rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កម្ពុជា ច្បាប់

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

មន្រ្តីជំនាញ៖ អគ្គិភ័យ​នៅ​ដើម​ឆ្នាំ​២០១៨​កើត​ឡើង​ច្រើន​ជាង​ឆ្នាំ​កន្លង​ទៅ

media
រូបថតៈ ​អគ្គិភ័យ​ដែល​បាន​ឆាប​ឆេះ​នៅ​ខណ្ឌ​សែន​សុខនៅ​ថ្ងៃ​ទី១៥​ខែ​មករា​ឆ្នាំ​២០១៧ @ប៉ូលីសជាតិ

យ៉ាងហោចណាស់​មាន​ក្មេង​ប្រុស​២នាក់​បាន​រង​របួស​ធ្ងន់​ដោយ​ការ​រលាក​ភ្លើង​ដែល​បណ្ដាមក​ពី​គ្រោះអគ្គិភ័យ​កើត​ឡើង នៅ​ភ្នំពេញ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ។ ករណីនេះ​ត្រូវបាន​មន្ត្រី​ជំនាញ​សន្និដ្ឋាន​ថា នៅ​ដើម​ឆ្នាំ​២០១៨នេះ គ្រោះអគ្គិភ័យ​មាន​ការ​កើនឡើង​ជាង​ដើម​ឆ្នាំ២០១៧ ខណៈ​ដែល​ឆ្នាំ២០១៧ អគ្គិភ័យ​កើត​ឡើង​ជាង​៥០០ករណីនិង​សម្លាប់​មនុស្ស​២២​នាក់។


លោក នេត វត្ថា ប្រធាន​នាយកដ្ឋាន​គ្រប់​គ្រង​អគ្គិភ័យ​នៃ​ក្រសួង​មហាផ្ទៃ​បាន​កត់​សម្គាល់​​ថា ទំហំ​អគ្គិភ័យ​កើត​ឡើង​នៅ​ខែ​មករា​ឆ្នាំ​២០១៨នេះ កើន​ឡើង​ច្រើន​បើ​ធៀប​នឹង​ដើម​ខែ​ដូច​គ្នា​ក្នុង​ឆ្នាំ២០១៧។ ជាក់​ស្ដែង​ក្នុង​រាជធានីភ្នំពេញ មួយ​ថ្ងៃ​យ៉ាងហោច​ណាស់​​ក៏​មាន​គ្រោះអគ្គិភ័យ​កើត​ឡើង​ជា​មធ្យម ២ឬ៣​ដងដែរ។ ក្នុងនោះ​នៅ​ថ្ងៃ​ទី១៥​ខែមករា អគ្គិភ័យ បាន​ឆាប​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ ចំនួន​១៥ខ្នង ដែល​ជា​ប្រភេទ​សំណង់​តូចៗ នា​ខណ្ឌ​សែន​សុខ។ នៅ​ក្នុង​ថ្ងៃ​ដដែល​នោះ​អគ្គិភ័យ​ក៏​បាន​ឆេះ​ផ្ទះ​ពលរដ្ឋ​នៅ​ជាន់​ទី៣ នា​ខណ្ឌ​ដូន​ពេញ បណ្តាល​ឲ្យ​ក្មេង២​នាក់​រងរបួស​ធ្ងន់​ត្រូវ​បាន​កម្លាំង​សន្តិសុខ​ខណ្ឌជួយ​សង្គ្រោះ​ចេញ​​ពី​ភ្លើង និង​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ។

លោក នេត​ វត្ថា ចាត់ទុកករណីអគ្គិភ័យបណ្ដាលឲ្យក្មេងប្រុស២នាក់របួសធ្ងន់នេះ គឺ​ជា​ករណីមួយកើតឡើងធ្ងន់ធ្ងរសម្រាប់ដើមឆ្នាំ២០១៨នេះ។​ កុំថាឡើយនៅភ្នំពេញ តាម​បណ្ដាលខេត្តក៏ដូចគ្នាដែរ ប៉ុន្តែកើតឡើងមិនសូវជាផ្ទូនៗ ដូចនៅ​ភ្នំពេញ​ពេក​នោះ​ទេ។ នេះបើតាមការបញ្ជាក់របស់លោក នេត វណ្ណថា ។

ដោយឡែក​ទាក់ទង​គ្រោះអគ្គិភ័យ​កើត​ឡើង​នៅ​ឆ្នាំ២០១៧​វិញ កើត​ឡើង​ជាង​៥០០​ករណី និង​បាន​សម្លាប់​មនុស្ស​២២​នាក់ ដែល​ចំនួន​មនុស្ស​ស្លាប់​នេះ​មាន​ការ​កើន​ឡើង ធៀប​​​នឹង​ឆ្នាំ២០១៦ អគ្គិភ័យ​សម្លាប់​មនុស្ស​ចំនួន​១៣នាក់។ ប៉ុន្តែផ្ទុយ​ទៅ​វិញ​ករណី​ឆេះ​នៅ​ក្នុង​ឆ្នាំ២០១៦​កើន​ឡើង តែ​ករណី​ឆេះ​ថយ​ចុះ​នៅ​ឆ្នាំ២០១៧។ ថយ​ចុះ​ក៏​ដោយ​សារ​តែ​ឥរិយាបថ​ពលរដ្ឋ​មាន​ការ​ផ្លាស់​ប្ដូរ​គឺ​ប្រុង​ប្រយ័ត្ន​ជាង​ពេល​មុន។

ពលរដ្ឋ​មាន​វិធានការណ៍​ទប់​ស្កាត់​ផ្ទាល់​ខ្លួន តាម​រយៈ​ការ​បំពាក់​ឧបករណ៍​ពន្លត់​អគ្គិភ័យ​ដោយ​ស្វ័យ​ប្រវត្តិ​ទុក​នៅ​ផ្ទះ។ ម្យ៉ាង​ទៀត​ក៏​ដោយ​សារ​តែ​ការ​អំណោយ​ផល​អាកាសធាតុ​មិន​ក្ដៅ​ខ្លាំង​នៅ​ក្នុង​ឆ្នាំ២០១៧។ ជាមួយគ្នានេះ​បញ្ហា​បណ្តាញ​អគ្គិសនី​ចាស់ៗ ស្ថានភាព​សំណង់​ដែល​គេ​អនុញ្ញាត​ឲ្យ​សង់ មិន​គោរព​តាម​បទដ្ឋាន​នគរូបនីយកម្ម គឺនៅ​ជា​បញ្ហា​ចំបង​នៅ​ឡើយ ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​អាយុជីវិត និង ខាតបង់​ទ្រព្យ​សម្បត្តិ នៅ​ពេល​ដែល​អគ្គិភ័យ​កើត​ឡើង​ម្តងៗ ហើយ​ពិបាក​នឹង​សង្គ្រោះ​ពី​ផ្នែក​ជំនាញ។

តែ​ទោះ​ជា​បែប​នេះក្ដី លោក នេត វត្ថា បន្ត​ស្នើ​ឲ្យ​ពលរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន​ដោយ ខ្លួន​ឯង​ឲ្យ​បាន​ខ្ពស់​ ព្រោះ​ថា បើ​កាល​ណា​មាន​ការ​ឆេះ​កើត​ឡើង​ហើយ ពលរដ្ឋ​នឹង​រង ការ​ ខូច​ខាត​គ្រប់​រូប​ភាព៕