អានតួអត្ថបទ
កម្ពុជា-សង្គម

​ភាព​មិន​ច្បាស់​លាស់​នៃ EBA​៖ GMAC សុំ​ផ្អាក​ការ​ចរចា​លើ​អនុ​សញ្ញា​រួម​ថ្នាក់​វិស័យ​ជា​លើក​ទី២​

ភាព​មិន​ច្បាស់​លាស់​នៃ EBA បាន​ធ្វើ​ឲ្យ​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា (GMAC) បាន​សម្រេច​ផ្អាក​ការ​ចរចា​លើ​អនុ​សញ្ញា​រួម​ថ្នាក់​វិស័យ (TUS-CBA) ជា​លើក​ទី០២។ ការ​ចរចា​លើ​អនុ​សញ្ញា​រួម​ថ្នាក់​វិស័យ គឺ​ជា​ការ​ចរចា​មួយ​ដើម្បី​ស្វែង​រក​លទ្ធ​ភាព​ផ្តល់​ប្រាក់​ឈ្នួល​សមរម្យ​បន្ថែម​សម្រាប់​ក្រុម​កម្មករ​រោង​ចក្រ​កាត់​ដេរ ក្រៅ​ពី​ការ​ចរចា​ក្នុង​យន្ត​ការ​ត្រី​ភាគី​ដែល​ផ្តួច​ផ្តើម​ឡើង​ដោយ​រដ្ឋា​ភិបាល​។ ទោះ​ជា​យ៉ាង​នេះ​ក្តី លោក ខេន លូ អគ្គ​លេខា​ធិការ​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​បញ្ជាក់​ថា GMAC នៅ​រក្សា​ជំហរ​ការ​ចរចា​ប្រាក់​ឈ្នួល​ក្នុង​យន្ត​ការ​ត្រី​ភាគី​ដដែល​។

កម្មការនីកាត់ដេរ (រូបភាពតំណាង)
កម្មការនីកាត់ដេរ (រូបភាពតំណាង) @សហការី
ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​លិខិត​ចុះថ្ងៃទី ១៥ កក្កដា លោក ខេន លូ អគ្គ​លេខា​ធិការ​សមាគម​រោង​ចក្រ​កាត់​ដេរនៅ​កម្ពុជា (GMAC) បាន​ពន្យល់​ថា «ភាព​មិន​ច្បាស់​លាស់​នៃ​ការ​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ (EBA) ពី​សហភាព​អឺរ៉ុប មាន​ន័យ​ថា យើង​មិន​ស្ថិត​នៅ​ក្នុង​ជំហរ​ណា​មួយ ដែល​ត្រូវ​ធ្វើ​ការ​ចរចា​សំខាន់ៗ​ណា​មួយ ដែល​នឹង​ប៉ះ​ពាល់​ដល់​ឧស្សាហ​កម្ម​កាត់​ដេរ​នេះ​ឡើយ»។ លោក​បន្ត​ថា «យើង​ទន្ទឹង​រង​ចាំ​ចូល​រួម​ការ​ចរចា​លើ​អនុ​សញ្ញា​រួម​ថ្នាក់​វិស័យ​នេះ​ឡើង​វិញ នៅ​ពេល​យើង​មាន​ភាព​ច្បាស់​លាស់​អំពី​បញ្ហា EBA»។

គួរ​ជំរាប​ជូន​ថា សហភាព​អឺរ៉ុប EU កាល​ពី​ខែ​កុម្ភៈ ឆ្នាំ២០១៩ កន្លង​ទៅ​នេះ បាន​ប្រកាស​ពី​ការ​ចាប់​ផ្តើម​ដំណើរ​ការ​នីតិ​វិធី​ផ្លូវ​ការ​របស់​ខ្លួន ដើម្បី​សម្រេច ថា​តើ ត្រូវ​ដក​ឬ​បន្ត កិច្ច​ព្រម​ព្រៀង អនុ​គ្រោះ​ពន្ធ EBA ឬ​អ្វីៗ​ទាំង​អស់​លើក​លែង​តែ​អាវុធ ពី​ប្រទេស​កម្ពុជា ដោយ​សារ​តែ​ការ​ធ្លាក់​ចុះ​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជា​ធិប​តេយ្យ​នៅ​កម្ពុជា​។ កម្ពុជា​ដែល​អាច​នឹង​ខាត​បង់​ទឹក​ប្រាក់​ប្រមាណ​ពី៥០០​ទៅ​ជាង​៦០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ប្រសិន​បើ​សហ​ភាព​អឺរ៉ុប​សម្រេច​ព្យួរ ឬដក ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ (EBA) នេះ​។

គួរ​ជំរាប​ជូន​ដែរ​ថា ការ​ចរចា​លើ​អនុ​សញ្ញា​រួម​ថ្នាក់​វិស័យ (TUS-CBA) គឺ​ជា​ការ​ចរចា​ដើម្បី​ស្វែង​រក​លទ្ធ​ភាព​ក្នុង​ការ​ផ្តល់​ប្រាក់​ឈ្នួល​សមរម្យ​បន្ថែម​សម្រាប់​ក្រុម​កម្មករ​រោង​ចក្រ ក្នុង​វិស័យ​វាយន​ភណ្ឌ ក្រៅ​ពី​យន្ត​ការ​នៃ​ការ​ចរចារ​តម្លើង​ប្រាក់​ឈ្នួល​អប្បបរមា​ត្រី​ភាគី ដែល​ជា​យន្ត​ការ​មួយ​ផ្តួច​ផ្តើម​ឡើង​ដោយ​រដ្ឋា​ភិបាល​កម្ពុជា​។ ការ​ចរចា​លើ​អនុ​សញ្ញា​រួម​ថ្នាក់​វិស័យ (TUS-CBA) ត្រូវ​បាន​គាំទ្រ​ដោយ​អង្គការ​អន្តរ​ជាតិ​ខាង​ការងារ (ILO) និង​ពី​អ្នក​បញ្ជា​ទិញ​។ ហើយ​នេះ គឺ​ជា​លើក​ទី០២​ហើយ ដែល​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា (GMAC) បាន​ស្នើ​សុំ​ផ្អាក​ការ​ចរចា​នេះ​ម្តង​រួច​មក​ហើយ កាល​ពី​ខែ​មីនា​កន្លង​ទៅ។ យ៉ាង​ណា​ក៏​ដោយ តាម​រយៈ​លិខិត​ចុះ​ថ្ងៃទី ១៥ កក្កដា លោក ខេន លូ អគ្គ​លេខា​ធិការ​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា (GMAC) បាន​បញ្ជាក់​ថា សមាគម​នៅ​តែ​បន្ត​សហការ​ជាមួយ​អ្នក​ពាក់​ព័ន្ធ​ទាំង​អស់ ដើម្បី​ពង្រឹង​សមត្ថភាព​ប្រកួត​ប្រជែង​របស់​វិស័យ​កាត់​ដេរ​សម្លៀក​បំពាក់​ស្បែង​ជើង និង​កាបូប​នៅ​កម្ពុជា​នេះ​។

ទោះ​ជា​ផ្អាក​ការ​ចរចា​លើ​អនុ​សញ្ញា​រួម​ថ្នាក់​វិស័យ (TUS-CBA)យ៉ាង​នេះ​ក្តី តែ​អគ្គ​លេខា​ធិការ​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា លោក ខេន លូ បាន​បញ្ជាក់​ថា GMAC នៅ​តែ​រក្សា​ជំហរ​ដដែល​ក្នុង​យន្ត​ការ​នៃ​ការ​ចរចា​លើ​ប្រាក់​ឈ្នួល​អប្បរ​មាត្រី​ភាគី ដែល​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​កម្ពុជា សម្រាប់​ឆ្នាំ​២០២០​ខាង​មុខ​។ យោង​តាម​លិខិត​ជូន​ដំណឹង​របស់​ក្រសួង​ការងារ យន្ត​ការ​ត្រី​ភាគី​នេះ នឹង​ចាប់​ផ្តើម​ពី​ខែ​កក្កដា​នេះ​តទៅ ដែល​ជា​ការ​ចាប់​ផ្តើម​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​ជា​លក្ខណៈ​ផ្ទៃ​ក្នុង​របស់​ភាគី​នីមួយៗ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ