rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា គណបក្ស​សង្គ្រោះជាតិ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

មន្ត្រី​​អតីត​​បក្ស​ប្រឆាំង​​បង្កើត​“​ចលនា​​សង្គ្រោះ​​ជាតិ​”​ តែ​​អ្នក​នាំពា​ក្យ​​បក្ស​​កាន់​អំណាច​​ហៅ​ថា​​ជា​​ទង្វើ​​ក្រៅ​ច្បាប់​

media
មន្ត្រីអតីតបក្សប្រឆាំងបង្កើត“ចលនាសង្គ្រោះជាតិដើម្បីធ្វើសកម្មភាពទាមទារឲ្យមានការដោះលែងលោកកឹម សុខា។ @Sam Rainsy Facebook Page

មន្ត្រីជាន់ខ្ពស់​អតីត​បក្ស​សង្គ្រោះ​ជាតិ​មួយចំនួន បានប្រកាស​បង្កើត“ចលនា​សង្គ្រោះ​ជាតិ”នៅក្រៅ​ប្រទេស ដើម្បី​ធ្វើ​សកម្មភាព​ទាមទារ​ឲ្យ​មានការ​ដោះលែង​លោក​កឹម សុខា។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​មួយ​ចុះ​ថ្ងៃទី១២ មករា ហើយ​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​សម រង្ស៊ី​នៅ​ថ្ងៃ​សៅរ៍​នេះ។ ចលនា​ថ្មី​នេះ ត្រូវបាន​លោក​សុខ ឥសាន អ្នកនាំពាក្យ​កាន់អំណាច ចាត់ទុកថា ជា​អង្គការ​ចាត់តាំង​ឧទ្ទាម​និយម​ក្រៅច្បាប់។


“ចលនា​សង្គ្រោះ​ជាតិ” នេះ ត្រូវបាន​ប្រកាស​បង្កើត​ឡើង​ដោយ​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន៩រូប រួមមាន​លោក​សម រង្ស៊ី លោកស្រី​ជូ​ឡុង សូ​មូរ៉ា លោក​អេង ឆៃអ៊ាង លោកស្រី​មូរ សុខ​ហួរ លោក​តុ វ៉ាន់​ចាន់ លោក​ទួន យក់​ដា លោក​ជា គឹម​លី លោក​អ៊ុង រិទ្ធី និង​លោក​គា រី។ ក្នុងនោះ លោកស្រី​ជូ​ឡុង សូ​មូរ៉ា លោក​អេង ឆៃអ៊ាង លោកស្រី​មូរ សុខ​ហួរ លោក​តុ វ៉ាន់​ចាន់ និង​លោក​ទួន យក់​ដា សុទ្ធតែ​ត្រូវបាន​តុលាការ​កំពូល​កម្ពុជា​កា​ត់​សិទ្ធិ​ធ្វើ​នយោបាយ​រយៈពេល៥ឆ្នាំ។ រីឯ​លោក​សម រង្ស៊ី ដែល​ធ្លាប់​ធ្វើជា​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​វិញ គឺ​កំពុងតែ​ហ៊ុមព័ទ្ធ​ដោយ​សាលក្រម​កាត់ទោស​ដា​ក់​ពន្ធនាគារ​ជាច្រើន​រាប់​សឹង​មិន​អស់ពី​សំណាក់​តុលាការ​ខ្មែរ។

តាម​សេចក្តីថ្លែងការណ៍ អតីតមន្ត្រី​បក្សប្រឆាំង​អះអាងថា ខ្លួន​បង្កើត​ចលនា​នេះ គឺ​ដោយសារតែ​ស្ថានភាព​នយោបាយ​ក្នុងប្រទេស​កម្ពុជា​បច្ចុប្បន្ន មិនអាច​ទទួលយកបាន ហើយ​ចលនា​នេះ​នឹង​ធានា​ឲ្យ​មានការ​ឯកភាព​នៃ​គ្រប់​អ្នកប្រជាធិបតេយ្យ​ទាំងអស់ ដើម្បី​ទាមទារ​ឲ្យ​មានការ​ដោះលែង​លោក​កឹម សុខា និង អ្នកទោស​ផ្សេងទៀត​ព្រមទាំង​ទាមទារ​ឲ្យ​មានការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​និង​មានការ​ចូលរួម​ពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។

លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុងតែ​ដឹកនាំ​រដ្ឋាភិបាល​បច្ចុប្បន្ន​បាន​ហៅ​ចលនា​ថ្មី​របស់​មន្ត្រី​អតីត​បក្សប្រឆាំង​នេះ​ថា ជា​អង្គការ​ចាត់តាំង​ឧទ្ទាម​និយម​ក្រៅច្បាប់។ អ្នកនាំពាក្យ​រូបនេះ បញ្ជាក់​ដោយ​សំដៅ​ទៅលើ​ក្រុម​អ្នកបង្កើត​ចលនា​នេះ​ថា ជន​ក្រៅច្បាប់​និង​ក្រុម​ជន​ក្រៅច្បាប់​បង្កើត​អង្គការ​ចាត់តាំង​មក ក៏​ជា​អង្គការ​ចាត់តាំង​ក្រៅច្បាប់​ដែរ ។ ដូច្នេះ​សម្រាប់​លោក​សុខ ឥសាន គឺ​ចលនា​នេះ នឹង​គ្មាន​ការគាំទ្រ​ពី​សំណាក់​ប្រជាជន​និង​មជ្ឈដ្ឋាន​ខាងក្រៅ​នោះឡើយ។

យ៉ាងណាក៏ដោយ អតីតមន្ដ្រី​គណបក្ស​សង្គ្រោះ​ជាតិ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​មក​ចូលរួម​ជាមួយ​ចលនា​សង្គ្រោះ​ជាតិ ដើម្បី​ការពារ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​តាមរយៈ​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង យុត្តិធម៌។ ប៉ុន្តែ​ចំពោះ​លោក​សុខ ឥសាន ដោយ​សំដៅ​ទៅលើ​លោក​សម រង្ស៊ី លោក​ថា ការបង្កើត​ចលនា​នេះ គឺ​គ្រាន់តែ​ជាការ​បំភាន់​មតិ​មហាជន​ឲ្យ​យល់ថា​ខ្លួន​នៅ​ខ្លាំង​ហើយ​មាន​ថាមពល​ដើម្បី​វិល​ត្រឡប់មក​ក្នុងប្រទេស​កម្ពុជា​វិញ​តែប៉ុណ្ណោះ។ បើតាម​លោក​សុខ ឥសាន ទង្វើ​នេះ គឺ​កាន់តែ​បន្ថែម​ទម្ងន់ទោស​ដាក់ខ្លួន​ថែមទៀត។ ជាមួយគ្នានេះ លោក​ក៏បាន​ព្រមាន​ថា រាជរដ្ឋាភិបាល​កម្ពុជា មានលទ្ធភាព​គ្រប់គ្រាន់​និង​ពេញសិទ្ធិ​ក្នុងការ​ចាត់វិធានការ​ចំពោះ​ចលនា​សង្គ្រោះ​ជាតិ​នេះ​ដែល​លោក​ហៅថា​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​នោះ៕