អានតួអត្ថបទ
កម្ពុជា-សង្គម

របាយការណ៍​បឋម៖ ទឹក​ប្រាក់​ជាង១​លានដុល្លារ​បាន​ខាតបង់ ដោយសារ​អគ្គិភ័យឆេះ សិប្បកម្ម​ផលិត​ពូក

របាយការណ៍​បឋម​បាន​បង្ហាញ​ឲ្យ​ដឹង​នៅ​ថ្ងៃសៅរ៍​នេះ​ថា ទំហំ​ខូចខាត​គិត​ជា​ទឹក​ប្រាក់​មាន​ចំនួន​ជាង​១លាន​ដុល្លារ ក្រោយ​អគ្គិភ័យ​ឆាបឆេះ សិប្បកម្ម​ផលិតពូក​ដ៏​ធំ​មួយ ស្ថិត​នៅ​សង្កាត់​បឹង​ទំពន់ ខណ្ឌមានជ័យ កាល​ពី​ម្សិល​មិញ។ ក្នុងនោះ អាជ្ញាធរ​ក៏​បាន​ធ្វើការ​សន្និដ្ឋាន​ជំហាន​ដំបូង​ថា មូល​ហេតុ​នៃ​ការ​ឆេះ​នេះ​គឺដោយ​សារ​ការ​ឆ្លង​ចរន្ត​អគ្គិសនី។

រូបភាព៖សាកសពអគារសិប្បកម្មផលិតពូក
រូបភាព៖សាកសពអគារសិប្បកម្មផលិតពូក @FN
ផ្សាយពាណិជ្ជកម្ម

ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​សៅរ៍​នេះ​ លោក ព្រំ យ៉ន អនុ​ប្រធាន​អង្គភាព​ពន្លត់​អគ្គិភ័យ​ក្រុងភ្នំពេញ​បាន​គូស​បញ្ជាក់​ថា រាល់​ផលិតផល​សម្រេច និង​មិន​ទាន់​សម្រេច បូករួម​នឹង​វត្ថុធាតុ​ដើម​ទាំង​ក្រណាត់ អេប៉ុង ជាដើម ត្រូវបាន​ឆាប​ឆេះ​ខ្ទេចខ្ទី ដែល​សរុប​ជា​ទឹក​ប្រាក់​បណ្ដោះអាសន្ន​ខាត​បង់​ប្រមាណជាង១លាន​ដុល្លារ​អាមេរិក។

សូម​ជម្រាប​ជូនថា អគ្គិភ័យ​បាន​ឆាប​ឆេះ​សិប្បកម្ម​ផលិត​ពូក​ដ៏​ធំ​នេះ តាំង​ពី​ម៉ោង​១​កន្លះ​រសៀល ហើយអាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់គ្រង​ស្ថានការណ៍​បាន​ទាំង​ស្រុង​នៅ​ម៉ោង១​រំលង​អាធ្រាត្រ ទម្រាំ​ភ្លើង​រលត់​ទាំង​ស្រុង។ បើតាម អាជ្ញាធរ ហេតុការណ៍​អគ្គិភ័យ​នេះ ជា​ករណីធំ​ប្រចាំ​ឆ្នាំ​២០១៩ ដែល​មិន​ធ្លាប់​មាន និង​មានភាព​ស្មុគស្មាញ​ក្នុង​ការ​ជួយ​សង្គ្រោះ បើ​ទោះ​ណា​ក្រុម​សង្គ្រោះ​បាន​បញ្ជូន​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើនគ្រឿង​ទៅ​កាន់​ទី​នោះ​ក៏​ដោយ។ នេះ​ក៏​ដោយ​សារ ស្ថានភាព​ផ្លូវ​ស្មុគ​ស្មាញ តូច​ចង្អៀត រថយន្ត​ពន្លត់​អគ្គិភ័យ​ពិបាក​រំកិល​ខ្លួន​ចូល​ទៅ​កៀក​ទី​តាំង​ដែល​ឆេះ។

តែ​ទោះ​ជា​បែប​នេះក្ដី អាជ្ញាធរ​បាន​បង្ហាញ​ភាព​ជោគជ័យ​នៅ​ក្នុង​ការ​សង្គ្រោះ​ផ្ទះ​វីឡា​របស់​ម្ចាស់​សិប្បកម្មផលិត​ពូក និង​ផ្ទះ​ពលរដ្ឋ​នៅ​ក្បែរ​នោះ​មិន​ឲ្យ​មាន​ការ​ឆេះរាល​ដាល​ទៅ​ដល់ រួម​នឹង​ការ​សង្គ្រោះ​អាយុ​ជីវិតមនុស្ស​នៅ​ក្នុង​សិប្បកម្ម​ទាំង​មូល​មិន​ឲ្យ​មាន​អ្នក​ណា​ស្លាប់ និង​របួស​ឡើយ។ នេះ​បើ​តាម​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង។

ចំណែក ការងារ​បន្ទាប់​អ្នក​ពាក់ព័ន្ធ​កំពុង​ផ្ដួល​រំលំ​អគារ​ដែល​មាន​កំពស់​ពី​៣​ទៅ​៤​ជាន់ ដែល​គ្រប​ដណ្ដប់​លើ​ទំហំ​ដី​២​ហិកតា នៅ​នឹង​កន្លែង​ដើម្បី​បញ្ចៀស​ផល​ប៉ះ​ពាល់​ដល់​ផ្ទះ​ពលរដ្ឋ​នៅ​ក្បែរ​នោះ។

ដោយឡែក ផលប៉ះ​ពាល់​ជា​រួម​ដែល​បណ្ដា​មក​ពី​ករណី​អគ្គិភ័យ​ក្នុង​ឆ្នាំ​២០១៩នេះ មាន​ចំនួន​៧៨​ករណីដោយ​បាន​សម្លាប់​មនុស្ស​៣នាក់ និង​របួស​១០​នាក់ ខណៈ​ខូច​ខាត​គិត​ជា​ទឹក​ប្រាក់​មាន​ចំនួន​ជាង​៥០លាន​ដុល្លារ​អាមេរិក។ ប្រឈម​នឹង​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ និង​ហេតុការណ៍​កើត​មាន​ជា​បន្ត​បន្ទាប់​យ៉ាង​ដូច្នេះ អាជ្ញាធរ​ស្នើ​ឲ្យ​ពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ហើយ​ជំរុញ​ឲ្យ​ម្ចាស់​អាជីវកម្ម​ធំៗ គួរ​គិត​គូរ​ការ​ជួយ​សង្គ្រោះបឋម​ដោយ​ខ្លួន​ឯង​មុន​ការ​មក​ដល់​របស់​ក្រុម​សង្គ្រោះ។ តែយ៉ាង​ណា​ក៏​ដោយ អ្នក​ឃ្លាំ​មើល​សង្គម​បាន​រិះគន់​ចំពោះ​បច្ចេកទេស​ក្នុង​ការ​សង្គ្រោះ អគ្គិភ័យ​របស់​រដ្ឋាភិបាល​ថា រត់​មិន​ទាន់​សភាពការណ៍​សង្គម៕

 

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ