rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា សេដ្ឋកិច្ច

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ប្រេង​ធ្លាក់​ថ្លៃ​បន្តិច​ក្រោយ​រដ្ឋាភិបាល​ចេញ​មុខ​អន្តរាគមន៍ បង់​ថ្លៃ​ក្នុង​រង្វង់ ៣០​លាន​ដុល្លារ

media
រូបភាព៖​តម្លៃ​ប្រេង​សាំង​នៅ​តាម​ស្ថានីយ​ប្រេង @ ក្រសួងពាណិជ្ជកម្ម

មួយ​សប្ដាហ៍​ក្រោយ​ការ​បញ្ជា​របស់​ប្រមុខ​រដ្ឋាភិបាល​ លោក ហ៊ុន សែន ឲ្យ​បណ្ដាស្ថានីយ​ប្រេង​ឥន្ធនៈ​បញ្ចុះ​ថ្លៃ​ប្រេង​មក គឺ​ចាប់​ពី​ថ្ងៃ​ទី​១​ដល់​ថ្ងៃ​ទី​៨​ខែ​កក្កដា​នេះ​ ប្រេងសាំង​ធម្មតា​ធ្លាក់​មក​នូវ តម្លៃ៣.៩៥០រៀល ខណៈ​ប្រេង​ម៉ាស៊ូត​មាន​តម្លៃ​៣.៧៥០រៀលក្នុង​១លីត្រ។ គួរ​រំឮក​ថា ពី​មុន​ប្រេង​សាំង​ធម្មតា​មាន​តម្លៃ​ជាង​៤០០០រៀល​ ដែល​តម្លៃ​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​ត្អូញត្អែរ​ថា​ថ្លៃ ទើប​ធ្វើ​ឲ្យ​រដ្ឋាភិបាល ​បង់​ថ្លៃ​ក្នុង​រង្វង់​ ៣០​លាន​ដុល្លារ ដើម្បី​បញ្ចុះ​ថ្លៃ​ប្រេង​នៅ​លើ​ទី​ផ្សារ។


អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម លោក ស៊ាន ថៃ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​អាទិត្យ​ទី​៨​ខែ​កក្កដា​នេះ​ថា ស្ថេរភាព​នៃ​តម្លៃ​ប្រេង​ធម្មតា​ដែល​មាន​តម្លៃ៣.៩៥០រៀល និង​ប្រេង​ម៉ាស៊ូត​មាន​ដែល​តម្លៃ៣.៧៥០រៀល​ក្នុង​១​លីត្រ​នេះ នឹង​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី​១​ដល់​ថ្ងៃ​ទី​១៥​ខែ​កក្កដា។ ហើយ​ចាប់​ពី​ថ្ងៃ​ទី​១៦​ដល់​ដំណាច់​ខែ​កក្កដា ក្រសួង​ពាណិជ្ជកម្ម​នឹង​បង្ហាញ​ពី​តម្លៃ​ប្រេងសាំង និង​ប្រេង​ម៉ាស៊ូត​ជា​ថ្មី។ ការ​កំណត់​តម្លៃ​ប្រេង​នេះ​ បើ​មាន​ការ​ប្រែប្រួល​យ៉ាង​ទៀតនោះ គឺ​អាស្រ័យ​ទៅ​លើ​តម្លៃ​ប្រេង​សាំង​នៅ​លើ​ទី​ផ្សារ​អន្តរជាតិ។ ជាទូ​ទៅ​កាល​កំណត់តម្លៃ​ធ្វើ​ឡើង​២​ដង​ក្នុង​១​ខែ។ នេះ​បើ​តាម​លោក ស៊ាន ថៃ ។

ទន្ទឹម​នឹង​ការ​អនុវត្ត​តម្លៃ​ប្រេង​ធម្មតា៣.៩៥០រៀល និង​ប្រេង​ម៉ាស៊ូត​៣.៧៥០រៀល​ក្នុង​១​លីត្រ​នេះ ក្រសួង​ពាណិជ្ជកម្ម​បាន​ទទួល​ស្គាល់​ថា ស្ថានីយ​ប្រេង​ឥន្ធនៈ​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​មិន​ទាន់​អនុវត្ត​តាម​នៅ​ឡើយ​ទេ ក្រោម​ហេតុផល​មិន​ទទួល​បាន​ព័ត៌មាន។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ ចំពោះ​ស្ថានីយ​ដែល​បាន​រក​ឃើញ​មាន​បញ្ហា​តម្លៃ​ប្រេង មន្ត្រី អគ្គ​នាយកដ្ឋាន​កាំកុង​ត្រូល​បាន​សម្រប​សម្រួល​និង​ណែនាំ​ដល់​ម្ចាស់​ស្ថានីយ​ទាំងនោះ ធ្វើ​ការ​កែ​ប្រែ​តម្លៃ​ប្រេង​ភ្លាមៗ​ទៅ​តាម​បទ​បញ្ជា​របស់​ប្រមុខ​រាជ​រដ្ឋាភិ​បាល។ ប្រមុខ​រដ្ឋាភិ​បាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ចុង​ខែ​មិថុនា បាន​ប្រកាស​ឲ្យក្រសួង​ពាណិជ្ជកម្ម និង​អាជ្ញាធរ​ពាក់​ព័ន្ធ ចូល​រួម​តាម​ដាន​ស្ថានីយ​ប្រេង​ឥន្ធនៈ​ពី​ការបញ្ចុះ​តម្លៃ​ប្រេង​១៦០​រៀល។

គួរ​បញ្ជាក់​ឡើង​វិញ​ថា នៅ​ក្នុង​ការ​រួម​ចំណែក​កាត់​បន្ថយ​តម្លៃ​ប្រេង​ រដ្ឋាភិបាល​ត្រូវ​បង់ថ្លៃ​ក្នុង​រង្វង់ ៣០​លាន​ដុល្លារ គឺ​ដើម្បី​ទម្លាក់​ថ្លៃ​ប្រេង​ក្នុង​មួយ​លីត្រ​២​សេន​ដុល្លារ​ ស្មើ​និង ៨០​រៀល។ ចំណែក​វិស័យ​ឯកជន​ត្រូវ​ចុះ​តម្លៃ ២សេន​ដូច​គ្នា ដើម្បី​ផ្តល់​នូវ​ផលប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ប្រេង​ឥន្ធនៈ។ ទោះ​ជា​បែប​ណា​ក៏ដោយ អ្នក​សេដ្ឋ​កិច្ច និង​អ្នក​តាម​ដាន​សង្គម​កម្ពុជា​យល់​ថា តម្លៃ​លក់​ប្រេង​ឥន្ទនៈ​នៅ​លើទី​ផ្សារ​កម្ពុជា​នៅ​តែ​មាន​តម្លៃ​ខ្ពស់​នៅ​ឡើយ ហើយ​ពួក​គេ​នៅ​តែ​ស្នើ​ឲ្យ​មាន​ការ​បញ្ចុះតម្លៃ ដើម្បី​ឲ្យ​ស្រប​ទៅ​នឹង​ការ​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ៕