ត​ច្បាប់​របស់​ខ្លួន​ដែល​ជា​ប្រទេស​អធិបតេយ្យ​មួយ​។ លោក​សង្កត់​ធ្ងន់​ថា ការ​ចង់​បាន​របស់​អង្គការHuman Rights Watchនេះ ស្មើ​នឹង​ចង់​រុញ​កម្ពុជា​ឱ្យ​ដើរ​ខុស​ផ្លូវ​នីតិរដ្ឋ​។សម្រាប់​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​រូប​នេះ កម្ពុជា​អនុវត្ត​ច្បាប់​តែ​ទៅ​លើ​អ្នក​ដែល​ប្រព្រឹត្ត​ខុស​ច្បាប់​តែ​ប៉ុណ្ណោះ ហើយ​ការ​អនុវត្ត​ច្បាប់​នេះ​សោត​ទៀត មិន​ជាប់​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ​ឡើយ ព្រោះ​ថា នៅ​កម្ពុជា​គ្មាន​ទេ​បទ​ល្មើស​នយោបាយ គឺ​មាន​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​។

ក៏​ប៉ុន្តែ អង្គ​ការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ(Human Rights Watch) យល់​ឃើញ​ថា ការ​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​លើ​សមា​ជិក​អតីត​បក្ស​ប្រឆាំង​ទាំង​នេះ ជា​រឿង​មិន​ត្រឹម​ត្រូវ​។ មិន​ត្រឹម​ត្រូវ ព្រោះ​អង្គ​ការ Human Rights Watch បាន​ចាត់​ទុក​ថា​ ពួក​គេ​គ្រាន់​តែ​ហ៊ាន​និយាយ​រិះ​គន់​រដ្ឋា​ភិបាល​កម្ពុជា ដែល​នេះ គឺ ជា​ការ​អនុវត្ត​សិទ្ធិ​ជា​មូល​ដ្ឋាន​របស់​ពួក​គេ​។

សូម​បញ្ជាក់​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ អាជ្ញា​ធរ និង តុលា​ការ​កម្ពុជា បាន​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​សមាជិក​ និង សកម្មជន​អតីត​បក្ស​ប្រឆាំង​ជា​ច្រើន​នាក់​ជា​បន្ត​បន្ទាប់​ពី​បទ «រួម​គំនិត​ក្បត់»ជា​មួយ​លោក​សម រង្ស៊ី​។ ការ​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​នេះ​កើត​ឡើង​ស្ទើរ​តែ​ជា​រៀង​រាល់​ថ្ងៃ​ទៅ​ហើយ​។ បើ​ទោះ​ជា​បែប​នេះ​ក្តី លោក​គឹម សន្តិភាព បាន​គូស​បញ្ជាក់​ថា ការ​ចាប់​ខ្លួន និង ចោទ​ប្រកាន់​របស់​អាជ្ញាធរ និង​តុលាការ​កម្ពុជា​នៅ​តែ​បន្ត​ធ្វើ ព្រោះ​លោក​សង្កត់​ធ្ងន់​ថា គ្មាន​ថ្ងៃ​ណា​មួយ​ដែល​អាជ្ញាធរ​កម្ពុជា​ត្រូវ​ឈប់​អនុវត្ត​ច្បាប់​លើ​ជន​ណា​ដែល​ប្រព្រឹត្ត​ខុស​ច្បាប់​នោះ​ឡើយ​៕